កម្ពុជា-ប៉ាគីស្ថាន ឯកភាពគ្នារៀបចំ MoU ជំរុញវិស័យទេសចរណ៍
- ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ ម៉ោង ៧:៥៩ នាទី ល្ងាច

ជំនួបរវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក Zaheeruddin Babar Thaheem អគ្គរដ្ឋទូតសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។
កម្ពុជា និងប៉ាគីស្ថាន បានឯកភាពគ្នាក្នុងការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU ) ស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នាពេលឆាប់ៗនេះ។ MoU នេះមានគោលដៅបង្កើនកិច្ច សហប្រតិបត្តិការលើវិស័យដ៏សំខាន់មួយនេះ និងជំរុញចលនាទេសចរទៅវិញទៅមករវាងប្រទេសទាំង២។

ការឯកភាពនេះ កើតឡើងនាជំនួបរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសប៉ាគីស្ថានប្រចាំកម្ពុជា កាលពីថ្ងៃទី៣០ មីនា។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា MoUនេះ គ្រោងចុះហត្ថលេខាជាផ្លូវការឆាប់ៗ។ លោករដ្ឋមន្ត្រីក៏ជំរុញ ឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំង២ផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ទេសចរផងដែរ ពិសេសជំរុញឱ្យមានវិនិយោគិនប៉ាគីស្ថាន មកវិនិយោគនៅកម្ពុជា ពិសេសលើវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឥស្លាមពីប្រទេសប៉ាគីស្ថាន និងប្រទេសដទៃទៀត។ «ក្រោមឆ័ត្រនៃអនុស្សរណៈនេះ ប្រទេសទាំង២នឹងបង្កើតឱ្យមានទស្សនកិច្ចទេសចរណ៍រវាងគ្នា និងគ្នា ទាំងវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីជំរុញចលនាទេសចរ រវាងប្រទេសទាំងពីរ ឱ្យកាន់តែមានកំណើនឈានឡើង»។ នេះជាការបញ្ជាក់របស់លោក ថោង ខុន។
ក្នុងជំនួបនេះ លោក Zaheeruddin ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសប៉ាគីស្ថាន ប្រចាំកម្ពុជា បានកោតសរសើរបន្ថែមទៀតពីនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានពង្រឹងភាពស៉ាំក្នុងសហគមន៍ រហូតឈានដល់ការបើកសេដ្ឋកិច្ច-សង្គម និងបើកប្រទេសទទួលទេសចរអន្តរជាតិឡើងវិញ។ លោកក៏បានលើកឡើងពីសក្ដានុពលទេសចរណ៍ដ៏ទាក់ទាញ និងសម្បូរបែបរបស់កម្ពុជា ដែលមានដូចជា សៀមរាបអង្គរ តំបន់ឆ្នេរ តំបន់អេកូទេសចរណ៍ផងដែរ មុននឹងបញ្ជាក់ពីការប្តេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ប៉ាគីស្ថាន លើវិស័យទេសចរណ៍ឱ្យកាន់រឹងមាំ និងរីកចម្រើនបន្ថែមទៀត នៅក្នុងអាណត្តិបេសកកម្មរបស់ខ្លួននៅកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: