ADB ផ្តល់ជំនួយឥតសំណង តម្លៃ៤,២ពាន់លានដុល្លារដល់កម្ពុជាត្រឹមឆ្នាំ២០២១
  • ថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២ ​​ ម៉ោង ១០:៥៩ នាទី យប់
ADB ផ្តល់ជំនួយឥតសំណង តម្លៃ៤,២ពាន់លានដុល្លារដល់កម្ពុជាត្រឹមឆ្នាំ២០២១
សកម្មភាពជួសជុលកែលម្អផ្លូវនៅកម្ពុជា ក្រោមហិរញ្ញប្បទានពី ADB នាពេលកន្លងមក

ដោយ ៖ ធន់ សេងហុង 
 
ត្រឹមឆ្នាំ២០២១ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានផ្តល់កម្ចីផ្នែកសាធារណៈ ជំនួយឥតសំណង និងបច្ចេកទេស សរុប ៣១៩គម្រោង ដែលមានតម្លៃប្រមាណ ៤,២ពាន់លានដុល្លារដល់កម្ពុជា។ ជំនួយឥតសំណង និងជំនួយបច្ចេកទេសទាំងនោះ ផ្តោតសំខាន់ទៅវិស័យអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អភិវឌ្ឍន៍ជនបទ ថាមពល ហិរញ្ញវត្ថុ ដឹកជញ្ជូន ពាណិជ្ជកម្ម។
TTN-Free-Banner-In-Article-PC
 
ធនាគារអភិវឌ្ឍន៍អាស៊ី ADB គឺជាប្រភពផ្តល់ជំនួយអភិវឌ្ឍន៍ដ៏ធំមួយ របស់ប្រទេសកម្ពុជា ជាមួយការផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំ ជាមធ្យមចំនួន ៣២៩,៨ លានដុល្លារក្នុងមួយឆ្នាំ នៅចន្លោះឆ្នាំ២០១៦ ដល់២០២១។ មកទល់ពេលនេះ ADB បានផ្តល់ប្រាក់កម្ចី ជំនួយឥតសំណង និងជំនួយផ្នែកបច្ចេកទេសក្នុងវិស័យសាធារណៈ ចំនួន៣១៩គម្រោង ដែលមានទំហំទឹកប្រាក់សរុបចំនួន ៤,២ ពាន់លានដុល្លារដល់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ ADB នៅថ្ងៃទី៥ខែឧសភា ។ 
 
ជំនួយឥតសំណង និងបច្ចេកទេសដែល ADB នឹងផ្តោតលើការវិនិយោគរបស់ខ្លួន គឺទៅលើវិស័យសំខាន់ៗរូមមាន អប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អភិវឌ្ឍន៍ជនបទ ថាមពល ហរិញ្ញវត្ថុ ដឹកជញ្ជូន ពាណិជ្ជកម្ម ។ ច្រើនជាងមួយភាគបួននៃគម្រោង ដែលបានផ្តល់ហិរញ្ញប្បទាន នឹងត្រូវបានវិនិយោគលើការអប់រំ និងការអភិវឌ្ឍន៍ជំនាញគម្រោង។ ខណៈប្រមាណ២២ភាគរយ នៃហិរញ្ញប្បទាន បានជួយដល់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផលប្រកបដោយនិរន្តរភាព (sustainable fisheries value chains )ដូចជា តំបន់ឆ្នេរសមុទ្រ ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងប្រព័ន្ធធារាសាស្រ្ត ។ 
 
ជាមួយគ្នានេះ ADB បានផ្តល់ហិរញ្ញប្បទានដល់គម្រោងកម្មវិធី ដើម្បីបង្កើនសេដ្ឋកិច្ចចម្រុះ ជាមួយបង្កើតការប្រកួតប្រជែង និងសម្រួលបរិយាកាសអាជីវកម្ម ព្រមទាំងការផ្តល់ហិរញ្ញប្បទានសមរម្យ ទៅសហគ្រាសធុនតូច និងមធ្យម (SMEs)។ ទន្ទឹមការជំរុញហេដ្ឋារចនាសម្ព័ន្ធទីក្រុង ប្រកបដោយនិរន្តរភាព និងបៃតងក៏ត្រូវបាន ADB យកចិត្តទុកដាក់ផ្តល់ជំនួយជាហិរញ្ញប្បទាន នូវការសាងសង់ ជួសជុលផ្លូវ ប្រសិទ្ធភាពនៃការផ្គត់ផ្គង់ថាមពល និងបរិស្ថានរស់នៅក្នុងទីក្រុង ។
 
ក្រៅពីនេះ ADB បានជួយរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបជាបន្ទាន់របស់ខ្លួន ចំពោះជំងឺរាតត្បាតកូវីដ-១៩ តាមរយៈកម្មវិធីពង្រឹងប្រព័ន្ធថែទាំសុខភាព (Health Care System) ក្នុងការបង្កើនជំនួយសង្គមដល់ជនក្រីក្រ និងជនងាយរងគ្រោះ។ នៅក្នុងឆ្នាំ២០២១ ADB ផ្តល់ប្រាក់កម្ចីចំនួន ៣២៧,១ លានដុល្លារ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺរាតត្បាតកូវីដ១៩ ដើម្បីបង្កើននូវសមត្ថភាពប្រព័ន្ធសុខភាពស្នូល ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសុខភាពសាធារណៈ។ 
 
សូមជម្រាបជូនថា នៅក្រោមទិសដៅចក្ខុវិស័យរបស់ ADB សម្រាប់ឆ្នាំ ២០២២-២០២៤ ធនាគារនេះ នឹងជួយរដ្ឋាភិបាលទៅលើការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ ជាមួយធនធានដែលមានសមត្ថភាពជំនាញកម្រិតខ្ពស់ លើវិស័យបច្ចេកវិទ្យា ជាពិសេសពង្រឹងការចូលរួម របស់វិស័យឯកជន៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

Other