UCL៖ Chelsea, AC Milan, Juventus ស្វែងរក៣ពិន្ទុដំបូងរៀងខ្លួន ខណៈ Real Madrid, Man City ស្វាគមន៍ក្រុមអាល្លឺម៉ង់
- ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ៥:១៩ នាទី ល្ងាច

Chelsea, AC Milan និង Juventus ត្រូវស្វែករកជ័យជម្នះលើកដំបូងរៀងខ្លួនសម្រាប់ជំនួបលើកទី២ វគ្គសន្សំពិន្ទុតាមពូល UEFA Champions League នៅរាត្រីថ្ងៃទី១៤ ខែកញ្ញា។ ចំណែក Real Madrid នឹងស្វាគមន៍ RB Leipzig ស្របពេល Manchester City ទទួល Borussia Dortmund។

ក្រុម AC Milan នឹងត្រូវបើកទ្វារកីឡដ្ឋាន San Siro ទទួលភ្ញៀវមកពីក្រូអាស៊ី Dinamo Zagreb សម្រាប់ជំនួបពូល E វេលាម៉ោង ១១:៤៥ យប់ (ម៉ោងនៅកម្ពុជា)។ AC Milan ដែលជាក្រុមជើងឯក Serie A រដូវកាលមុនចាប់ផ្តើមប្រកួតកាលថ្ងៃបើកឆាក UCL បានត្រឹមស្មើ Salzburg លទ្ធផល ១-១។ សម្រាប់រាត្រីនេះ AC Milan ត្រូវស្វែងរកជ័យជម្នះលើកដំបូងដើម្បីប្រជែងកៅអីទៅវគ្គបន្ត។


មិនខុសពី AC Milan នោះទេ Chelsea ដែលរងបរាជ័យនៅថ្ងៃបើកឆាកក្រោមថ្វីជើង Dimano Zagreb លទ្ធផល ១-០ ក៏កំពុងស្រែកឃ្លានជ័យជម្នះផងដែរ។ ក្រុមកំពុងស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Graham Potter ដែលមកជំនួសអ្នកចាត់ការលោក Thomas Tuchel ត្រូវមានភារកិច្ចដឹកនាំតោខៀវដណ្តើម៣ពិន្ទុជាលើកដំបូង។
Juventus ដែលស្ថិតក្នុងពូល H ឯណោះវិញក៏កំពុងតែទាមទារជ័យជម្នះចាំបាច់ផងដែរ ខណៈខ្លួនត្រូវការពិន្ទុប្រជែងជាមួយក្រុម PSG។ កាលជំនួបថ្ងៃបើកឆាក Juventus ចាញ់ Paris Saint Germain ២-១។ ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Massimiliano Allegri នឹងបើកទ្វារកីឡដ្ឋាន Allienz ទទួលក្រុមភ្ញៀវដែលឈរកំពូលតារាង SL Benfica សម្រាប់ជំនួបលើកទី២ នៃវគ្គសន្សំពិន្ទុ។ ក្នុងពូល H នេះ PSG ក៏ត្រូវធ្វើដំណើរទៅប្រកួតទល់ក្រុម Maccabi Haifa ដូចគ្នា។


ក្រឡែកជំនួបពូល F អធិរាជស Real Madrid ក៏ត្រូវបើកទ្វារកីឡដ្ឋាន Santiago Bernabeu ទទួលក្រុមមកពីអាល្លឺម៉ង់ RB Leipzig វេលាម៉ោង២ ក្រោយការប្រកួតរវាងក្រុម Shaktar Donetsk និង Celtic ដែលប្រកូតម៉ោង ១១:៤៥ នាទី បញ្ចប់ទៅ។
ជំនួបពូល G ដ៏កក្រើកនឹងកើតឡើងដោយក្រុម Manchester City ដឹកនាំដោយលោក Pep Gaurdiola ត្រូវស្វាគមន៍ក្រុមខ្លាំងមកពីអាល្លឺម៉ង Borussia Dortmund ក្នុងកីឡដ្ឋាន Etihad។ ជំនួបមួយគូទៀតក្នុងពូលនេះ FC Copenhagen ទទួល Sevilla វេលាម៉ោង ២ យប់។
នាថ្ងៃទី១៤ ខែកញ្ញានេះ ជំនួបក្នុងពូល A ក៏នៅមានការប្រកួតដែរដោយក្រុម Rangers នឹងត្រូវទទួល SSC Napoli វេលាម៉ោង ២ យប់៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: