USAID ផ្តល់មូលនិធិ២៥លានដុល្លារ ដើម្បីពង្រឹងអំណាន និងការសិក្សារបស់សិស្សកម្រិតបឋមនៅកម្ពុជា
- ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ ម៉ោង ៦:៥៩ នាទី ល្ងាច

រូបថត៖ ហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា
ភ្នំពេញ៖ ក្រសួងអប់រំ និងទីភ្នាក់ងារជំនួយអាម៉េរិក USAID បានចាបផ្តើមអនុវត្តជាផ្លូវគារ គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា (IPEA) ដែលមានគោលដៅពង្រឹងអំណាន និងការសិក្សារបស់សិក្សានុសិស្ស នៅកម្រិតបឋមសិក្សានៅកម្ពុជា។ គាំទ្រមូលនិធិពី USAID ដែលមានទឹកប្រាក់ចំនួន២៥លានដុល្លា គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា (IPEA) នេះ នឹងធ្វើការរួមគ្នាជាមួយដៃគូពាក់ព័ន្ធ ក្នុងវិស័យអប់រំនៅទូទាំងប្រទេសកម្ពុជា ដើម្បីបង្កើនបំណិនអក្ខរកម្មមូលដ្ឋានរបស់កុមារ តាមរយៈកម្មវិធី «កុមាររៀនកុមារចេះ» របស់ក្រសួងអប់រំ យុវជន និងកីឡា។

គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា (IPEA) ដែលគាំទ្រមូលនិធិពីរដ្ឋាភិបាលអាម៉េរិក ដែលមានទឹកប្រាក់ចំនួន ២៥លានដុល្លា ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី២៣ ខែមីនា។ គម្រោងនេះ នឹងជួយបង្កើនបទពិសោធន៍អំណាន និងការសិក្សារបស់សិស្ស នៅកម្រិតបឋមសិក្សានៅកម្ពុជា។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា និងលោកស្រី Nancy J. Eslick នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយអាម៉េរិក USAID និងអ្នកពាក់ព័ន្ធជាច្រើនទៀត មានវត្តមាននៅក្នុងពិធីប្រកាសអនុវត្តកម្មវិធីនេះ។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ក្នុងពិធីប្រកាសអនុវត្តគម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា (IPEA)។ រូបថត៖ ហ្វេសប៊ុក USAID Cambodia
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិក បានគូសបញ្ជាក់ថា គម្រោង IPEA នឹងជួយបង្កើនដល់សមិទ្ធផលមុនៗ របស់ទីភ្នាក់ងារជំនួយអាម៉េរិកUSAID គាំទ្រលើអំណានកម្រិតថ្នាក់ដំបូង ដែលគេស្គាល់ថាជា «គម្រោងគាំទ្រអំណានភាសាខ្មែរកម្រិតថ្នាក់ដំបូង ។ គម្រោង នេះ នឹងធ្វើការរួមគ្នាជាមួយដៃគូពាក់ព័ន្ធក្នុងវិស័យអប់រំនៅទូទាំងប្រទេសកម្ពុជា ដើម្បីបង្កើនបំណិនអក្ខរកម្មមូលដ្ឋានរបស់កុមារ តាមរយៈកម្មវិធី កុមាររៀនកុមារចេះ នៃក្រសួងអប់រំ យុវជន និងកីឡា។
លោក ឯកអគ្គរដ្ឋទូត W. Patrick Murphy ដែលបានអញ្ជើញចូលក្នុងពិធីប្រកាសដំណើរការគម្រោងនេះ មានប្រសាសន៍ថា៖ «កុមារនៅថ្ងៃនេះ គឺជាអ្នកដឹកនាំនៅថ្ងៃអនាគត» ហើយយើងមានមោទកភាព ក្នុងការគាំទ្រដល់កុមារកម្ពុជា តាមរយៈឧបករណ៍សិក្សា ដែលនឹងជួយកុមារឱ្យពូកែឆ្នើមក្នុងពិភពលោក ដែលកាន់តែសម្បូរបែប និងមានប្រទាក់ក្រឡាគ្នាយ៉ាងស្មុគស្មាញនេះ»។
ឯកអគ្គរដ្ឋទូតអាម៉េរិក ជឿជាក់ថា កិច្ចសហការរបស់អាម៉េរិក លើកម្មវិធីកុមាររៀនកុមារចេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងទូលំទូលាយ ដល់សិស្សានុសិស្ស និងសម្រាប់វិស័យអប់រំកម្ពុជាទាំងមូល។
កម្មវិធីកុមាររៀនកុមារចេះ រួមមានកញ្ចប់អំណានភាសាខ្មែរ ដែលបានបង្កើតឡើងប្រកប ដោយសុខុដុមបនីយកម្ម ដោយ USAID សម្រាប់ប្រើប្រាស់នៅទូទាំងប្រទេស។ រហូតមកដល់បច្ចុប្បន្ននេះ គ្រូបង្រៀនប្រមាណ ៦ ៥០០នាក់ ទទួលបានការបណ្តុះបណ្តាល លើការប្រើប្រាស់សម្ភារអំណាន ថ្នាក់ទី១ និងទី២ រួមជាមួយនឹងមត្តេយ្យកម្រិតខ្ពស់ ដែលជាផ្នែកមួយនៃភាពជាដៃគូរវាង ក្រសួងអប់រំ USAID និងភាពជាដៃគូសកលសម្រាប់ការអប់រំ(GPE) ។ គ្រូបង្រៀនដែលបានទទួលការបណ្តុះបណ្តាល បានអនុវត្តកម្មវិធីអក្ខរកម្មភាសាខ្មែរ និងវិធីសាស្រ្តបង្រៀនថ្មី ក្រោមកិច្ចគាំទ្រពីគ្រូបង្វឹកអំណាន ដែលមានជំនាញក្នុងខេត្តចំនួន៨។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ មានគូសបញ្ជាក់ដោយសង្ឃឹមថា ក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត គម្រោងនឹងបន្តការជំរុញ និងលើកកម្ពស់ការសិក្សានៅកម្រិតថ្នាក់ដំបូង ឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងបន្តការសម្របសម្រួលនៅក្នុងវិស័យទាំងមូល ឱ្យរឹតតែមានប្រសិទ្ធភាព និងភាពស័ក្តសិទ្ធ តាមរយៈការពង្រឹងការអនុវត្តកម្មវិធីកុមាររៀនកុមារចេះនៅទូទាំងប្រទេស ជាមួយនឹងការអនុវត្តកម្មវិធីគាំទ្រថ្នាក់អប់រំបរិយាបន្នផងដែរ។

លោកW. Patrick Murphy ឯកអគ្គរដ្ឋទូត អាម៉េរិកប្រចាំកម្ពុជា នាពិធីប្រកាសអនុវត្តគម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា(IPEA)។ រូបថត៖ ហ្វេសប៊ុកក្រសួងអប់រំ
បន្ថែមពីសេចក្តីប្រកាសព័ត៌មាននេះ តាមរយៈហ្វេសប៊ុកក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណទីភា្នក់ងារជំនួយសហរដ្ឋអាម៉េរិក ដែលបានគាំទ្រទាំងថវិកា និងបច្ចេកទេស ដល់គម្រោងគាំទ្រភាសាខ្មែរថ្នាក់ដំបូង ទទួលបានលទ្ធផលល្អប្រសើរ។ ក្រសួងអប់រំ ផ្តល់អាទិភាពខ្ពស់បំផុតដល់ការលើកកម្ពស់សមត្ថភាពអាន របស់សិស្សានុសិស្ស ជាពិសេសនៅថ្នាក់ទី១ ទី២ និងទី៣ ដោយសហការជាមួយអង្គការដៃគូពាក់ព័ន្ធ ក្នុងការផលិតកញ្ចប់សម្ភារៈអំណានដំបូង រួមមានសៀវភៅណែនាំគ្រូ សៀវភៅជំនួយសិស្ស បណ្ណអក្សរ និងរូបភាព ដើម្បីជួយពង្រឹងសមត្ថភាពសិស្សក្នុងការចងចាំ ក៏ដូចជាវិធីសាស្រ្តក្នុងការបង្រៀន សៀវភៅហ្វឹកហាត់សរសេរ និងសៀវភៅរឿងខ្លីៗជាដើ។ លោករដ្ឋមន្ត្រីក្រសួងអប់រំបន្ថែមដូច្នេះ រួចបន្ថែមថា ការអានសៀវភៅទាំងនេះ ក៏ជួយពង្រឹងបន្ថែមទៀតដល់សិស្សបន្ទាប់ពីរៀនអក្សរផងដែរ។
ដោយមានការគាំទ្រពី USAID កម្មវិធីអំណាន បានជួយដល់សិស្សប្រមាណ ២០ម៉ឺននាក់ ឬប្រមាណ ៣២ភាគរយ នៃសិស្សសាលាបឋមសិក្សារដ្ឋទូទាំងប្រទេស។ លើសពីនេះទៀត ដៃគូពាក់ព័ន្ធក្នុងវិស័យអប់រំនៅកម្ពុជា បានចែកសម្ភារៈសិក្សាតាមផ្ទះ ដល់សិស្សានុសិស្ស និងមាតាបិតាសិស្សថ្នាក់ទី១ និងទី២ នៅទូទាំងប្រទេស ក្នុងអំឡុងពេលបិទសាលារៀនកាលពីឆ្នាំកន្លងទៅផងដែរ។
គម្រោង IPEA នឹងបង្កើនលើភាពជោគជ័យថ្មីៗនេះ តាមរយៈការពង្រីកការអនុវត្តទៅខេត្តថ្មីបន្ថែមទៀត ដោយសហការជាមួយក្រសួងអប់រំ និងដៃគូនានា ដើម្បីឈានទៅកាន់ការអនុវត្តទូទាំងប្រទេស។ ទន្ទឹមនឹងការសហការដោយផ្ទាល់ ជា មួយអង្គការដៃគូពាក់ព័ន្ធ ក្នុងការគាំទ្រដល់សាលាអប់រំពិសេស គម្រោង IPEA នឹងគាំទ្រដល់គ្រូបង្រៀនដែលកំពុងបង្រៀនកុមារគថ្លង់ ឬមានកម្សោយ ការស្តាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: