លោក អូន ព័ន្ធមុនីរ័ត្ន ឱ្យមន្ត្រីកសិកម្មទាំងអស់បន្តអនុវត្តការងារ តាមទំនួលខុសត្រូវរបស់ខ្លួន
- ថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០២២ ម៉ោង ៩:៥៩ នាទី យប់

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីស្ដីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីស្ដីទីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានចេញសេចក្ដីណែនាំ ឱ្យមន្រ្តីនៃក្រសួងកសិកម្ម ទាំងអស់បន្តអនុវត្តការងារ និងភារកិច្ចដែលកំណត់ដោយច្បាប់។

សេចក្ដីណែនាំរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រម្លឹកថា ខុទ្ទកាល័យក្រសួងកសិកម្ម ត្រូវរក្សាឯកសាររបស់ក្រសួងឱ្យបានត្រឹមត្រូវ និងសុវត្ថិភាព ដើម្បីប្រគល់ឱ្យខុទ្ទការល័យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលគ្រោងឡើងកាន់តំណែងថ្មី។ ជាមួយគ្នានេះ ខុទ្ទកាល័យរដ្ឋមន្ត្រីចាស់ ត្រូវប្រគល់ត្រា របស់ក្រសួងកសិកម្ម ឱ្យខុទ្ទកាល័យរដ្ឋមន្ត្រីស្ដីទី ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីគ្រប់គ្រង រហូតដល់មានរដ្ឋមន្ត្រីថ្មី។
ចំណែកឯកសារផ្សេងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបញ្ជូនទៅក្រសួងសេដ្ឋកិច្ច ដើម្បីឱ្យរដ្ឋមន្ត្រីស្ដីទី ពិនិត្យ និងសម្រេច។ នេះបើតាមសេចក្ដីណែនាំ ដែលបានចុះហត្ថលេខាដោយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីស្ដីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សូមជម្រាបថា កាលពីថ្ងៃទី៨ តុលា ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការសម្រេចនេះ ធ្វើឡើងតាមការស្នើសុំរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានចេញសេចក្ដីសម្រេចឱ្យលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្ដីទីនៃក្រសួងកសិកម្ម។ នេះបើយោងតាមសេចក្ដីសម្រេច របស់រដ្ឋាភិបាលចេញថ្ងៃទី៨ តុលា ដោយសម្ដេច ហ៊ុន សែន៕
© រក្សាសិទ្ធិដោយ thmeythmey.com