
ការផ្សព្វផ្សាយតាមរយៈរូបភាព គឺជាកត្តាមួយយ៉ាងសំខាន់ នៃការប្រើប្រាស់បណ្ដាញសង្គមអ៊ីនធឺណិត ក្នុងខណៈពេលដែល បច្ចេកវិទ្យារូបភាពបាន និងកំពុងតែលូតលាស់យ៉ាងលឿន គួរឲ្យកត់សម្គាល់។ ការរក្សាទុក និងការចែកចាយរូបភាព អាចត្រូវបានគេធ្វើឡើង ដោយងាយស្រួលយ៉ាងខ្លាំង នាពេលសព្វថ្ងៃនេះ។ ប៉ុន្តែការផ្សារភ្ជាប់គ្នា រវាងរូបភាពទៅកាន់គំនិតជាក់លាក់ជាវិជ្ជមានណាមួយ មិនមានជារឿងងាយស្រួលប៉ុន្មាននោះឡើយ។ បើយើងអាចទាញកត្តាទាំងនេះ ឲ្យនៅក្បែរគ្នាបាន នោះទំនាក់ទំនងរវាងមនុស្ស នៅក្នុងពិភពលោក នឹងមានភាពស្និទ្ធស្នាលជាងមុន។ ដើម្បីសម្រេចគោលបំណងដែលបានរៀបរាប់ខាងលើនេះ កម្មវិធី ASEAN Youth Photo Competition ២០២២ ត្រូវបានគេបង្កើតឡើង ដើម្បីទាក់ទាញចំណីអារម្មណ៍យុវជនតំបន់អាស៊ាន ក្នុងការបង្កើនចំណេះដឹង និងការស្ដារទំនាក់ទំនងឆ្លងព្រំដែន រវាងគ្នានិងគ្នា។

ដើម្បីជ្រាបព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញអានបទសម្ភាសរវាងលោក គី ចំណា អ្នកសារព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (thmeythmey.com) ជាមួយលោក យ៉ង់ មុនីឧត្តម លោក ទន់ អច្ឆសម្បត្តិ និងកញ្ញា ពេជ្រ ស្រីល័ក្ខ ដែលជាសមាជិក នៃក្រុមគណៈកម្មការគ្រប់គ្រងកម្មវិធីដូចតទៅ៖
គី ចំណា៖ ហេតុអ្វីបានជាអ្នកទាំងអស់គ្នា ជ្រើសរើសវិស័យរូបភាពជាផ្នែកចម្បងមួយ នៃកម្មវិធីប្រកួតប្រជែងមួយនេះ? តើវិស័យរូបភាព ពិតជាមានអ្វីប្លែកមែនទេ បើប្រៀបធៀបទៅនឹងវិស័យសិល្បៈដទៃ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងអាស៊ាន?
អ្នកគ្រប់គ្រងកម្មវិធី៖ ប្រជាជនដែលមកពីប្រទេសផ្សេងៗគ្នានៅក្នុងតំបន់អាស៊ាន អាចនិយាយភាសាមិនដូចគ្នានោះទេ។ ប៉ុន្តែតាមរយៈវិស័យរូបភាព ពួកគេអាចនិយាយភាសាបច្ចេកទេសតែមួយបាន។ នេះហើយ គឺជាចំណុចចាំបាច់ក្នុងការផ្សារភ្ជាប់ និងយល់ពីគ្នាទៅវិញទៅមក។ ម្យ៉ាងវិញទៀត វិស័យរូបភាព ក៏ជាវិស័យមួយដែលមនុស្សភាគច្រើន ចាប់អារម្មណ៍ដែរ។ ដើម្បីថតរូបភាពមួយសន្លឹកឲ្យបានល្អនោះ វាទាមទារមិនមែនត្រឹមតែទេពកោសល្យពិសេសពីកំណើត ឬជំនាញតែមួយមុខនោះទេ។ ប្រធានបទ ទីតាំង និងពេលវេលា ក៏ជាចំណុចសំខាន់ៗ ក្នុងការបង្កើតរូបភាពមួយ ដែលអស្ចារ្យផងដែរ។ ពេលវេលាអាចកើតឡើងបានតែម្ដងទេ ប៉ុន្តែយើងអាចរក្សាពេលវេលានោះឲ្យនៅស្ងៀម ដើម្បីរំលឹកវាឡើងវិញ តាមរយៈការថតរូប។ ហេតុដូចនេះហើយ បានជាមនុស្សជាច្រើននិយាយថា វិស័យរូបភាព គឺជាវិស័យមួយដែលបង្ហាញអំពីរឿងរ៉ាវយ៉ាងច្រើន តាមរយៈកាមេរ៉ា និងភ្នែករបស់អ្នកថតរូប។ រឿងទាំងអស់នោះ ពេលខ្លះ មិនត្រូវធ្លាប់មានគេនិយាយជាទូទៅផងក៏ថាបាន។ រឿងទាំងនេះ អាចធ្វើឲ្យមនុស្សមកជួបជុំគ្នាដើម្បីពិភាក្សា ឬឆ្លុះបញ្ចាំង និងដើម្បីបង្កើតសកម្មភាពផ្លាស់ប្ដូរជាវិជ្ជមាន។ បើរូបភាពមិនបាត់ទៅណាទេ រឿងរ៉ាវហើយក៏ដូចជាពេលវេលាណាមួយនោះ នឹងត្រូវបានគេចងចាំជារៀងរហូត។ នៅក្នុងកម្មវិធីប្រកួតប្រជែងរបស់ពួកខ្ញុំ ពួកខ្ញុំមានសង្ឃឹមខ្ពស់ ទៅលើយុវជនរបស់អាស៊ាន ដែលមានការចាប់អារម្មណ៍ក្នុងការប្រាប់ពីរឿងរ៉ាវនានា នៅក្នុងតំបន់ ឬពិភពលោក តាមរយៈរូបភាពរបស់ពួកគេ នៅក្រោមប្រធានបទមួយ ដែលមានឈ្មោះថា «ការរួបរួមគ្នាដើម្បីផលប្រយោជន៍រួម» ។

គី ចំណា៖ សម្រាប់អ្នកខ្លះ ប្រធានបទនេះ អាចមានលក្ខណៈអរូបី និងពិបាកយល់ឲ្យបានស៊ីជម្រៅបន្តិចដែរ។ តើអ្នកគ្រប់គ្រងកម្មវិធី អាចជួយពន្យល់បន្ថែម ឬសម្រួលនិយមន័យនេះបន្តិចបានដែរឬទេ?
អ្នកគ្រប់គ្រងកម្មវិធី៖ ការរួបរួមគ្នា គឺជាតម្លៃស្នូលមួយ ដែលត្រូវបានគេគាំទ្រដោយអង្គការអាស៊ានតាំងពីឆ្នាំ ១៩៦៧មកម៉្លេះ។ តម្លៃស្នូលនេះ ត្រូវបានគេបង្កើតឡើងដើម្បីបង្ហាញអំពីសហប្រតិបត្តិការរបស់ប្រទេសជាសមាជិកទាំងដប់ មិនថាជាវិស័យនយោបាយ សេដ្ឋកិច្ច ឬសង្គមកិច្ចនោះទេ។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានគេរំពឹងថា វានឹងជួយឲ្យមានវប្បធម៌ចែករំលែក និងការរស់នៅមួយ ដែលពោរពេញទៅដោយសុភមង្គល សម្រាប់ប្រជាជនទាំងអស់នៅក្នុងតំបន់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងទាំងអស់គ្នា បានជួបប្រទះបញ្ហាជាច្រើន ដែលក្នុងនោះ មានដូចជាជំងឺរាតត្បាត កូវីដ-១៩ ការប្រកួតប្រជែងអំណាច និងការផ្លាស់ប្ដូរអាកាសធាតុជាដើម។ ប៉ុន្តែបើយើងមើលទៅផ្នែកម្ខាងទៀត តំបន់មួយនេះ ក៏ទទួលបានឱកាសក្នុងការអភិវឌ្ឍ ទៅកាន់វិស័យឧស្សាហកម្ម ៤.០ បដិវត្តន៍បៃតង និងការលើកតម្កើងសេដ្ឋកិច្ចទៅកាន់ផ្នែកផ្សេងៗទៀត នៃពិភពលោកដែរ។ ការអភិវឌ្ឍន៍ដែលបានរៀបរាប់ខាងលើនេះ មិនអាចធ្វើឡើងដោយប្រទេសតែមួយនោះទេ។ នៅក្នុងបែបបទនេះ ការរួបរួមគ្នានៅក្នុងអាស៊ាន កាន់តែមានភាពសំខាន់ឡើងៗ។ ប្រទេសនៅក្នុងអាស៊ាន ត្រូវតែឈរទន្ទឹមគ្នា ដើម្បីប្រឈមទៅនឹងបញ្ហាទាំងនេះ ដោយរក្សាផលចំណេញរួមតាមរយៈឱកាសថ្មីៗ។
គី ចំណា៖ សម្រាប់បេក្ខជន និងបេក្ខនារី ដែលមានបំណងចូលរួមកម្មវិធីប្រកួតប្រជែងមួយនេះ តើពួកគេគួរមានលក្ខខណ្ឌ ឬលក្ខណៈសម្បត្តិយ៉ាងដូចម្ដេចខ្លះ?
អ្នកគ្រប់គ្រងកម្មវិធី៖ លក្ខខណ្ឌក្នុងការចូលរួម មានភាពសាមញ្ញទេ។ អ្នកចូលរួម អាចជាប្រជាជនដែលរស់នៅក្នុងតំបន់អាស៊ាន ចន្លោះពីអាយុ ១៨ ទៅ ៣៥ ឆ្នាំ។ រូបភាពដែលធ្លាប់ទទួលបានពានរង្វាន់ហើយពីមុន នឹងមិនអាចយកមកប្រើប្រាស់ឡើងវិញនៅក្នុងកម្មវិធីនេះទៀតនោះទេ។ រូបភាពត្រូវតែជាកម្មសិទ្ធិរបស់អ្នកចូលរួមប្រកួត ហើយរូបភាពទាំងនោះ ក៏មិនចាំបាច់មានពេលវេលាថតច្បាស់លាស់នោះដែរ។ រូបភាព អាចជាប្រភេទ JPG ឬ JPEG ហើយភាពច្បាស់របស់រូបភាព គួរស្ថិតនៅក្នុងចន្លោះ ១៥០ ទៅ ៣០០ DPI ។ រូបភាព អាចមានទំហំចាប់ពី ៣ ទៅ ៥ Mb ។ រូបភាពដែលត្រូវបានគណៈកម្មការជ្រើសរើសបន្ត អាចមានទំហំធំជាងនេះបាន។ ការកាត់តម្រឹម ឬបន្ថែមបន្ថយពណ៌តិចតួច មិនត្រូវបានចាត់ទុកជាបញ្ហាឡើយ។ រូបភាពមិនត្រូវមានអក្សរផ្តិត (watermarks) អក្សរបញ្ជាក់ពេលវេលា (timestamps) ឬប្រអប់ (borders) ទេ។ រូបភាពដែលថតដោយកាមេរ៉ាទូរសព្ទ ក៏មិនមែនជាបញ្ហាដែរ ប្រសិនបើរូបភាពទាំងនោះ គោរពតាមគោលការណ៍ខាងលើ។ អ្នកចូលរួម អាចអានព័ត៌មានបន្ថែម តាមរយៈ http://shorturl.at/ekpPU ។

គី ចំណា៖ លើសតែពីការយល់ដឹងបន្ថែមអំពីបច្ចេកទេសថតរូបភាព តើអ្នកចូលរួមអាចនឹងរៀនអ្វីបន្ថែមទៀត? តើរង្វាន់សម្រាប់អ្នកឈ្នះមានអ្វីខ្លះ?
អ្នកគ្រប់គ្រងកម្មវិធី៖ អ្នកចូលរួមនឹងទទួលបានឱកាស ហើយក៏ដូចជាបទពិសោធន៍ផ្សេងៗជាច្រើន។ ពួកគេក៏អាចទទួលបានការស្ដារទំនាក់ទំនង រវាងយុវជនផ្សេងៗទៀត នៅក្នុងតំបន់អាស៊ាន។ តាមរយៈការចូលរួមនេះ ពួកយើងសង្ឃឹមថា យុវជននឹងទទួលបានចំណេះដឹងបន្ថែម ទាក់ទងទៅនឹងការធ្វើទំនាក់ទំនងបែបសង្គម ការបង្កើតបណ្ដាញសន្ទនា ការចែករំលែក ហើយក៏ដូចជាការយល់ដឹងអំពីវប្បធម៌ផ្សេងៗគ្នា នៅក្នុងតំបន់អាស៊ាន។ អ្នកឈ្នះ នឹងទទួលបានកិត្តិយស នៅពេលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។ លើសពីនេះទៅទៀត បេក្ខជនឆ្នើមទាំង៣រូប នឹងទទួលបានកាមេរ៉ា DSLR ម្នាក់ចំនួនមួយគ្រឿង សៀវភៅរូបភាពមួយក្បាល ពានរង្វាន់មួយ ប័ណ្ណសរសើរមួយសន្លឹក ហើយក៏ដូចជាលិខិតអញ្ជើញក្នុងការទទួលបានពានរង្វាន់នេះដោយផ្ទាល់ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ាន ឯទីក្រុងភ្នំពេញ។ លើសពីនេះទៅទៀត យើងក៏ជ្រើសរើសរូបភាព ដែលទទួលបានការគាំទ្រច្រើនជាងគេមួយសន្លឹក និងរង្វាន់កិត្តិយសចំនួន១០បន្ថែមផងដែរ។ អ្នកទទួលបានជ័យជម្នះក្នុងលក្ខខ័ណ្ឌទាំង២ប្រភេទនេះ នឹងទទួលបានរង្វាន់ដូចគ្នា គ្រាន់តែថាអ្នកឈ្នះក្នុងលក្ខខ័ណ្ឌទី១ នឹងទទួលបានរង្វាន់ជាថវិកាបន្ថែម។ ការដាក់ពាក្យសម្រាប់កម្មវិធីនេះ នឹងត្រូវបានបញ្ចប់នាថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២២។
ព័ត៌មានបន្ថែមអំពីកម្មវិធី
ទំព័រហ្វេសបុក៖ ASEAN Youth Photo Competition 2022
អិនស្តាក្រាម៖ aseanyouthphotocompetition2022
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: