លក្ខិណា យល់ថាមានការងារធ្វើ ទន្ទឹមនឹងការសិក្សា គឺជារឿងល្អសម្រាប់យុវជន
  • ថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ ​​ ម៉ោង ៩:៥៧ នាទី ព្រឹក
លក្ខិណា យល់ថាមានការងារធ្វើ ទន្ទឹមនឹងការសិក្សា គឺជារឿងល្អសម្រាប់យុវជន

ការងារក្រៅម៉ោង ធ្វើឱ្យជីវិតជានិស្សិតរបស់លក្ខិណា កាន់តែរឹងមាំ។ រំខានម៉ោងសិក្សាមួយចំនួនមែន ប៉ុន្តែការទទួលបានការងារជាអ្នកឆុងកាហ្វេនៅក្នុងហាងមួយ បានបង្រៀនលក្ខិណាពីស្មារតីទទួលខុសត្រូវ ការធ្វើការងារជាក្រុម និងជាពិសេសបានផ្តល់ចំណូលប្រចាំខែទៀតផង។
TTN-Free-Banner-In-Article-PC
 
នៅក្នុងហាងកាហ្វេ Twen-t4 café & mart ដែលស្ថិតនៅលើផ្លូវ៩៧ ក្បែរអធិការដ្ឋានខណ្ឌចំការមន អ្នកឆុងកាហ្វេ ក៏ជាយុវជនដូចនៅតាមហាងកាហ្វេទូទៅដែរ។ នៅទីនេះ មានអ្នកឆុងកាហ្វេជាយុវនារី៣នាក់។ ក្នុងចំណោមនោះ ២នាក់គឺជានិស្សិត។ យើងនឹងមកស្គាល់យុវតី ស៊ិន បញ្ញាលក្ខិណា ដែលបានសម្រេចចិត្តជ្រើសរើសធ្វើការនៅក្នុងហាងកាហ្វេនេះ អមជាមួយនឹងការសិក្សារបស់កញ្ញា។
 
លក្ខិណា បានចាប់ផ្តើមចូលមកបម្រើការជាអ្នកឆុងកាហ្វេនៅក្នុងហាងកាហ្វេនេះជាង១ឆ្នាំមកហើយ។ ពោលគឺកាលពេល លក្ខិណា កំពុងសិក្សាឆ្នាំទី២នៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច។ ជាពលរដ្ឋមានដើមកំណើតនៅក្នុងក្រុងស្ទឹងសែននៃខេត្តកំពង់ធំ បញ្ញាលក្ខិណា បានជ្រើសរើសសិក្សាជំនាញពន្ធដារ និងសវនកម្ម ក្រោយពីបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំ២០១៩។
 


នៅក្នុងរាជធានីដែលជាទីនៃការប្រកួតប្រជែង លក្ខិណាបានជួលបន្ទប់ស្នាក់នៅដើម្បីបន្តការសិក្សាដូចយុវជនជាច្រើនដែលមកពីខេត្តនានាជុំវិញប្រទេសកម្ពុជាដែរ។ ឪពុករបស់លក្ខិណាគឺជាបុគ្គលិកនៃអង្គការក្រៅរដ្ឋាភិបាលមួយប្រចាំនៅក្នុងខេត្តកំពង់ធំ រីឯម្ដាយគឺជាមេផ្ទះ។ ក្នុងចំណោមបងប្អូនស្រី៣នាក់ លក្ខិណាគឺជាកូនទី២។ បងស្រីច្បងបានរៀបការហើយ។ ក្រៅពីប្អូនស្រីពៅ ដែលកំពុងស្ថិតនៅក្នុងបន្ទុករបស់ឪពុកម្ដាយ លក្ខិណាក៏មិនចង់ធ្វើខ្លួនជាបន្ទុកថែមដែរ។ ហេតុដូច្នេះហើយបានជានៅពេលមានឱកាសការងារនៅក្នុងហាងកាហ្វេភ្លាម កាលពីជាង១ឆ្នាំមុន លក្ខិណាបានសម្រេចចិត្តដោយគ្មានរារែក។ បញ្ញាលក្ខិណាពេញចិត្តនឹងសេចក្តីសម្រេចរបស់ខ្លួនឯង ហើយក៏កំពុងសប្បាយចិត្តដែលអាចធ្វើការងាររកចំណូលដោយខ្លួនឯង ដើម្បីសម្រាលបន្ទុកគ្រួសារ។
 
ដោយរីករាយនឹងការចែករំលែកពិសោធន៍ផ្ទាល់ខ្លួន លក្ខិណាបានផ្តល់ពេលវេលាឱ្យអ្នកសារព័ត៌មានថ្មីៗសម្ភាស។ ហាងកាហ្វេនោះត្រូវបានរៀបចំនៅក្នុងផ្ទះល្វែង។ មានតុអង្គុយមួយចំនួនស្ថិតនៅក្នុងផ្ទះដែលមានបំពាក់ម៉ាស៊ីនត្រជាក់ និងមានតុកាហ្វេ៣ផ្សេងទៀតដែលត្រូវបានរៀបចំនៅលើទីធ្លាមុខផ្ទះ សម្រាប់អ្នកដែលចូលចិត្តបរិយាកាសខាងក្រៅ។ ដើម្បីកុំឱ្យរំខានដល់ភ្ញៀវនៅផ្នែកខាងក្នុង លក្ខិណាបានយល់ព្រមឱ្យអ្នកកាសែតសម្ភាសនៅខាងក្រៅ ហើយដោយពឹងមិត្តរួមការងារម្នាក់ទៀតជាអ្នកឆុងកាហ្វេ ក្នុងករណីមានភ្ញៀវមក ក្នុងអំឡុងពេលដែលខ្លួនកំពុងជជែកជាមួយអ្នកកាសែត។ លក្ខិណា ផ្ដល់សម្ភាសទាំងខ្លួននៅពាក់អៀមដែលមានប៉ាក់អក្សរជាភាសាអង់គ្លេសថា Barista ដែលគេសម្គាល់ថាជាអ្នកឆុងកាហ្វេ។
 
និយាយអំពីការងារភ្លាម លក្ខិណាឆ្លើយតបដោយយ៉ាងលះ និងដោយមានទំនុកចិត្តលើខ្លួនឯងផងថា ការងារនៅក្នុងហាងកាហ្វេនេះបានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ជីវិតរបស់គាត់ក្នុងនាមជាយុវជនមួយរូប។ លក្ខិណា និយាយប្រាប់យ៉ាងដូច្នេះ៖«ទីមួយ ខ្ញុំបានរៀនសូត្រជំនាញថ្មីមួយទៀត គឺការឆុងកាហ្វេ។ វាមិនស្រួលទេ។ នៅទីនេះ ខ្ញុំបានរៀនពីការធ្វើការងារជាក្រុម រៀនធ្វើទំនាក់ទំនងល្អជាមួយអ្នកដទៃ។ សំខាន់ជាងនេះទៀត គឺខ្ញុំបានរកចំណូលសម្រាប់ខ្លួនឯង ក៏ដូចជាសម្រាលបន្ទុករបស់ឪពុកម្ដាយ។»។ លក្ខិណា បានទទួលប្រាក់ខែដំបូង៩០ដុល្លារសម្រាប់ដំណាក់កាលហ្វឹកហាត់។ ក្រោយមក ព្រោះតែការព្យាយាម និងការយកចិត្តទុកដាក់ចំពោះការងារ លក្ខិណាទទួលបានប្រាក់ខែ ១៥០ដុល្លារ។ គួរបញ្ជាក់ដែរថា នេះគឺជាចំនួនប្រាក់ខែពាក់កណ្ដាលពេលរបស់លក្ខិណាប៉ុណ្ណោះ ដោយសារតែលក្ខិណាត្រូវចំណាយពេលវេលាពេញមួយព្រឹកសម្រាប់ការសិក្សានៅសាកលវិទ្យាល័យ។ ដូច្នេះលក្ខិណាធ្វើការនៅក្នុងហាងកាហ្វេតែពេលរសៀលប៉ុណ្ណោះ។
 


មើលទៅលក្ខិណា ហាក់នៅមានអារម្មណ៍រំភើប និងអារម្មណ៍មោទកភាពចំពោះខ្លួនឯងនៅឡើយ ដ្បិតសម្រាប់យុវតីដដែលនេះ ត្រឹមការងារនៅក្នុងហាងកាហ្វេនេះ បានធ្វើផ្លាស់ប្តូរជីវិតរបស់ខ្លួនច្រើន។
 
តរុណីដដែលនេះក៏ជាមនុស្សស្មោះត្រង់ដែរ។ លក្ខិណា បាននិយាយប្រាប់អំពីស្ថានភាពការងាររបស់ខ្លួនទៅមិត្តភក្តិក្នុងថ្នាក់ ដើម្បីពេលខ្លះ ពួកគេអាចជួយសម្រួលដល់ការងារសិក្សាខ្លះដែរ។ លក្ខិណា បានរៀបរាប់ថា មិត្តភក្តិនៅក្នុងថ្នាក់រៀនបានដឹងអំពីគ្នាទៅវិញទៅមកអំពីស្ថានភាពផ្ទាល់ខ្លួន។ លក្ខិណា ប្រាប់ថា នៅក្នុងថ្នាក់រៀនដែលមាននិស្សិតប្រមាណ៦០នាក់ ជាង១០នាក់នៃមិត្តរួមថ្នាក់ បានកំពុងធ្វើការងារនៅខាងក្រៅ។ 
 
លក្ខិណា បង្ហាញចំណាប់អារម្មណ៍របស់ខ្លួនចំពោះការធ្វើការងារស្របនឹងការសិក្សាយ៉ាងដូច្នេះ៖«ខ្ញុំយល់ថា បើយុវជនអាចមានការងារធ្វើបណ្ដើរ វាពិតជាសំខាន់ណាស់។ ការងារ គឺជាឱកាសនៃការហាត់រៀន។ បើយើងសិក្សាផង ហើយយើងបានធ្វើការផង យើងនឹងបានហ្វឹកហាត់នៃការធ្វើទំនាក់ទំនង។ វានឹងផ្តល់ផលល្អសម្រាប់ថ្ងៃអនាគតរបស់យើង។»។ លក្ខិណា ពិចារណាតាមបែបចាស់ទុំថា ការងារអ្វីក៏សំខាន់សម្រាប់យុវជន ដោយបន្តរៀបរាប់យ៉ាងដូច្នេះ៖«ដូចការងាររបស់ខ្ញុំអ៊ីចឹង! ខ្ញុំមិនយល់ថា ការងារជាអ្នកឆុងកាហ្វេ ជាការងារតូចតាច កំប៉ិកកំប៉ុកនោះទេ។ មិត្តភក្តិរបស់ខ្ញុំមួយចំនួនបានសុំឱ្យខ្ញុំបង្រៀនពួកគេពីរបៀបឆុងកាហ្វេទៀតផង។ ខ្ញុំមានមិត្តរួមថ្នាក់ម្នាក់ដែលមកពីគ្រួសារធូរធាដែរ ប៉ុន្តែគាត់សុខចិត្តធ្វើការនៅតាមភោជនីយដ្ឋានមួយ ដើម្បីទទួលបានពិសោធន៍។ មិត្តរួមថ្នាក់របស់ខ្ញុំខ្លះទៀត ធ្វើជាអ្នកគិតលុយនៅតាមហាងនានា។»។ 
 


ទោះយ៉ាងណាក៏ដោយ បញ្ញាលក្ខិណា ក៏មិនច្រានចោលទាំងស្រុងថា ការងារមិនធ្វើឱ្យប៉ះពាល់ដល់ការសិក្សាក្នុងពេលវេលាខ្លះនោះដែរ។ ប៉ុន្តែសម្រាប់លក្ខិណា វាគឺជាបញ្ហា ឬឧបសគ្គដែលកើតឡើងដើម្បីឱ្យយុវជនរៀនដោះស្រាយ និងពង្រឹងសមត្ថភាពរបស់ខ្លួន។ គឺវាដូចជាលក្ខិណា ដែលបានផ្លាស់ប្ដូរពីជីវិតនៅស្រុកកំណើតដែលគិតតែពីរៀនសូត្រនៅវិទ្យាល័យ ប៉ុន្តែពេលមកដល់រាជធានី ក្នុងជីវភាពជានិស្សិតនៅឆ្ងាយផ្ទះ លក្ខិណាត្រូវរៀនរស់ដោយឯករាជ្យ ដោយរឹងប៉ឹង រៀនរកចំណូលដោយខ្លួនឯងអ៊ីចឹងដែរ និងជាពិសេសការគ្រប់គ្រងជីវិត និងរៀបចំអនាគតខ្លួនឯង។
 
សិក្សាដល់ឆ្នាំទី៣នេះ លក្ខិណានឹងដូរម៉ោងរៀនទៅពេលយប់វិញ ដើម្បីលក្ខិណាមានពេលច្រើនពេញមួយថ្ងៃ ហើយស្វែងរកការហ្វឹកហាត់ការងារជំនាញពន្ធដារ និងសវនកម្ម។ ស៊ិន បញ្ញាលក្ខិណា ចង់ក្លាយជាមន្ត្រីពន្ធដារ ដើម្បីចូលរួមអភិវឌ្ឍកម្ពុជាតាមរយៈការងារជំនាញរបស់ខ្លួន៕
 
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

វិច្ឆិកា