ទស្សនៈ​៖ ការពារ​អនាគត​?
  • ថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០២២ ​​ ម៉ោង ៤:៥៩ នាទី រសៀល
ទស្សនៈ​៖ ការពារ​អនាគត​?

«​ការពារ​អនាគត​!» ជា​ពាក្យ​បំផុសគំនិត​ថ្មី​ចុងក្រោយ​មួយទៀត​របស់លោក ហ៊ុន ម៉ា​នី​។ ក្នុង​សេចក្តីថ្លែងការណ៍​រយៈពេល​៣០​នាទី កាលពី​យប់​ថ្ងៃទី​៣​ខែធ្នូ​ទៅកាន់​សមាជិក​សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គឺ​នៅ​ផ្នែក​ចុងក្រោយ​ឯណោះ ដែល​ទាញយក​ការពិចារណា​របស់ខ្ញុំ​ភា្ល​ម ក្នុងនាម​ខ្ញុំ​ជា​អ្នក​ធ្លាប់​តាមដាន​អ្នកនយោបាយ​បន្តវេន​រូបនេះ​។​
TTN-Free-Banner-In-Article-PC
 
​លោក ហ៊ុន ម៉ា​នី ថ្លែង​យ៉ាង​ដូច្នេះ ៖«​ការពារ​អនាគត​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធានាថា កម្ពុជា​ជា​ប្រជាជាតិ​ដែលមាន​ភាពសម្បូរ​សប្បាយ កម្ពុ​ជាមាន​ភាពរឹងមាំ​នៃ​ខឿន​ការពារជាតិ និង​សន្តិសុខ​ជាតិ និង​កម្ពុ​ជាមាន​ភាព​ធ​ន់​នៃ​ខឿនសេដ្ឋកិច្ច និង​ពោរពេញ​ដោយ​ឱកាស​។​»​។​
 
​ខ្ញុំ​មិនទាន់​មានឱកាស​សម្ភាស​សួរ​អំពី​ជម្រៅ​នៃ​ពាក្យ​ចុងក្រោយ​មួយ​នេះ​ទៅ​លោក ម៉ា​នី ដូច​បណ្ដា​ពាក្យ​បំផុសគំនិត​មុនៗ​ឡើយ​។ តែដោយសារ​តែ​ខ្ញុំ​ចាប់អារម្មណ៍​នឹង​ពាក្យ «​ការពារ​អនាគត​» នេះ ខ្ញុំ​សាកល្បង​បង្ហាញ​ការយល់ឃើញ​របស់ខ្ញុំ​ជាមួយ​អ្នក​ទាំងអស់គ្នា​ចំពោះ​ពាក្យ​នេះ​។​
 
​អ្វី​ជា​អនាគត​កម្ពុជា​?
 
​ខ្ញុំ​ពុំបាន​ទៅ​ចូលរួម​ស្ដាប់​សេចក្តីថ្លែងការណ៍​នេះ ដោយផ្ទាល់​នៅ​ទីតាំង​រៀបចំ​កម្មវិធី​រម្លឹក​ខួប​៤៤​ឆ្នាំ នៃ​ការបង្កើត​ចលនា​យុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ប្រព្រឹត្តទៅ​នៅ​វិមាន​ឈ្នះ​ឈ្នះ​នោះឡើយ​។ ខ្ញុំ​បាន​តាមដាន​សេចក្តីថ្លែងការណ៍​របស់​លោក ម៉ា​នី តាមរយៈ​ការផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​។ លោក ម៉ា​នី ជា​អ្នកនយោបាយ​ដែល​ផ្តោតលើ​ខ្លឹមសារ​។ នៅ​ផ្នែក​បញ្ចប់​នៃ​សេចក្តីថ្លែងការណ៍​ដែល​លោក ម៉ា​នី ចាប់ផ្តើម​និយាយ​អំពី​អនាគត​របស់​កម្ពុជា​នោះ កុមារា កុមារី មួយក្រុម​បាន​ឡើងលើ​វេទិកា ឈរ​ជា​ជួរ​ត្រង់ភ្លឹង នៅ​ពី​ខាងក្រោយ​លោក ម៉ា​នី  និង​អនុប្រធាន​សហភាព​សហ​ព័ន្ធ​៥​រូប​ទៀត​។ ទិដ្ឋភាព​នេះ ត្រូវ​បានរៀបចំ​ក៏ពិតមែន តែ​វា​ឆ្លុះបញ្ចាំង​ពីអ្វី​ដែល​លោក ម៉ា​នី ចង់​ប្រាប់​ទៅ​ប្រជាជាតិ ដែល​ធំ​ជាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ទៅទៀត​។ អនាគត​កម្ពុជា គឺ​កុមារ​កម្ពុជា​គ្រប់​ជំនាន់​។​
​ខ្ញុំ​យល់ថា ការថែរក្សា​បាន​នូវ​ភាពសម្បូរ​សប្បាយ រក្សារ​បាន​នូវ​ខឿន​ការពារជាតិ និង​ខឿនសេដ្ឋកិច្ច​រឹងមាំ នោះ គឺ​ដើម្បី​ធានា​និរន្តរភាព ឬ​អ​តិ្ថ​ភាព​នៃ​ការបន្ត​ជំនាន់​នៃ​មនុស្ស​ខ្មែរ​ដែល​កាន់តែខ្លាំង កាន់តែ​ពូកែ​នោះឯង​។​
 
​ហេតុអ្វី​លោក ហ៊ុន ម៉ា​នី អំពាវនាវ​ឱ្យមាន​ការថែរក្សា​ការពារ​អនាគត​នោះ​? 
 
«​ការពារ​អនាគត​» ហាក់ជា​មធ្យោបាយ ឬ​ជា​វិធាន​ដែល​ត្រូវបង្កើត​ឡើងជា​ចាំបាច់​ដើម្បី​ឆ្លើយតប​ទៅនឹង «​ក្ដីសង្ឃឹម ហ៊ុន ម៉ា​នី​» ដែល​ខ្ញុំ​បានជ្រើសរើស​ធ្វើជា​ចំណងជើង​នៃ​ស្នាដៃ​សៀវភៅ​របស់ខ្ញុំ​។ «​ក្ដីសង្ឃឹម ហ៊ុន ម៉ា​នី​» គឺ​ភាពសម្បូរ​សប្បាយ​របស់​ប្រជាជន និង​ការអភិវឌ្ឍ​ទៅមុខ​ជានិច្ច​របស់​ប្រទេសជាតិ​។ លោក ហ៊ុន ម៉ា​នី បង្កើត និង​បំផុសបាន​ហើយ​នូវ​ក្តីសង្ឃឹម​មួយ​ដែល​អាច​ក្លាយជា​ការពិត​បាន​នៅ​ថ្ងៃ​អនាគត​។ តែ​លោក ម៉ា​នី ភ្លេច​គិតថា គេ​ត្រូវការពារ​ក្ដីសង្ឃឹម​ក្នុង​ថ្ងៃ​អនាគត​នោះ​។ ប្រហែលជា​យ៉ាង​ដូច្នេះហើយ បានជា​លោក​បញ្ចេញ​ពាក្យ​នេះ នៅ​ថ្ងៃ​រម្លឹក​ខួប​ប្រវត្តិសាស្ត្រ​លើក​ទី​៤៤ នៃ​ការបង្កើត​ចលនា​យុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​លើក​ទី​១០ នៃ​ការប្ដូរឈ្មោះ​ពី​សមាគមយុវជន​កម្ពុជា មកជា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​
 



បើ​គេ​ស្ដាប់​សេចក្តីថ្លែងការណ៍​ទាំងមូល លោក ហ៊ុន ម៉ា​នី បាន​នាំ​អារម្មណ៍​អ្នក​ស្ដាប់ ឱ្យទៅ​មើល​អតីតកាល​របស់​ក​ម្ពុ​ជា​។ សង្គ្រាមស៊ីវិល របប​ប្រល័យពូជសាសន៍ ការជ្រៀតជ្រែក​របស់​ប​រទេស​ក្នុង​កិច្ចការ​នយោបាយ​ផ្ទៃក្នុង​របស់​កម្ពុជា បាន​បំផ្លាញ​កម្ពុជា និង​ប​ន្ទុ​ច​បង្អាក់​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​យ៉ាងខ្លាំង​។ អ្នកនយោបាយ​បន្តវេន ហាក់​នៅ​បារម្ភ​នៅឡើយ​អំពី​អនាគត​របស់​កម្ពុជា​។ 
 
​អ្នកណា​ត្រូវការពារ​អនាគត​នោះ​?
 
​ការអំពាវនាវ​ឱ្យចូល​រួម​«​ការពារ​អនាគត​» ត្រូវបាន​ធ្វើឡើង​ទៅកាន់​សមាជិក​សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ត្រូវបាន​ពង្រីក​ទៅដល់​គ្រប់​មជ្ឈដ្ឋាន​ហើយ​។ សម្រាប់​ខ្ញុំ លោក ហ៊ុន ម៉ា​នី ទំនងជា​យល់ឃើញថា អ្នក​ដែល​អនុវត្ត​ស្មារតី «​ការពារ​អនាគត​» នេះ​មុនគេ គួរតែ​ជា​សមាជិក​សមាជិកា​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ បន្ទាប់មក គឺ​យុវជន​ដទៃទៀត និង​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ​ផ្សេងទៀត​ដែល​យល់ស្រប​គំនិត​នេះដែរ​។​
 
​ពិធី​រម្លឹក​ខួបកំណើត​ចលនា​យុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ត្រូវបាន​រៀបចំ​ធ្វើ​នៅលើ​ទីធ្លា​នៃ​វិមាន​ឈ្នះ​ឈ្នះ ដែលជា​ទីតាំង​និមិត្តរូប​ដ៏​មាន​អត្ថន័យ​។ ទីនេះ ជា​ព្រំដែន​នៃ​សង្គ្រាម និង​សន្តិភាព ដែល​យុវជន​បច្ចុប្បន្ន​ត្រូវ​ស្វែងយល់​ដើម្បី​ធ្វើ​សេចក្តីសម្រេចចិត្ត​ឱ្យបាន​ត្រឹមត្រូវ​។ ទីនេះ បង្ហាញ​ពី​ការចាប់ផ្តើម​នៃ​សន្តិភាព​របស់​កម្ពុជា និង​បង្ហាញថា យុវជន​ជំនាន់​មុន​បាន​កសាង​កម្ពុជា បច្ចុប្បន្ន​សម្រាប់​យុវជន​បច្ចុប្បន្ន​។ 
 
​ចំពោះ​លោក ម៉ា​នី ការ «​ការពារ​អនាគត​» គឺជា​កាតព្វកិច្ច​របស់​យុវជន​បច្ចុប្បន្ន ដែល​ត្រូវ​រួមចំណែក​ទទួលខុសត្រូវ​ទាំងអស់គ្នា​៕
 
 

អ្នកសរសេរអត្ថបទ

Mr. LEANG Delux, born in 1980, from Kampong Cham province, started his career as journalist in 2000 after graduated from RUPP where he received a Bachelor degree in French literature and a diploma in Journalism. Prior to holding the current position as Publisher of the well-known online news, www.thmeythmey.com, which he is a founder, Mr. Delux has worked for some renowned media outlets such as: french speaking newspaper Cambodge soir (2000-2009), Radio France Internationale (2002-2013) and Rasmei Kampuchea (2009-2011). While carrying out his journalism career, Mr. LEANG Delux has actively involved in training young journalists. He also won many prize writing contests organized by embassies and NGOs in Cambodia and had covered many international events abroad.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

លាង ដឺ​លុច