ក្រោយអាម៉េរិកចាប់មន្រ្តីកម្ពុជា ក្រសួងកសិកម្ម បំភ្លឺថា ការនាំចេញស្វាក្តាម គឺផ្អែកលើច្បាប់ជាតិ-អន្តរជាតិ
  • ថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ​​ ម៉ោង ១០:៤៦ នាទី យប់
ក្រោយអាម៉េរិកចាប់មន្រ្តីកម្ពុជា ក្រសួងកសិកម្ម បំភ្លឺថា ការនាំចេញស្វាក្តាម គឺផ្អែកលើច្បាប់ជាតិ-អន្តរជាតិ
រូបសត្វស្វាក្តាម ពីហ្វេសប៊ុកក្រសួងកសិកម្ម

សមត្ថកិច្ចកម្ពុជា បានអនុញ្ញាតឲ្យនាំចេញសត្វស្វាក្តាម ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិជាតិ-អន្តរជាតិ។ នេះជាការបំភ្លឺរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញនៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
TTN-Free-Banner-In-Article-PC


ក្រសួងកសិកម្ម អះអាងទៀតថា ចំពោះការនាំចេញស្វាក្តាមទៅអាម៉េរិក ក្រុមហ៊ុន ដែលប្រកបអាជីវកម្មនាំចេញស្វាក្តាមនេះ ត្រូវបានអនុវត្តទៅតាមនីតិវិធីរបស់អាម៉េរិក។ ការចេញសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម គឺបន្ទាប់ពីលោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃនៃក្រសួងកសិកម្ម ត្រូវបានចាប់ខ្លួនលើទឹកដីអាម៉េរិក ក្រោមបទចោទថា លោក សមគំនិតក្នុងការនាំស្វាក្តាមជិតផុតពូជ ទៅលក់នៅអាម៉េរិកដោយខុសច្បាប់។

អត្ថបទទាក់ទង

ក្រសួងកសិកម្ម បង្ហាញការភ្ញាក់ផ្អើល ការហួសចិត្ត និងក្តីទោមនស្សយ៉ាងខ្លាំង ដែលសមត្ថកិច្ចអាម៉េរិកចាប់លោក គ្រី ម៉ះផល។ ក្រសួង លើកឡើងថា នៅកម្ពុជា ស្វាក្តាម ជាប្រភេទសត្វសម្បូរ និងមានវត្តមាននៅទូទាំងប្រទេស។ ក្រសួង បន្តថា ស្វាក្តាម ត្រូវបាននាំចេញ ក្នុងគោលដៅបម្រើឲ្យវិស័យវេជ្ជសាស្រ្ត។ 

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌អាម៉េរិក លោក គ្រី ម៉ះផល ត្រូវចាប់ខ្លួន នៅព្រលានយន្តហោះ ក្នុងទីក្រុងញូយក សហរដ្ឋអាម៉េរិក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ តាមពិត មន្រ្តីខ្មែរ មិនមែនតែលោក គ្រី ម៉ះផល នោះទេ ដោយនៅមានលោក កែវ អូម៉ាលីស ប្រធានរដ្ឋបាលព្រៃឈើម្នាក់ទៀត ក៏ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការនាំស្វាក្តាមទៅលក់នៅអាម៉េរិកដែរ។

ជនសង្ស័យទាំងអស់ ដែលសមត្ថកិច្ចអាម៉េរិករកឃើញក្នុងសំណុំរឿងនេះ មាន៨នាក់ ដោយក្នុងនោះ មន្រ្តីកម្ពុជា២នាក់ និងបុគ្គល៦នាក់ទៀតរបស់ក្រុមហ៊ុននៅអាម៉េរិក ដែលទទួលទិញសត្វស្វាក្តាម។ ប៉ុន្តែ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌អាម៉េរិក បញ្ជាក់តែពីលោក គ្រី ម៉ះផល ម្នាក់ប៉ុណ្ណោះ ដែលត្រូវចាប់ខ្លួនបាន។

ព័ត៌មានបន្ថែមក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មកម្ពុជា បានឲ្យដឹងថា លោក គ្រី ម៉ះផល ត្រូវសមត្ថកិច្ចអាម៉េរិកចាប់ខ្លួន ពេលលោក កំពុងរង់ចាំឡើងយន្តហោះ ធ្វើដំណើរបន្តចេញពីទឹកដីអាម៉េរិក ទៅកាន់ប្រទេសដាណឺម៉ាក ដើម្បីចូលរួមកិច្ចប្រជុំស្តីពីអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ ដែលហៅកាត់ជាភាសាអង់គ្លេសថា សាយតេស (CITES)៕

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ