រដ្ឋបាលខេត្តកែប នឹងរៀបចំពិធីប្រណាំងទូកផ្កាចារសមុទ្រនៅថ្ងៃចូលឆ្នាំសាកល
  • ថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២២ ​​ ម៉ោង ៩:៥៩ នាទី យប់
រដ្ឋបាលខេត្តកែប នឹងរៀបចំពិធីប្រណាំងទូកផ្កាចារសមុទ្រនៅថ្ងៃចូលឆ្នាំសាកល
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។ រូបភាពរដ្ឋបាលខេត្តកែប

រដ្ឋបាលខេត្តកែប នឹងរៀបចំកម្មពិធីតាំងពិព័រណ៍ចំនួន៣ថ្ងៃ នៅក្នុងពិធីចូលឆ្នាំសាកល ត្រូវនឹងថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ។ លើសពីនេះ រដ្ឋបាលខេត្តក៏នឹងរៀបចំ កម្មពិធីប្រណាំងទូកផ្កាចារសមុទ្រ បង្ហោះគោម បង្ហោះខ្លែង ប្រគុំតន្ត្រី និងបាញ់កាំជ្រួច។
TTN-Free-Banner-In-Article-PC
 
បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប ការរៀបចំព្រឹត្តិការណ៍ អបអរចូលឆ្នាំសាកល ឆ្នាំ២០២២ឆ្លងចូលឆ្នាំ២០២៣ នឹងធ្វើឡើងតាមបណ្ដោយឆ្នេរកែប នៅមុខសាលាខេត្តកែប។ ក្រៅពីតាំងពិព័រណ៍ពាណិជ្ជកម្ម រដ្ឋបាលខេត្តកែប ក៏នឹងរៀបចំការលេងល្បែងកម្សាន្តផ្សេងៗដែរ ជាពិសេសគឺការប្រណាំងទូកផ្កាចារសមុទ្រ។
 
ជាមួយគ្នានេះ រដ្ឋបាលខេត្តកែប ក៏អំពាវនាវឱ្យគ្រប់មន្ទីរ និងអង្គភាពនានា រៀបចំទូកផ្កាចារសមុទ្រ រៀងៗខ្លួនដើម្បីចូលរួមក្នុងកម្មពិធីប្រណាំងទូក នៅថ្ងៃទី២៩ ដល់៣១ធ្នូខាងមុខនេះផងដែរ។
 
សូមជម្រាបថា ភ្ញៀវទេសចរ ដែលចង់ទៅសម្រាកកម្សាន្តនៅខេត្តកែប ក្នុងថ្ងៃបុណ្យចូលឆ្នាំសាកល គួរកក់កន្លែងស្នាក់នៅជាមុនយ៉ាងហោចណាស់ ១សប្តាហ៍ ឬ១ខែ ដើម្បីភាពងាយស្រួល ព្រោះក្នុងពិធីបុណ្យទានមួយចំនួន កន្លែងស្នាក់នៅតែងខ្វះខាត៕
 

អ្នកសរសេរអត្ថបទ

ជឿន ស្រីណយ បានចូលបម្រើការងារនៅសារព័ត៌មានThmeyThmey នៅខែ មិថុនា ឆ្នាំ២០២០ ។ ស្រីណយ បានបញ្ចប់ការសិក្សាជំនាញ សារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា ក្នុងឆ្នាំ២០២១។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជឿន ស្រីណយ