រោងចក្រទឹកស្អាតតម្លៃជិត ១២០លានដុល្លារ នៅកំពង់ចាម នឹងបញ្ចប់ការសាងសង់ឆ្នាំក្រោយ
  • ថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ ​​ ម៉ោង ៩:៥៩ នាទី យប់
រោងចក្រទឹកស្អាតតម្លៃជិត ១២០លានដុល្លារ នៅកំពង់ចាម នឹងបញ្ចប់ការសាងសង់ឆ្នាំក្រោយ
ពិធីចុះកិច្ចសន្យាសាងសង់រវាង លោក ចម ប្រសិទ្ធ (ឆ្វេង) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយលោក Wang Lei (ស្តាំ)ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co., Ltd

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងសាងសង់ស្ថានីយ៍បូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញ ទឹកស្អាត នៅក្នុងខេត្តកំពង់ចាម ក្រោមជំនួយជិត១២០លានដុល្លារ។ កញ្ចប់ថវិកាទាំងនេះ ជាកម្ចីនិងជំនួយពីធនាគារអភិវឌ្ឍអាស៊ី(ADB) ,ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) និងសហភាពអឺរ៉ុប(EU)។
TTN-Free-Banner-In-Article-PC

 
រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញ ទឹកស្អាត ក្នុងខេត្តកំពង់ចាម ដែលមានសមត្ថភាពប្រព្រឹត្តិកម្មទឹកស្អាតបានដល់ ១១៦០០ម៉ែត្រគូបក្នុងមួយថ្ងៃ នឹងត្រូវបញ្ចប់នៅពាក់កណ្តាល ឆ្នាំ២០២៣។ នេះបើយោងតាមក្រសួងឧស្សាហកម្ម ដោយបញ្ជាក់ថា គម្រោងសាងសង់នេះ មានទំហំទឹកប្រាក់សរុប ១១៩,១៧លានដុល្លារ។
 
ក្នុងពិធីចុះកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត រវាងក្រសួងឧស្សាហកម្ម និងក្រុមហ៊ុនBeijing Urban Construction Group Co., Ltd (BUCG) នាថ្ងៃទី២៩សីហា លោក រស់ សាលីន អនុរដ្ឋលេខាធិការក្រសួង បានរៀបរាប់ថា គម្រោងទឹកស្អាត និងអនាម័យខេត្ត(PWSSP)នេះ គឺជាគម្រោងហិរញ្ញប្បទានសម្បទានគ្រប់គ្រងដោយធនាគារអភិវឌ្ឍអាស៊ី(ADB)។
គម្រោងនេះគឺអនុវត្តនៅខេត្តបាត់ដំបង កំពង់ចាម ព្រះសីហនុ និងសៀមរាប។ ដោយឡែក ចំពោះការងារទឹកស្អាតត្រូវបានអនុវត្តតែនៅខេត្តបាត់ដំបង និងកំពង់ចាម ប៉ុណ្ណោះ។
 
លោក រស់ សាលីន   បានបញ្ជាក់ថា ថវិកាសម្រាប់អនុវត្តគម្រោងនេះ គឺមាន៥0លានដុល្លារ ជាឥណទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD), ថវិកាប្រមាណ៤៣លានដុល្លារ បានពីADB  និងជាង៥លានដុល្លារទៀត កម្ពុជាបានពីជំនួយឥតសំណងរបស់សហភាពអឺរ៉ុប(EU)។
 
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បាននិយាយថា គម្រោងនេះ ជំរុញគោលដៅអភិវឌ្ឍទឹកស្អាតរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៥ និងគោលដៅអភិវឌ្ឍន៍ ទឹកស្អាត ជាសាកលសម្រាប់ឆ្នាំ២០៣០។  ជាមួយគ្នានេះលោក ជំរុញការអនុវត្តគម្រោងនេះ ឱ្យដំណើរការស្របតាមកិច្ចសន្យា ប្រកបដោយគុណភាព និងរលូន តាមការគ្រោងទុក។
 
សូមជម្រាបថា រដ្ឋាភិបាលកម្ពុជាបានដាក់គោលដៅអភិវឌ្ឍសម្រេចឱ្យបាន ៩០ភាគរយនៃប្រជាជនដែលរស់នៅទីប្រជុំជន ឱ្យទទួលបានទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៣  ហើយឈានទៅសម្រេចឱ្យបាន ១០០ភាគរយនៅឆ្នាំ២០២៥  និងនៅឆ្នាំ២០៣០ មានទឹកស្អាតប្រើប្រាស់សម្រាប់ទាំងអស់គ្នា ៕
 

អ្នកសរសេរអត្ថបទ

ធន់ សេងហុង បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង (THUN Senghong)