ក្រុមហ៊ុនវៀតណាម VinFast បោះទុនវិនិយោគបើករោងចក្ររថយន្តអគ្គិសនីនៅអាម៉េរិក
- ថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២ ម៉ោង ៧:៣៩ នាទី ល្ងាច


VinFast ដែលជាក្រុមហ៊ុនយានយន្តវៀតណាម បានបោះទុនវិនិយោគ២ពាន់លានដុល្លារលើរោងចក្ររថយន្តអគ្គិសនីនៅក្នុងរដ្ឋ North Calolina សហរដ្ឋអាម៉េរិក។ លោកប្រធានាធិបតីអាម៉េរិក ចូ ដៃដិន ស្វាគមន៍គម្រោងវិនិយោគនេះ ដោយចាត់ទុកថា ជាការជំរុញដល់ការកសាងសេដ្ឋកិច្ច ដែលពឹងផ្អែកលើថាមពលស្អាត បំភាយឧស្ម័នផ្ទះកញ្ចក់តិច និងកាត់បន្ថយការបំពុលបរិយាកាស។ នេះបើតាមការផ្សាយរបស់ AFP។

ក្រោមទុនវិនិយោគ ២ពាន់លានដុល្លារជាជំហានដំបូងនេះ ក្រុមហ៊ុន VinFast ដែលជាបុត្រសម្ព័ន្ធរបស់ Vingroup នឹងចាប់ផ្តើមដំណើរការរោងចក្ររបស់ខ្លួននៅឆ្នាំ២០២៤ ហើយរោងចក្រនេះ នឹងមានសមត្ថភាពផលិតរថយន្តបាន១៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ស្ថិតនៅលើផ្ទៃដីទំហំប្រមាណ៨០០ហិកតា រោងចក្រដែលស្ថិតក្នុងរដ្ឋ North Carolina នឹងផ្តោតលើការផលិតរថយន្តក្រុងអគ្គិសនី និងថ្មសម្រាប់រថយន្តអគ្គិសនី។
នាយកប្រតិបត្តិក្រុមហ៊ុន VinFast Global លោក Le Thi Thu Thuy បានលើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុនលោកនៅក្នុងរដ្ឋ North Carolina គឺបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់នៃរដ្ឋមួយនេះ ចំពោះឈានទៅការកសាងសេដ្ឋកិច្ចដែលពឹងផ្អែកលើថាមពលស្អាត អាចប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងអាចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលចេញពីវិស័យដឹកជញ្ជូនបាន។
រថយន្តអគ្គិសនីប្រភេទ SUV ដែលក្រុមហ៊ុននឹងផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារមានដូចជា រថយន្តម៉ូដែល VF 8 សម្រាប់អ្នកដំណើរប្រាំនាក់ និងម៉ូដែល VF 9 សម្រាប់អ្នកដំណើរប្រាំពីរនាក់ផង។ ក្រុមហ៊ុននេះ រំពឹងថាបង្កើតការងារជាង៧០០០កន្លែងនៅត្រឹមឆ្នាំ២០២៧ និងផ្តល់ប្រាក់ខែប្រមាណ ៥១ ០០០ដុល្លារក្នុងមួយឆ្នាំ។
ក្នុងសុន្ទរកថារបស់ខ្លួនកាលពីថ្ងៃទី២៩ ខែមីនា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានស្វាគមន៍គម្រោងវិនិយោគនេះដោយចាត់ទុកថា ការវិនិយោគលើរោងចក្រផលិតរថយន្តអគ្គិសនីនេះជំរុញដល់ការកសាងសេដ្ឋកិច្ចដែលពឹងផ្អែកថាមពលស្អាត បំភាយឧស្ម័នផ្ទះកញ្ចក់តិច និងកាត់បន្ថយការបំពុលបរិយាកាសផងដែរ។
VinFast ចាប់ផ្តើមលក់រថយន្តអគ្គិសនី (EV) នៅវៀតណាម ចាប់តាំងពីដំណាច់ឆ្នាំ២០២១មក ហើយដាក់យុទ្ធសាស្ត្រទីផ្សារសកលឲ្យបាន៤២០០គ្រឿងនៅឆ្នាំនេះ។ ក្រៅពីគម្រោងពង្រីកទុនវិនិយោគឲ្យដល់៤ពាន់លានដុល្លារនៅសហរដ្ឋអាម៉េរិក VinFast ក៏សិក្សាលើការពង្រីករោងចក្រនៅអាល្លឺម៉ង់ផងដែរ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com