ក្រសួងកសិកម្មឱ្យមន្រ្តីតាមមូលដ្ឋានចុះណែនាំកសិករ ត្រៀមលក្ខណៈថែទាំស្រូវ ក្នុងរដូវវស្សា
  • ថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២ ​​ ម៉ោង ៤:០០ នាទី រសៀល
ក្រសួងកសិកម្មឱ្យមន្រ្តីតាមមូលដ្ឋានចុះណែនាំកសិករ ត្រៀមលក្ខណៈថែទាំស្រូវ ក្នុងរដូវវស្សា

ភ្នំពេញ៖ ឆ្នាំនេះ ភ្លៀងធ្លាក់លឿនជាងបណ្តាឆ្នាំមុនៗ ដែលអំណោយផលដល់ដាំដុះដំណាំស្រូវ នៅតំបន់មួយចំនួន។ ​ដោយឡែក តំបន់ខ្លះ ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ បែរជាជន់លិច មិនអាចភ្ជួររាស់បាន បណ្តាលឱ្យការដាំដុះដំណាំស្រូវមានភាពយឺតយ៉ាវ។ ដូច្នេះ ដើម្បីបង្ការទុកមុននៅហានិភ័យទឹកជំនន់ និងអាចសម្រេចបានតាមផែនការផលិតកម្មស្រូវ ក្រសួងកសិកម្មបានចេញសេចក្តីណែនាំសម្រាប់កសិករថែទាំស្រូវ។
TTN-Free-Banner-In-Article-PC

រដូវវស្សាបានឈានមកដល់ កសិករគ្រប់រូបចាប់ផ្តើមភ្ជួររាស់ដី ធ្វើស្រែចម្ការ និងបង្កបង្កើតផល ជាពិសេសដំណាំស្រូវ។ រដូវវស្សាឆ្នាំនេះ ទឹកភ្លៀងចាប់ផ្តើមធ្លាក់លឿនជាងបណ្តាឆ្នាំផ្សេងៗ និងរាយប៉ាយស្ទើរគ្រប់តំបន់ ដែលអាចឱ្យកសិករមួយចំនួន ដាំដុះដំណាំស្រូវដើមរដូវ។ 
 
ទោះការធ្លាក់ភ្លៀងលឿន និងជាសញ្ញាល្អសម្រាប់តំបន់មួយចំនួនក្តី ប៉ុន្តែការដាំដុះដំណាំស្រូវឆ្នាំនេះ មានភាពយឺតជាងឆ្នាំ២០២១។ ការណ៍នេះបណ្តាលមកពី តំបន់មួយចំនួនលិចទឹក និងជោកជាំពេក មិនអាចភ្ជួររាស់បាន។ ជាក់ស្តែង តំបន់មួយចំនួនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ បានជួបប្រទះគ្រោះទឹកជំនន់ ដោយសារទឹកភ្លៀងដើមរដូវ។ 
 
គ្រោះទឹកជំនន់នេះ បានប៉ះពាល់ដល់ដំណាំស្រូវប្រមាណ ៦ពាន់ហិកតា និងខូចខាត ជាង៣ពាន់ហិកតា។ ក្នុងនោះខេត្តបន្ទាយមានជ័យមានផ្ទៃប៉ះពាល់ប្រមាណ ៤ ៦៦៤ហិកតា និងខូចខាតចំនួន ២ ៣៨០ហិកតា។ ចំណែកខេត្តត្បូងឃ្មុំ ផ្ទៃដែលរងផលប៉ះពាល់មានចំនួន ១ ៣៣៧ហិកតា និងផ្ទៃដីខូចខាត ១ ១៣៣ហិកតា។ 
 
ក្រោយសង្កេតឃើញពីហានិភ័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសាចរណែនាំ ស្តីពី ការថែទាំស្រូវរដូវវស្សាឆ្នាំ២០២២ ដើម្បីធានានូវសន្តិសុខស្បៀង និងអាចសម្រេចតាមគោលនយោបាយជំរុញផលិតកម្មស្រូវ រួមទាំងការនាំចេញអង្កររបស់រដ្ឋាភិបាល។ 
 
អាជ្ញាធរ ត្រូវចុះណែនាំកសិករឱ្យយកចិត្តទុកដាក់ពិនិត្យស្រែ និងត្រៀមលក្ខណៈ រៀបចំដីស្រែ ជាពិសេសត្រូវបិទភ្លឺ និងបូមទឹកចេញពីស្រែ ក្នុងករណីមានការលិចលង់ ដោយជំនន់ទឹកភ្លៀងដើមរដូវ។ អាជ្ញាធរ ក៏ត្រូវជំរុញកសិករដាំដុះដំណាំស្រូវពឹងទឹកភ្លៀងនៅតំបន់ខ្ពស់។ ចំពោះ កសិករ ដែលទម្លាប់ដាំដុះក្នុងខែកក្កដា ឬខែសីហា ត្រូវប្រញាប់ប្រញាល់ដាំដុះ ព្រោះឆ្នាំនេះមិនមានកូនរដូវប្រាំងឡើយ។ 
 
ក្រៅពីនេះ អាជ្ញាធរមូលដ្ឋាន ត្រូវចុះណែនាំបច្ចេកទេសថែទាំដំណាំស្រូវ ដូចជា ការប្រើប្រាស់ជីបំប៉ន ថ្នាំកសិកម្ម និងការគ្រប់គ្រងសមាភាពចង្រៃ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏ត្រូវណែនាំកសិករឱ្យត្រៀមឧបករណ៍ និងសម្ភារៈ។ កសិករ គប្បីត្រៀមគ្រាប់ពូជស្រូវ សម្រាប់ដាំដុះស្តារឡើងវិញ ក្នុងករណីដំណាំស្រូវខូចខាត ដោយសារទឹកជំនន់។ 
 
បើគិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ កសិករ​សម្រេចដាំដុះស្រូវបានចំនួន ៥០២ ៧៩៩ ដែលស្មើនឹង ១៩,១៩ភាគរយ នៃផែនការ ២ ៦១៩ ៥០០ហិកតា។ ក្នុងនោះស្រូវស្រាលចំនួន ៣១៧ ៦៦៣ហិកតា ត្រូវកណ្តាលចំនួន ៩៩ ៣១១ហិកតា និងស្រូវធ្ងន់ចំនួន ៧៩ ០៤៥ហិកតា។ ក្រៅពីនេះមាន ស្រូវចម្ការចំនួន ៦៣៧ហិកតា និងស្រូវឡើងទឹកចំនួន ១៤៣ហិកតា៕
 

អ្នកសរសេរអត្ថបទ

នាងខ្ញុំ ហុង ស្រីណា ជាសហការីសារព័ត៌មានថ្មីៗ២៥ និងជានិសិ្សតបញ្ចប់ការសិក្សាផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ខ្ញុំមានមោទកភាពដែលជាស្ត្រីមួយរូប ក្នុងវិស័យសារព័ត៌មាន ហើយខ្ញុំនឹងខិតខំប្រឹងប្រែងផលិតព័ត៌មានជូនប្រជាពលរដ្ឋកម្ពុជា ស្របទៅតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហុង ស្រីណា