៤ខែ កម្ពុជារកចំណូលបានជាង ១២៥លានដុល្លារពីការនាំចេញផលិតផលកៅស៊ូ
- ថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២ ម៉ោង ៩:៥៦ នាទី ព្រឹក

រូបពី Ya Rathanak
ភ្នំពេញ៖ រយៈពេល ៤ខែដើមឆ្នាំ២០២២នេះ កម្ពុជារកចំណូលបានជាង ១២៥លានដុល្លារពីការលក់ផលិតផលកៅស៊ូ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ។

ចាប់តាំងពីដើមឆ្នាំ ដល់ខែមេសា កម្ពុជា ផលិតជ័រកៅស៊ូបានចំនួន ៧៨ ០៧១តោន និងឈើកៅស៊ូ ៧០៣៣ម៉ែត្រគួប។ ក្នុងនោះ បាននាំចេញជ័រកៅស៊ូប្រមាណ ៧៩ ៣៥៨តោន កើនឡើង ២ ២២៣តោន ស្មើ ៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ និងការលក់ឈើកៅស៊ូ សម្រេចបាន ៦៦៣៨ ម៉ែត្រគូប។
បើតាមរបាយការណ៍ដដែល សម្រាប់ខែមេសា កម្ពុជា ទទួលបានចំណូលជាង ២៩លានដុល្លារ ពីការនាំចេញផលិតផលកៅស៊ូ ១៧១២៣តោន កើនឡើង ៥២០៩តោន ស្មើនឹង ៤៤ភាគរយ ធៀបនឹងខែមីនា និងកើនឡើង ២៤៥តោន ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ បច្ចុប្បន្ន ជ័រកៅស៊ូ មានតម្លៃ ១៦៤៤ដុល្លារក្នុងមួយតោន កើនឡើង ១៧ដុល្លារ ធៀបនឹងខែមីនា។
គិតត្រឹមឆ្នាំ២០២១ កម្ពុជាមានផ្ទៃដីកៅស៊ូជាង ៤០ម៉ឺនហិកតា ក្នុងនោះឧស្សាហកម្មកៅស៊ូមានជាង ២៤ហិកតា និងកៅស៊ូគ្រួសារជាង១៦ម៉ឺនហិកតា។ កម្ពុជា មានរោងចក្រ សិប្បកម្មកែច្នៃកៅស៊ូ ១៦៨កន្លែង ស្ថិតក្នុងខេត្តចំនួន១១ ដែលមានលទ្ធភាពនាំចេញផលិតផលកៅស៊ូបានជាង ៣៧ម៉ឺនតោន ដោយទទួលបានចំណូលចំនួន ៦១០លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូបានជាង ១,៥លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: