រដ្ឋ សម្រេចពន្យារការអនុវត្តពន្ធលើចំណេញមូលធន២០ភាគរយ ដល់ដំណាច់ឆ្នាំ២០២៣
  • ថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
រដ្ឋ សម្រេចពន្យារការអនុវត្តពន្ធលើចំណេញមូលធន២០ភាគរយ ដល់ដំណាច់ឆ្នាំ២០២៣
អគ្គនាយកដ្ឋានពន្ធដារ

ភ្នំពេញ៖ ការអនុវត្តពន្ធលើចំណេញមូលធន២០ភាគរយ ពីវិស័យឯកជន ត្រូវបានរដ្ឋាភិបាលសម្រេចពន្យារ ពេលក្នុងរយៈពេល២ឆ្នាំបន្ថែមទៀត។ ការពន្យារពេលនេះ គឺធ្វើឡើងបន្ទាប់ពីការស្នើសុំ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅកាន់សម្តេច ហ៊ុន សែន។
TTN-Free-Banner-In-Article-PC
 
រដ្ឋាភិបាល សម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន ដល់ដំណាច់ឆ្នាំ២០២៣ តាមរយៈចំណារឯកភាព លើលិខិតស្នើសុំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បើយោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ (GDT) កាលពីថ្ងៃទី៩មីនា ឆ្នាំ២០២២ ការសម្រេចចិត្តពន្យារពេលអនុវត្តប្រភេទពន្ធនេះ គឺក្នុងគោលដៅចូលរួមអនុវត្ត «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣» របស់រដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគ និងជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ។
 
បើតាមអគ្គនាយកដ្ឋានពន្ធដារ រដ្ឋនឹងចាប់ផ្តើមយកពន្ធនេះ ចាប់ពីថ្ងៃទី១មេសា ឆ្នាំ២០២៤ តទៅ។ 
 
យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ចុះកាលពីថ្ងៃទី១មេសា ឆ្នាំ២០២០ ពន្ធលើចំណេញមូលធននេះ នឹងប្រមូលពីការលក់នៃអចលនទ្រព្យមួយចំនួន ដូចជាដី អគារ ភាគហ៊ុន អាជ្ញាបណ្ណ ប៉ាតង់ សញ្ញាបណ្ណបំណុល និងរូបិយបណ្ណ ក្នុងអត្រា២០ភាគរយ។
 
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានសាទរចំពោះការសម្រេចចិត្តពន្យារពេលអនុវត្តលើចំណេញមូលធននេះ របស់រដ្ឋាភិបាល ដើម្បីជួយស្តារនិងជំរុញសកម្មភាពសេដ្ឋកិច្ចដែលបានរងគ្រោះពីវិបត្តិសុខភាពសាធារណនៃការរាតត្បាតដោយជំងឺកូវីដ-១៩។
 
«ការពន្យារពេលអនុវត្តលើចំណេញមូលធននេះ គឺជាបច្ច័យមួយដ៏ល្អសម្រាប់វិនិយោគអ្នកមានលទ្ធភាពល្មមៗ ដើម្បីពង្រឹងសកម្មភាពរបស់ខ្លួនឬលក់ដោះអលនទ្រព្យរបស់ខ្លួនឱ្យបានកាន់តែច្រើន ក្នុងអំឡុងពេលដែលយើងត្រូវទប់ទល់ជាមួយនឹងកូវីដ-១៩»។ លោក សុខនីម និយាយប្រាប់សារព័ត៌មានថ្មីៗនាព្រឹកថ្ងៃទី១០មីនា យ៉ាងដូច្នេះ។ លោកបន្ថែមថា ការពន្យារអនុវត្តពន្ធនេះ ក៏ផ្តល់ឱកាសដល់វិនិយោគិនពីបរទេស ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យនេះឱ្យកាន់តែមានភាពងាយស្រួល ខណៈប្រទេសមួយចំនួននៅក្នុងតំបន់ ដូចជា ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងប្រទេសថៃ កំពុងអនុវត្តលើពន្ធប្រភេទនេះ។ 
 
ជាមួយគ្នានេះ ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិល បានបង្ហាញភាពវិជ្ជមាន ក្នុងការត្រៀមខ្លួនចូលរួមអនុវត្តពន្ធនេះជូនរដ្ឋាភិបាល។ លោកបាននិយាយដូច្នេះ៖« ពាក់ព័ន្ធនឹងបង់ពន្ធនេះ ពួកខ្ញុំដែលជាអ្នកជំនួញ តែងតែធ្វើប្រជាពលរដ្ឋល្អ ដើម្បីឱ្យរដ្ឋាភិបាល យកចំណូលពន្ធទាំងនោះ ទៅអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ»។
 
សូមជម្រាបថា ពន្ធលើចំណេញមូលធននេះ ត្រូវបានការកំណត់អនុវត្តនៅថ្ងៃទី១មករា ឆ្នាំ២០២១  ប៉ុន្តែដោយសារជំងឺកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានខ្លាំង មកលើសេដ្ឋកិច្ចនិងសង្គម ក៏រដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តពន្ធនេះ រហូតដល់ដំណាច់ឆ្នាំ២០២៣៕ 
 
 

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន