ស.ស.យ.ក. ធ្វើមហាសន្និបាតវិសាមញ្ញពង្រីកកម្លាំងយុវជនចូលរួមអភិវឌ្ឍកម្ពុជា
- ថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ១០:២៣ នាទី ព្រឹក

សមាជិកសមាជិការជាង១៤០០នាក់ដែលតំណាងឱ្យសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេសបានជួបជុំគ្នានៅក្នុងមហាសន្និបាតវិសាមញ្ញរបស់ខ្លួននៅថ្ងៃទី២៦-២៧ខែវិច្ឆិកានេះ។ កិច្ចប្រជុំកម្រិតខ្ពស់របស់ ស.ស.យ.ក. ដែលត្រូវបានរៀបចំនៅសណ្ឋាគារ ហ្កាឌិនស៊ីធី បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ដែលជាប្រធានចលនាយុវជនដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ស.ស.យ.ក. ក្នុងរយៈពេល២ថ្ងៃនេះ មហាសន្និបាតនឹងបូកសរុបសកម្មភាព សមិទ្ធផលការងាររបស់ខ្លួន ពិនិត្យនិងវិសោធនកម្មលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុង បោះឆ្នោតបំពេញបន្ថែមសមាសភាពសមាជិកភាពគណៈកម្មាធិការកណ្ដាល និងអនុម័តផែនការយុទ្ធសាស្ត្រ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» របស់ ស.ស.យ.ក.។
នៅក្នុងឱកាសបើកមហាសន្និបាតនេះ លោក ហ៊ុន ម៉ានី មិនបានភ្លេចលើកឡើងអំពីការកំណើតរបស់ ស.ស.យ.ក. ដែលកើតចេញពីរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ធ្នូ១៩៧៨។ ស.ស.យ.ក. ត្រូវបានប្ដូឈ្មោះពី សមាគមយុវជនកម្ពុជានៅក្នុងមហាសន្និបាតលើកទី៣នៅថ្ងៃទី២-៣ ខែវិច្ឆិកាឆ្នាំ២០១២។
យោងតាមសេចក្ដីប្រកាសព័ត៌មាន លោក ហ៊ុន ម៉ានី បានថ្លែងប្រាប់សមាជិកសមាជិកាយ៉ាងដូច្នេះ៖«ស.ស.យ.ក. បានក្លាយជាវេទិកាទូលំទូលាយ និងជាឆ័ត្ររួម ដែលអនុញ្ញាតឱ្យគ្រប់កោសិកានៃសង្គមកម្ពុជាបានចូលរួមក្នុងការជំរុញចក្ខុវិស័យរួមរបស់កម្ពុជាដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ដោយបានក្លាយជាអង្គការចាត់តាំងយុវជនមួយដ៏ធំជាងគេក្នុងប្រទេស។» លោក ហ៊ុន ម៉ានី បន្តទៀតថា៖«ស.ស.យ.ក. បានឈានមុខក្នុងការចូលរួមពូនជ្រុំកម្លាំងយុវជនឱ្យក្លាយជាកម្លាំងមហាសាមគ្គីក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម និងបន្តដំណើររួមគ្នាឆ្ពោះទៅកសាងសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថាន រស់នៅល្អប្រសើរ មានវឌ្ឍនភាពរីកចំរើនលើគ្រប់វិស័យ ក្នុងសេចក្តីប៉ងប្រាថ្នាក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។»។
គួរបញ្ជាក់ផងដែរថា យោងតាមរបៀបវារៈ លោក ហ៊ុន ម៉ាណែត នឹងមានវត្តមានដើម្បីថ្លែងបិទមហាសន្និបាតវិសាមញ្ញរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បន្ទាប់ពីលោក ហ៊ុន ម៉ានី អានរបាយការណ៍បូកសរុបលទ្ធផលនៃមហាសន្និបាត។
លោក ហ៊ុន ម៉ាណែត គឺជាប្រធានយុវជននៃគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា៕







អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com