វង់ទស្សនាចរណ៍ថ្មីនៅនាគព័ន្ធ អាចឱ្យទេសចរមើលធម្មជាតិ និងប្រាសាទបានពេញលេញ
- ថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០២២ ម៉ោង ៧:២៩ នាទី ល្ងាច

ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើង នាចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះកេសូរក្នុងពុទ្ធសាសនាមហាយាន។
សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានរៀបចំវង់ទស្សនាចរណ៍ប្រាសាទនាគព័ន្ធ សម្រាប់សម្រួលដល់ការដើរទស្សនារបស់ទេសចរ។ វង់ទស្សនាចរណ៍ប្រាសាទនេះ អាចឱ្យទេសចរបានដើរឆ្លងកាត់ព្រៃ និងទឹកដែលនៅជុំវិញប្រាសាទនាគព័ន្ធបានយ៉ាងពេញលេញ។ ទេសចរចំណាយពេល ១ដងទៅទស្សនាប្រាសាទនាគព័ន្ធ នឹងបានមើលឃើញគ្រប់ជ្រុងជ្រោយនៃប្រាសាទនាគព័ន្ធ។

សូមអញ្ជើញលោក អ្នកនាង កញ្ញា ទស្សនាបទសម្ភាសរវាង កញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និងលោក ង៉ោ ពេជ្រ មន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា ដូចតទៅ៖
ប្រាសាទនាគព័ន្ធ ជាទីតាំងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រមួយក្នុងខេត្តសៀមរាប។ ប្រាសាទនាគព័ន្ធមានភាពទាក់ទាញយ៉ាងខ្លាំង ត្បិតត្រូវបានសាងសង់ឡើងនៅកណ្ដាលបារាយណ៍ ដែលមានទឹកជុំវិញ។ នាពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានធ្វើស្ពានមួយ ដើម្បីឆ្លងបារាយណ៍ទៅកាន់ទីធ្លាប្រាសាទនាគព័ន្ធ។ អាជ្ញាធរជាតិអប្សរា ក៏គ្រោងបើកកំពង់ទឹកឡើងវិញ ដើម្បីឱ្យភ្ញៀវទេសចរអាចជិះទូកទៅទស្សនាប្រាសាទនាគព័ន្ធបានដែរ។
លោក ង៉ោ ពេជ្រ មន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា លើកឡើងថា ក្រៅពីធ្វើស្ពានប្រវែង៤៥០ម៉ែត្រ អាជ្ញាធរជាតិអប្សរា ក៏បានធ្វើផ្លូវទស្សនាចរណ៍ថ្មីសម្រាប់ភ្ញៀវទេសចរបានទស្សនា និងដើរកម្សាន្តនៅប្រាសាទនាគព័ន្ធបានពេញលេញ។ ភ្ញៀវទេសចរ អាចដើរទស្សនាវង់ខាងក្រៅប្រាសាទ ដែលមានព្រៃជុំវិញ បន្ទាប់មកទេសចរអាចដើរទស្សនាប្រាសាទនាគព័ន្ធ។

លោក ង៉ោ ពេជ្រ មន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា
«វង់ទស្សនាចរណ៍ថ្មីនេះ ទេសចរអាចមើលព្រៃឈើ វល្លិ៍ប្លែកៗ និងស្អាតៗ ជាពិសេសក៏មានសត្វព្រៃ និងសត្វដែលនៅលើទឹក។ ទេសចរអាចថតរូបស្អាតៗបាន។ យើងបានធ្វើផ្លូវជាវង់រួចហើយ ដូច្នេះទេសចរពេលមកដល់អាចដើរឆ្វែលទាំងមូលបាន។ វង់ទស្សនាចរណ៍នេះ ក៏សម្រួលកុំឱ្យកកស្ទះភ្ញៀវនៅតែបរិវេណណាមួយ »។ នេះជាការរៀបរាប់របស់លោក ង៉ោ ពេជ្រ។
នៅតាមផ្លូវថ្មី នៃវង់ទស្សនាចរណ៍ប្រាសាទនាគព័ន្ធក៏មានតុឈើ សម្រាប់ឱ្យភ្ញៀវទេសចរសម្រាក ពេលដើរកម្សាន្តហត់។ បន្ទាប់ពីទេសចរដើរទស្សនាវង់ខាងក្រៅហើយទេសចរ អាចដើរឆ្វែលមើលប្រាសាទនាគព័ន្ធដែលនៅខាងក្នុងបាន។ ប្រាសាទនាគព័ន្ធ ជាអតីតមន្ទីរពេទ្រជាសម័យបុរាណ។ នៅជាប់ប្រាសាទនាគព័ន្ធមានស្រះទឹកតូចៗចំនួន៤ ដែលទេសចរតែងយកទឹកនៅស្រះនោះដើម្បីលុបមុខ និងសុំសេចក្ដីសុខ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: