G7៖ ចិនគ្មានមូលដ្ឋានច្បាប់ទាមទារដែនទឹកដ៏ធំនៅសមុទ្រចិនខាងត្បូងឡើយ
- ថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ១:៥៧ នាទី រសៀល

កិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧។ រូបភាព៖ G7
ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ក្នុងសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃទី២៨ ខែមិថុនា បានលើកឡើងយ៉ាងច្បាស់ៗថា ចិនគ្មានមូលដ្ឋានច្បាប់ ក្នុងការទាមទារដែនទឹកដ៏ធំល្វឹងល្វើយក្នុងសមុទ្រចិនខាងត្បូងឡើយ។ ក្រុមប្រទេសអ្នកមានទាំង៧ បានជំរុញឱ្យរដ្ឋាភិបាលក្រុងប៉េកាំងគោរពតាមសេចក្តីសម្រេចរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ឆ្នាំ២០១៦ និងច្បាប់អន្តរជាតិ ទាក់ទិននឹងសមុទ្រ។

សមុទ្រចិនខាងត្បូង ដែលមិនត្រឹមតែជាផ្លូវទឹកសម្រាប់នាវាចរណ៍ប៉ុណ្ណោះទេ តែវាមានធនធានធម្មជាតិ និងជាតំបន់យុទ្ធសាស្រ្តដ៏សំខាន់មួយ ត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងទាមទារប្រមាណ៩០ភាគរយនៃទំហំដែនសមុទ្រ។ បញ្ហានេះ បានធ្វើឱ្យមានជម្លោះជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀត។ តាមរយៈសេចក្តីថ្លែងការណ៍រួមមួយ កិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ ដែលបានរៀបចំកិច្ចប្រជុំនៅអាល្លឺម៉ង់ បានលើកឡើងយ៉ាងច្បាស់ៗថា ចិនគ្មានយុត្តាធិការ ក្នុងការទាមទារសមុទ្រចិនខាងត្បូងឡើយ។
«...វាគ្មានមូលដ្ឋានច្បាប់សម្រាប់ការទាមទារលើដែនទឹកដ៏ធំរបស់ចិន ក្នុងសមុទ្រចិនខាងត្បូងឡើយ»។ ក្រុមប្រទេសអ្នកមានទាំង៧ បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួមចេញនៅថ្ងៃទី២៨ ខែមិថុនា ដែលជាថ្ងៃបិទបញ្ចប់នៃកិច្ចប្រជុំ។ ត្រង់ចំណុចនេះ ក្រុមប្រទេសG7 បានជំរុញឱ្យចិនគោរពតាមសេចក្តីសម្រេចរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ និងសិទ្ធិ សេរីភាពក្នុងការធ្វើនាវាចរណ៍ ដែលមានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ក្នុងឆ្នាំ២០១៦ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ បានសម្រេចច្រានចោលការទាមទាររបស់ចិនដោយផ្អែកលើសិទ្ធិប្រវត្តិសាស្ត្រ ដែលប្រើប្រាស់«ចំណុចត្រេ ៩»។
ទន្ទឹមនេះ ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ បានជំទាស់ជុំវិញការប៉ុនប៉ងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន (Status Quo) ដោយកម្លាំងទ័ពនៅក្នុងសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។ មុនសេចក្តីថ្លែងការណ៍នេះ នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ ក៏បានព្រមានពីការការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន (Status Quo) នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយកម្លាំងទ័ពដែរ។
បន្ថែមពីសមុទ្រចិនខាងត្បូង និងខាងកើត ក្រុមប្រទេស G7 បានបញ្ជាក់ពីភាពចាំបាច់នៃស្ថិរភាព និងសន្តិភាព នៅច្រកសមុទ្រតៃវ៉ាន់ រួមទាំងដោះស្រាយបញ្ហាដែនទឹកមួយនេះ ប្រកបដោយសន្តិភាព។ កន្លងមក ចិនបានចាត់ទុកដែនទឹកមួយនេះ ស្ថិតក្រោមអធិបតេយ្យរបស់ខ្លួន ប៉ុន្តែត្រូវបានអាម៉េរិក និងតៃវ៉ាន់ច្រានចោល ដោយអះអាងថា វាជាតំបន់ស្ថិតក្នុងសមុទ្រអន្តរជាតិ។
ក្នុងសេចក្តីថ្លែងការណ៍កម្រាស់២៨ទំព័រដដែលនេះ មេដឹកនាំក្រុមប្រទេស G7 បានជំរុញឱ្យចិនគោរពសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង រួមទាំងទីបេ និងអនុវត្តតាមសេចក្តីថ្លែងការណ៍រួមអង់គ្លេស-ចិន ជុំវិញសិទ្ធិសេរីភាព និងស្វ័យភាពហុងកុង៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: