ចិន បញ្ជាទិញផ្លែ មៀនប៉ៃលិន ពីកម្ពុជា ចាប់ខែសីហា តទៅ
- ថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ៧:៥៩ នាទី ល្ងាច

មៀនប៉ៃលិន របស់ប្រជាកសិករក្នុងខេត្តប៉ៃលិន កាលពីឆ្នាំចុងឆ្នាំ២០២០។ រូបថត៖ OU Sokmean
ភ្នំពេញ៖ ក្រុមហ៊ុនរបស់ចិន បានដាក់ផែនការបញ្ជាទិញផ្លែមៀនប៉ៃលិន ឬតាង៉ែន ពីកម្ពុជា ចាប់ខែសីហា ឆ្នាំ២០២២តទៅ។ នេះជាការលើកឡើងរបស់លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិន ដោយបញ្ជាក់ថា ក្រុមហ៊ុននេះប្រមូលទិញមៀនប៉ៃលិន ពីម្ចាស់ចម្ការណា ដែលមានវិញ្ញាបនបត្រអនុវត្តកសិកម្មល្អ (CAM GAP) ប៉ុណ្ណោះ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

តាមការគ្រោងទុក ផ្លែមៀនប៉ៃលិន ឬតាង៉ែនរបស់កម្ពុជា នឹងត្រូវបាននាំចូលទីផ្សារប្រទេសចិន ចាប់ពីអំឡុងខែសីហា ក្នុងឆ្នាំ២០២២ តទៅ។ បើតាមលោក សួន ជុំ បច្ចុប្បន្នក្រុមហ៊ុន ជីង គួរ យួង ដែលបានបង្កើតរោងចក្រ និងឡសម្លាប់មេរោគលើផ្លៃមៀន នៅក្នុងខេត្តប៉ៃលិនផ្ទាល់នោះ បានកំណត់ផែនការជាដំណាក់កាល ក្នុងការប្រមូលទិញមៀនប៉ៃលិន ពីកសិករ ពីមួយ ទៅពីរ ទូតុងតឺន័រក្នុងមួយថ្ងៃ សម្រាប់នាំទៅប្រទេសចិន។
«នាដើមរដូវប្រមូលផលមៀនប៉ៃលិននេះ (ក្នុងខែសីហា) ប្រសិនបើកសិករយើង មានផ្លែមៀនប៉ៃលិន ចាប់ពីមួយ ឬពីរ ទូតុងតឺន័រ ឡើងទៅក្នុងមួយថ្ងៃ ខាងក្រុមហ៊ុនចិននោះ នឹងចាប់ផ្តើមបើកទិញពីកសិករយើង ក្នុងតម្លៃ ៣ ៦០០រៀល ក្នុងមួយគីឡូក្រាម»។ លោក សួន ជុំ និយាយបែបនេះ មកកាន់សារព័ត៌មានថ្មីៗ (ThmeyThmey) នាថ្ងៃទី៦ ខែមិថុនា ដោយបញ្ជាក់ថា ក្នុងមួយទូកុងតឺន័រ មានទម្ងន់ជាង២០តោន។
អត្ថបទទាក់ទង
លោក សួន ជុំ បន្តរៀបរាប់ថា តម្លៃមៀនប៉ៃលិននេះ នឹងកើនដល់ ៣ ៨០០រៀល ក្នុងមួយគីឡូក្រាម នៅក្នុងខែធ្នូ ហើយកើនដល់ ៤ ០០០រៀល ចាប់ខែមករា ឆ្នាំ២០២៣ និងឈានដល់ ៤ ៥០០រៀល ក្នុងមួយគីឡូក្រាម ចាប់ខែមីនា ដល់ឧសភា ឆ្នាំ២០២៣។ អនុប្រធានសមាគមមៀនប៉ៃលិនរូបនេះ បានបញ្ជាក់ដូច្នេះ៖ «មៀនប៉ៃលិន ដែលចិនបញ្ជាទិញនោះ នឹងត្រូវបានសម្លាប់មេរោគ វេចខ្ចប់ និងរក្សាទុកក្នុងទូត្រជាក់ នៅក្នុងខេត្តប៉ៃលិនយើងហ្នឹង ហើយនាំចូលទីផ្សារចិនតែម្តង ដោយយើងលែងពឹងដង្ហើមប្រទេសថៃ ទៀតហើយ»។
ពាក់ព័ន្ធនឹងដំណឹងដែលក្រុមហ៊ុនចិនបញ្ជាទិញផ្លែមៀនដោយផ្ទាល់ពីកសិករនេះ បានធ្វើឱ្យ អ្នកស្រី ឡុង រ៉ន ម្ចាស់ចម្ការមៀនប៉ៃលិន ដែលមានដើមមៀនជាង៦០០ដើម នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រេកអរជាខ្លាំង។ កសិកររូបនេះ សង្ឃឹមថា មៀនប៉ៃលិនរបស់កម្ពុជា អាចនាំទៅទីផ្សារប្រទេសចិនជាផ្លូវការ នាពេលឆាប់ៗ។
ម្ចាស់ចម្ការរូបនេះ បានត្រៀមផែនការក្នុងការផលិតមៀនប៉ៃលិន ដែលមានស្តង់ដារសម្រាប់នាំទៅទីផ្សារចិន ក្នុងបរិមាណមិនក្រោម ៥០តោនឡើយ។ អ្នកស្រី ឡុង រ៉ន បាននិយាយដូច្នេះ៖ « ខ្ញុំគ្រោងផលិតផ្លែមៀន មិនឱ្យក្រោម៥០តោនទេ សម្រាប់នាំទៅចិន ដោយការផលិតរបស់យើងនេះ មានជាដំណាក់កាលៗ តាមការបញ្ជាទិញរបស់ក្រុមហ៊ុនចិន»។
បើតាមលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅខេត្តប៉ៃលិន កាលពីខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុនចិន បានចុះមកជួបក្រុមអ្នកផលិតមៀន នៅក្នុងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដោយក្រុមហ៊ុននោះ បានដាក់ផែនការដំណាក់កាល ក្នុងការប្រមូលទិញផ្លែមៀន ពីកសិករ ដើម្បីនាំទៅចិន។ ប៉ុន្តែ លោកបានបញ្ជាក់ថា ភាគីក្រុមហ៊ុនប្រកាសទិញផ្លែមៀនប៉ៃលិន ពីម្ចាស់ចម្ការណា ដែលអនុវត្តកសិកម្មល្អ ដោយមានវិញ្ញាបនបត្របញ្ជាក់កសិកម្មល្អ (CAMBODIAN GOODA GRICULTURAL PRACTICES_CAM GAP) ប៉ុណ្ណោះ។
«ក្រុមហ៊ុនបញ្ជាទិញផ្លែមៀន ពីចម្ការណាដែលមានកសិកម្មល្អ [GAP]ទេ! ហើយម្ចាស់ចម្ការដែលមាន GAP ហ្នឹង គឺអាចទទួលបានប្រាក់មួយចំនួនពីក្រុមហ៊ុន ដើម្បីយកទៅអភិវឌ្ឍចម្ការមៀនរបស់ខ្លួន ក្នុងការដាំដុះបន្ថែម ឬបង្កបង្កើនទិន្នផលសម្រាប់នាំចេញ»។ នេះជាការលើកឡើងរបស់លោក សាយ សុផាត។
បើតាមប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិនរូបនេះ គិតមកទល់បច្ចុប្បន្ន មានជាងកសិករជាង៣០នាក់ប៉ុណ្ណោះ ដែលទទួលបានវិញ្ញាបនបត្រកសិកម្មល្អ ពីអគ្គនាយកកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកបានបញ្ជាក់ថា៖ «ចំនួននេះ គឺមានតិចតួចបើធៀបនឹងចម្ការមៀនជាក់ស្តែងក្នុងខេត្ត ព្រោះកសិករខ្លះមិនទាន់ជឿជាក់លើយើង ក្នុងការមានលទ្ធភាពបើកចេញនាំចេញប៉ៃលិន ដោយត្រង់ចូលទីផ្សារចិន»។ ដូច្នេះបើមានក្រុមហ៊ុនបញ្ជាទិញផ្លែមៀនពីយើងហើយ អ៊ីចឹង ម្ចាស់ចម្ការមៀនទាំងអស់ សូមរួសរាន់រៀបចំនីតិវិធី ដើម្បីធ្វើឱ្យចម្ការរបស់ខ្លួន ក្លាយជាចម្ការGAP ដើម្បីឆ្លើយតបនឹងទីផ្សារចិន។»។
ជាមួយគ្នានេះ សារព័ត៌មានThmeyThmey ពុំអាចសុំព័ត៌មានបន្ថែម ជុំវិញនៃការនាំចេញផ្លែមៀនប៉ៃលិនជាផ្លូវការ ទៅប្រទសចិន នៅក្នុងឆ្នាំ២០២២ ពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម, លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម និងលោក កែ មុនីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានឡើយ ដោយទូរសព្ទហៅចូល ប៉ុន្តែមិនទទួល។
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះមៀនប៉ៃលិន(តាង៉ែន) ទូទាំងប្រទេស សរុប ១៣ ៦០៨ហិកតា នៅក្នុងខេត្តចំនួន១៤ ។ ដោយឡែក ខេត្តដែលមានកសិករដាំដុះប្រភេទនេះ ច្រើនជាងគេ គឺខេត្តប៉ៃលិន បាត់ដំបង រតនគិរី និងបន្ទាយមានជ័យ។ ក្នុងចំណោមផ្ទៃដីដាំដុះមៀនប៉ៃលិន ឬតាង៉ែនទាំងនេះ គឺមាន ៦ ៩២៧ហិកតា ដែលកសិករទទួលបានទិន្នផលចំនួន ១១ម៉ឺនតោន នៅក្នុងឆ្នាំ២០២១៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: