កម្ពុជាកំពុងសិក្សាលទ្ធភាពធ្វើផ្លូវរថភ្លើងក្រោមដី ឬលើអាកាស នៅភ្នំពេញ
  • ថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ ​​ ម៉ោង ១០:២៩ នាទី ព្រឹក
កម្ពុជាកំពុងសិក្សាលទ្ធភាពធ្វើផ្លូវរថភ្លើងក្រោមដី ឬលើអាកាស នៅភ្នំពេញ
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបថត៖ MPWT

កម្ពុជាកំពុងពិចារណាក្នុងការសាងសង់ផ្លូវរថភ្លើងក្រោមដី ឬលើអាកាស នៅរាជធានីភ្នំពេញដើម្បីសម្រួលដល់ការកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាណ៍។ បើតាមលោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្នអ្នកជំនាញកំពុងសិក្សាលើជម្រើសណាមួយនៃមធ្យោបាយធ្វើដំណើរទាំងពីរ ដែលសមស្របសម្រាប់ភ្នំពេញ។​
TTN-Free-Banner-In-Article-PC
 
 
រាជរដ្ឋាភិបាល នឹងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈឱ្យកាន់តែដែលអាចចូលរួមកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នៅភ្នំពេញ ប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះ ក្រសួងសាធារណការ និងក្រុមហ៊ុនវិនិយោគធំៗរបស់ប្រទេសចិន ក្នុងការសិក្សាលទ្ធភាពក្នុងការសាងសង់ផ្លូវរថភ្លើងក្រោមដី (Subway) ឬ ផ្លូវរថភ្លើងលើអាកាស (Momorail) ដើម្បីដោះស្រាយវិបត្តិកកស្ទះចរាចរណ៍នៅភ្នំពេញ។ 
 
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៤មិថុនា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) តំណាងក្រុមហ៊ុនគមនាគមន៍ និងសំណង់ចិន (CCCC) និងមន្ត្រីបច្ចេកទេសមកពីអង្គភាពពាក់ព័ន្ធ  អំពីលទ្ធភាពសាងសង់បណ្តាញផ្លូវរថភ្លើង ដែលនឹងតភ្ជាប់ស្ទើរគ្រប់ទីតាំង ជាពិសេស តំបន់ ដែលមានដង់ស៊ីតេប្រជាជន ខ្ពស់ នៃរាជធានីភ្នំពេញ។ 
 

រូបគំរូនៃការសាងសង់ផ្លូវរថភ្លើងក្រោម ឬលើអាកាសនៅភ្នំពេញ។ រូបថត៖ MPWT 

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា អ្នកជំនាញរបស់ក្រុមហ៊ុនចិន បានសិក្សាអំពីផ្លូវរថភ្លើងទាំងពីរប្រភេទនេះដោយផ្អែកលើមូលដ្ឋាននៃការបៀបធៀបតម្លៃឯកតាចំណាយលើការសាងសង់, រយៈពេលនៃការសាងសាងសង់ តម្លៃប្រតិបត្តិការ និងចំណាយលើការថែទាំ...ជាដើម។ ជាមួយគ្នានេះ លោកបានជំរុញដល់ក្រុមហ៊ុនទាំងនោះត្រូវសិក្សាឱ្យបានស៊ីជម្រៅលើចំណុចដែលនៅខ្វះចន្លោះ មុននឹងដាក់ជូនរដ្ឋាភិបាលសម្រេចក្នុងការសាងសង់ផ្លូវរថភ្លើងណាមួយ នៅភ្នំពេញ។ 
 
រដ្ឋមន្ត្រីសាធារណការរូបនេះបាននិយាយថា៖ «ប្រមុខរាជរដ្ឋាភិបាល នឹងពិនិត្យសម្រេចជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនសាធារណៈណាមួយដែលសមស្រប និងអាចទទួលយកបាន​សម្រាប់រាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហានៃការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ»៕ 
 

អ្នកសរសេរអត្ថបទ

នាងខ្ញុំ ហុង ស្រីណា ជាសហការីសារព័ត៌មានថ្មីៗ២៥ និងជានិសិ្សតបញ្ចប់ការសិក្សាផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ខ្ញុំមានមោទកភាពដែលជាស្ត្រីមួយរូប ក្នុងវិស័យសារព័ត៌មាន ហើយខ្ញុំនឹងខិតខំប្រឹងប្រែងផលិតព័ត៌មានជូនប្រជាពលរដ្ឋកម្ពុជា ស្របទៅតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហុង ស្រីណា