អង់គ្លេស នឹងផ្តល់ជំនួយ១០០លានដុល្លារ ដើម្បីការពារតំបន់ជីវៈចម្រុះទន្លេមេគង្គក្រោម
- ថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២ ម៉ោង ១០:២៥ នាទី ព្រឹក

លោកស្រី Tina Redshaw ឯកអគ្គរាជទូតប្រទេសអង់គ្លេស។ រូបថត៖ ក្រសួងទេសចរណ៍
ដោយ៖ ធន់ សេងហុង
រដ្ឋាភិបាលអង់គ្លេស សន្យាផ្តល់ជំនួយជាង១០០លានដុល្លារ ដើម្បីអនុវត្តគម្រោងការពារ និងអភិវឌ្ឍតំបន់ទេសភាពចំនួន៦កន្លែងលើពិភពលោក។ នៅក្នុងនោះ ក៏មានតំបន់ទេសភាពជីវៈចម្រុះទន្លេមេគង្គក្រោមនៅកម្ពុជា ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍។

កម្ពុជានឹងទទួលបានជំនួយមួយចំនួន ក្នុងចំណោមទំហំថវិកាប្រមាណ១០០លានដុល្លារ ពីប្រទេសអង់គ្លេស ដើម្បីអនុវត្តគម្រោងការពារតំបន់ទេសភាពទន្លេមេគង្គក្រោម។ កញ្ចប់ជំនួយនេះ ត្រូវបានលោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេស លើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៨មេសា។
ក្រសួងទេសចរណ៍បានស្រង់សម្តីលោកស្រី Tina Redshaw មកចុះផ្សាយដូច្នេះ៖« មូលនិធិការពារតំបន់ទេសចរណ៍ជីវៈចម្រុះBLFនៃចក្រភពអង់គ្លេស នឹងផ្តល់ជំនួយជាង១០០លានដុល្លា ដើម្បីអនុវត្តគម្រោងការពារ និងអភិវឌ្ឍតំបន់ទេសភាពចំនួន៦កន្លែងលើពិភពលោក។ ក្នុងនោះគឺមានតំបន់ទេសភាពជីវៈចម្រុះ ទន្លេមេគង្គក្រោម របស់កម្ពុជាមួយ ផងដែរ»។
អគ្គរាជទូតអង់គ្លេសរូបនេះ បានបញ្ជាក់ថា មូលនិធិការពារតំបន់ទេសភាពជីវៈចម្រុះ(BLF) មានគោលបំណងរួមចំណែកអភិវឌ្ឍអេកូទេសចរណ៍ទន្លេមេគង្គក្រោម, ស្វែងយល់បន្ថែមពីបញ្ហាប្រឈមនានាក្នុងវិស័យអេកូទេសចរណ៍ និងគោលនយោបាយគាំទ្រនានា ជាពិសេសពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងទេសចរណ៍ លើការស្នើសុំគម្រោងគាំទ្រ តាមរយៈមូលនិធិការពារតំបន់ទេសភាពជីវៈចម្រុះ។

លោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ កំពុងពិភាក្សាការងារជាមួយលោកស្រី Tina Redshew ឯកអគ្គរាជទូតប្រទេសអង់គ្លេស។ រូបថត៖ ក្រសួងទេសចរណ៍
ជាមួយគ្នានេះ លោក ថោង ខុន លើកឡើងថា កម្ពុជាមានគោលនយោបាយជំរុញ ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ ដោយផ្តោតការគិតគូរខ្លាំង អំពីវិស័យបរិស្ថាន ទេសចរណ៍ ការពារធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ខណៈតំបន់អេកូទេសចរណ៍ កំពុងដើរតួនាទីដ៏សំខាន់ក្នុងការទាក់ទាញទេសចរជាតិ អន្តរជាតិ និងផ្តល់ប្រភពចំណូលច្រើនដល់ប្រជាសហគមន៍។ លោក អះអាងថា កម្ពុជាផ្តោតសំខាន់លើទេសចរណ៍វប្បធម៌និងធម្មជាតិ ដែលត្រូវបានអភិវឌ្ឍន៍លើគោលការណ៍និរន្តភាព ហើយឆ្លើយតបនឹងប្រែប្រួលអាកាសធាតុ និងកាត់បន្ថយភាពក្រីក្រ។
ជុំវិញនៃមូលនិធិការពារតំបន់ទេសចរណ៍ជីវៈចម្រុះរបស់ប្រទេសអង់គ្លេស លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានលើកឡើងថា មូលនិធិនេះនឹងផ្តល់អាទិភាពក្នុងការអនុវត្តគម្រោងអភិវឌ្ឍនៅតំបន់ទេសភាពទន្លេមេគង្គក្រោមកម្ពុជា ដែលចាប់ពីខេត្តកំពង់ចាម ខេត្តកណ្តាលរហូតដល់ខេត្តព្រៃវែង តភា្ជប់ទៅភាគត្បូងប្រទេសវៀតណាម។ លោកបានបញ្ជាក់ថាចំពោះគម្រោងអនុវត្តជាក់ស្តែងអនុវត្តនឹងបង្ហាញនៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២។ នេះបើក្រសួងទេសចរណ៍៕
© រក្សាសិទ្ធិដោយ thmeythmey.com