Watford លុបចោលប្រកួតមិត្តភាពទល់កាតា ព្រោះអ្នកគាំទ្ររិះគន់ពីបញ្ហាសិទ្ធិមនុស្ស
- ថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ៨:២៩ នាទី ព្រឹក

ក្លិប Watford ថ្ងៃទី២៧ ខែមិថុនា បានប្រកាសលុបចោលជំនួបមិត្តភាពទល់ក្រុមជម្រើសជាតិកាតា ក្រោយពេលមានការត្អូញត្អែរពីសំណាក់អ្នកគាំទ្រពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកាតា។

ក្លិប Watford បានចុះកិច្ចសន្យាប្រកួតមិត្តភាពទល់ក្រុមជម្រើសជាតិកាតា សម្រាប់ការប្រកួតមិត្តភាពត្រៀមបើករដូវកាល ។ ការប្រកួតនេះ នឹងធ្វើឡើងនៅប្រទេសអូទ្រីសសប្តាហ៍ក្រោយ។ Watford ជាក្រុមធ្លាក់ចេញពីក្របខណ្ឌ Premier league រដូវកាល ២០២១-២២ ហើយត្រូវលេងនៅក្របខណ្ឌ Championship ប្រទេសអង់គ្លេស។
ទោះជាបែបនេះក្តី ព័ត៌មាននៃការប្រកួតនេះ ត្រូវបានរងការរិះគន់និងមានការត្អូញត្អែរយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្ររបស់ក្រុម Watford ក្នុងនោះក៏រួមមានស្រ្តីដែលស្ថិតនៅក្រុមនារី របស់ក្លិបផ្ទាល់។
អ្នកគាំទ្របានចាត់ទុកការប្រកួតនេះជារឿងដ៏អស់សង្ឃឹមមួយ ដែលក្លិបមានការប្រកួតជាមួយកាតា ខណៈប្រទេសតំបន់មជ្ឈឹមបូពា៍មួយនេះ កំពុងត្រូវបានរងការថ្កោលទោសអំពីបញ្ហា រើសអើងអ្នកស្រលាញ់ភេទដូចគ្នា និងការរំលោភបំពានសិទ្ធិស្ត្រី។
World Cup 2022 នឹងរៀបចំឡើងនៅកាតា តែប្រទេសមួយនេះ ក៏រងការរិះគន់ខ្លាំងផងដែរ ជុំវិញបញ្ហារំលោភបំពានសិទ្ធិកម្មករចំណាកស្រុក ដែលសាងសង់កីឡដ្ឋាន។
«ការប្រកួតនោះមិនមែនត្រូវបញ្ចប់ពេលនេះឡើយ ប៉ុន្តែយើងបានយល់ច្បាស់ណាស់ថាការប្រកួតនោះនិងមិនត្រូវធ្វើឡើង ទៅតាមអ្វីដែលបានគ្រោងទុកឡើយ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ Watford។
យ៉ាងណាមិញបើតាមគេហទំព័រ Women of Watford FC ក៏បានចេញសេចក្តីថ្លែងការណ៍រួមជាមួយ Watford ដោយបានលើកឡើងថា៖«យើងពិតជារីករាយនៅពេលដែលក្លិប Watford បានស្តាប់មតិយោបល់នូវការព្រួយបារម្ភរបស់យើង ហើយបានលុបចោលការប្រកួតទល់ក្រុមកាតា។ យើងកំពុងដែលសម្លឹងមើលឱកាស ដើម្បីជួបពិភាក្សាបន្ថែមទៀតពីរឿងបញ្ហាទាំងនេះជាមួយក្លិប។»៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: