សារមន្ទីរ ស.ស.រ បង្ហាញទំនាក់ទំនងជាង២ពាន់ឆ្នាំហើយ នៃរូបិយវត្ថុ និងសង្គម សេដ្ឋកិច្ច នយោបាយនៅកម្ពុជា
- ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០២២ ម៉ោង ៩:៥៩ នាទី យប់

ភ្នំពេញ៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) បានបោះទីតាំងនៅចំកណ្តាលទីក្រុងភ្នំពេញ ពោលនៅលើបរិវេណអតីតសាលាក្រុងភ្នំពេញ ដែលលំអដោយកញ្ចក់យ៉ាងទំនើប។ នៅក្នុងសារមន្ទីរនេះ ត្រូវបានរចនាឡើងជាពីរផ្នែក ដោយមានជាន់ផ្ទាល់ដី និងជាន់ទី១ដែលជាទីចាប់ផ្តើម នៃដំណើរទស្សនកិច្ច។ ទិដ្ឋភាពខាងក្នុងសារមន្ទីរ ត្រូវបានរៀបចំជា៧បន្ទប់ពិព័រណ៍ ដោយបន្ទប់នីមួយៗ មានបំពាក់ឧបករណ៍ទំនើបជាច្រើន រួមជាមួយខ្លឹមសាររៀបរាប់លើជញ្ជាំង អមដោយរូបិយវត្ថុជាច្រើន។

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) មិនផ្តោតលើការប្រមូលរូបិយវត្ថុបុរាណពេកឡើយ។ ផ្ទុយទៅវិញ ស.ស.រ ផ្តោតលើបទបង្ហាញ និងការអត្ថាធិប្បាយយ៉ាងក្បោះក្បាយ អំពីទំនាក់ទំនងរវាងរូបិយវត្ថុជាមួយស្ថាប័ន និងសង្គម ប្រវត្តិសេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា ជាងពី២ពាន់ឆ្នាំមកហើយ។ ស.ស.រ ក៏ផ្តោតទៅលើការសម្រួលការអាន និងការយល់ដឹង អំពីសេដ្ឋកិច្ចសម័យថ្មី តាមរយៈតួនាទីដ៏សំខាន់របស់រូបិយវត្ថុ និងគោលនយោបាយរូបិយវត្ថុ។

ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។ រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ
យោងតាមហេតុផលនេះ ទើបការធ្វើទស្សនកិច្ច ត្រូវរៀបចំឡើងដោយផ្តោតលើផ្នែកសំខាន់ៗចំនួន២។ ផ្នែកទីមួយសំដៅលើបន្ទប់ ឬម៉ូឌីលចំនួន៧ ដោយក្នុងនោះបន្ទប់ចំនួន៦ ស្ថិតនៅជាន់ទី១ ដែលជាទីចាប់ផ្តើមនៃដំណើរទស្សនកិច្ច និងបន្ទប់ទី៧ ស្ថិតនៅជាន់ផ្ទាល់ដី។ បន្ទប់ទាំង៧ មានបង្ហាញអំពីហេតុការណ៍ និងមេរៀនសំខាន់ៗ ដែលដកស្រង់ពីប្រវត្តិសាស្រ្ត នយោបាយ សេដ្ឋកិច្ច និងរូបិយវត្ថុរបស់កម្ពុជា។
ចំណែកផ្នែកទី២ សំដៅទៅលើការបែងចែកជា៤បន្ទប់ ដែលសំដៅលើការយល់ដឹងអំពីអន្តរកម្មដ៏ខ្លាំងរបស់រូបិយវត្ថុ ឥណទាន កំណើនសេដ្ឋកិច្ចនិងអតិផរណា ព្រមទាំងទីតាំងរបស់កម្ពុជាក្នុងតំបន់ និងលើសកលលោក។ ជាការចាប់ផ្តើម ស.ស.រ បង្ហាញអំពីមូលដ្ឋានគ្រឹះ និងវិស័យ ក្នុងដំណាក់កាលមួយដែលសេដ្ឋកិច្ចកម្ពុជា មានកំណើនយ៉ាងខ្លាំងក្លា។ ក្នុងអំឡុងពេល១៧ឆ្នាំកន្លងមក ដោយមិនភ្លេចពីវិបត្តិនៅឆ្នាំ២០០៩ ព្រមទាំងលើកឡើងអំពីការបន្តអនុវត្ត និងការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដើម្បីទប់ទល់នឹងបញ្ហាប្រឈមទាំងឡាយ ដែលកើតឡើងក្នុងបរិបទសកលភាវូបនីយកម្ម និងប្រកបដោយភាពប្រកួតប្រជែងបំផុត។

ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។ រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ
ស.ស.រ ត្រូវបានបង្កើតឡើងជាពិសេស ក្នុងគោលបំណងទាក់ទាញ និងរក្សាចំណាប់អារម្មណ៍ របស់សាធារណជនពីគ្រប់មជ្ឈដ្ឋាន ដែលបានរៀបចំឡើងទាក់ទងនឹងប្រវត្តិប្រវត្តិរបស់កម្ពុជា។ ដូច្នេះសារមន្ទីរ បានផ្តោតជាពិសេសលើទស្សនិកជនពីរប្រភេទ គឺយុវជន និងទេសចរអន្តរជាតិ។ ដោយសារប្រជាជនកម្ពុជាភាគច្រើន គឺជាយុវជន ដែលមានចំណេះដឹងខាងប្រវត្តិសាស្រ្ត យន្តការសេដ្ឋកិច្ច និងរូបិយវត្ថុ ហើយជំនាញទាំងពីរនេះ មិនមានទំនាក់ទំនងជិតស្និទ្ធ និងស៊ីជម្រៅនោះទេ។ ចំណែកទស្សនិកជនគោលដៅមួយទៀត គឺជាភ្ញៀវទេសចរអន្តរជាតិ ដែលជាញឹកញាប់ណាស់ មិនមានចំណេះដឹងច្បាស់លាស់ និងមានការយល់ច្រឡំ អំពីប្រវត្តិសាស្រ្តបុរាណ និងប្រវត្តិសាស្រ្តសម័យថ្មី របស់កម្ពុជាបច្ចុប្បន្ន។
ដើម្បីទាក់ទាញអ្នកចូលទស្សនា និងឱ្យស្របតាមតួនាទីរបស់ខ្លួនផង ដំណើរទស្សនកិច្ចនៅក្នុងសារមន្ទីរ ស.ស.រ ត្រូវមានលក្ខណៈសាមញ្ញ និងគួរឱ្យចង់អាន ព្រមទាំងផ្តល់ទស្សនីយភាព។ ក្រៅពីនេះ ក៏មានការវិភាគជាច្រើន ជូនដល់អ្នកចូលទស្សនា ជាមួយនឹងការរៀបចំបញ្ចូលការអប់រំ ក្រោមទស្សនីយភាពទាន់សម័យ និងប្រើប្រាស់ឧបករណ៍សោតទស្សន៍ និងវិធីសាស្រ្តអន្តរកម្មដ៏ច្រើន។
ផ្នែកទីមួយនៃទស្សនកិច្ច មានបង្ហាញអំពីសារសំខាន់ នៃបច្ចេកទេសទំនាក់ទំនងថ្មីទំនើប ដែលពោរពេញទៅដោយការអត្ថាធិប្បាយ ពន្យល់ នៅតាមជញ្ជាំង ផែនទី និងការបង្ហាញពិព័រណ៍ជាច្រើនទៀត ដែលអ្នកទស្សនាអាចអាន ស្តាប់ និងរៀនសូត្រ។ នៅផ្នែកទី២ ភាគច្រើនសំដៅលើអន្តរកម្ម ដោយរួមជាមួយល្បែងយ៉ាងច្រើន លើផ្ទៃអេក្រង់ប៉ះបាន បទបង្ហាញលើជញ្ជាំង និងវីដេអូតាមតម្រូវការ។ ដោយឥតលាក់លៀម អ្នកទ្សនា ត្រូវបានលើកទឹកចិត្ត ឱ្យស្វែងយល់ដោយខ្លួនឯង និងវាយតម្លៃលើព័ត៌មាន ដែលដាក់តាំងបង្ហាញ ដែលពិបាកយល់ និងសាំញុំា។

ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។ រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ
បន្ថែមពីលើនេះទៀត សាធារណជនពីគ្រប់ទិសទី អាចទស្សនកិច្ចឱ្យកាន់តែស៊ីជម្រៅ នៅក្នុងបណ្ណាល័យ ដែលបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាភ្ជាប់ជាស្រេចជាមួយអ៊ិនធឺណិត និងក្នុងហាងកាហ្វេរបស់សារមន្ទីរ ឬបន្ទប់ពិព័រណ៍បណ្តោះអាសន្ន។
ស.ស.រ បើកទទួលភ្ញៀវចូលទស្សនា ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៩ព្រឹក ដល់៦ល្ងាច។ សំបុត្រចូលទស្សនាសម្រាប់ភ្ញៀវជាតិ មានតម្លៃ៤ពាន់រៀល និងតម្លៃ ២ម៉ឺនរៀលសម្រាប់ភ្ញៀវបរទេស។ តម្លៃ ២ពាន់រៀល សម្រាប់កុមារ និងនិស្សិត។ សម្រាប់ព្រះសង្ឃ អាចនិមន្តទស្សនាសារមន្ទីរដោយឥតគិតថ្លៃ។
ក្រៅពីនេះ អ្នកចូលទស្សនាក៏អាចជួលមគ្គទេសក៍ជាសំឡេង ដើម្បីស្តាប់អំពីប្រវត្តិនិងឈ្វេងយល់បានស៊ីជម្រៅ អំពីដំណើរផ្លាស់ប្តូរនៃរូបិយវត្ថុនៅកម្ពុជា។ ការជួលមគ្គទេសក៍ ជាសំឡេងនេះ មានតម្លៃ ១២ ០០០រៀល ឬស្មើនឹង ៣ដុល្លារអាម៉េរិក ដោយឧបករណ៍នោះ មាន៥ភាសា គឺភាសាខ្មែរ ចិន អង់គ្លេស បារាំង និងភាសាជប៉ុន។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនង តាមលេខទូរសព្ទ ០២៣ ៩០១ ៥៤៣៕

ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។ រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ

ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។ រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ

ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។ រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ

ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។ រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ

ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។ រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ

ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។ រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ

ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។ រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: