ជំងឺលើសឈាមមានរោគសញ្ញាអ្វីខ្លះ?
- ថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ៦:៥៩ នាទី ព្រឹក

ចំពោះមនុស្សភាគច្រើនការលើសឈាមមិនមានធ្វើឱ្យមានរោគសញ្ញាអ្វីទេ ថ្វីបើថាមានការជួនគ្នានៃរោគសញ្ញាមួយចំនួនដែលគេគិតដោយមិនត្រឹមត្រូវទេថាទាក់ទងគ្នាជាមួយនឹងជំងឺលើសឈាម ដូចជាឈឺក្បាល ហូរឈាមតាមច្រមុះ ខ្យល់ចាប់ មុខឡើងក្រហម និងអស់កម្លាំងជាដើម។ អ្នកមានជំងឺលើសឈាមអាចមានបណ្ដារោគសញ្ញាទាំងអស់នេះ ក៏ប៉ុន្ដែអ្នកដែលមានសម្ពាធឈាមធម្មតាក៏មានដូចគ្នាដែរ។

ជំងឺលើសឈាមធ្ងន់ធ្ងរនិងយូរយារដែលមិនមានការព្យាបាល (ជាពិសេសគឺ malignant hypertension) អាចធ្វើឱ្យលេចចេញនូវរោគសញ្ញាមួយចំនួន ព្រោះវាអាចធ្វើឱ្យខូចខួរក្បាល ភ្នែក បេះដូង និងតម្រងនោម។ រោគសញ្ញារួមមានការឈឺក្បាល អស់កម្លាំង ក្អួតចង្អោរ ដង្ហើមដង្ហក់ រសាប់រសល់ និងស្រវាំងភ្នែក។ ម្ដងម្កាលការលើសឈាមធ្ងន់ធ្ងរអាចធ្វើឱ្យខួរក្បាលរីកធំឡើង ហើយធ្វើឱ្យទៅជា មានការក្អួតចង្អោរ ឈឺក្បាលខ្លាំង ដេករលីវៗ វង្វេងវង្វាន់ ប្រកាច់ ងងុយដេក និងសន្លប់បាន។ ករណីបែបនេះដែលគេហៅថា hypertensive encephalopathy ទាមទារឱ្យមានការព្យាបាលជាបន្ទាន់។
បើសិនជាជំងឺលើសឈាមបណ្ដាលមកពី pheochromocytoma (មានដុះសាច់នៅក្នុងក្រពេញអាដ្រេណាល់) រោគសញ្ញាអាចរួមមាន ឈឺក្បាលខ្លាំង ព្រួយបារម្ភ ការដឹងខ្លួនថាបេះដូងដើរញាប់និងមិនទៀងទាត់ បែកញើសច្រើន ញ័រដៃជើង ស្លេកស្លាំង)។ រោគសញ្ញាទាំងអស់នេះលេចចេញមកពីការបញ្ចេញអ័រម៉ូនអេពីនេហ្វ្រ៉ីន និងណូរេពីនេហ្វ្រីនក្នុងកម្រិតច្រើន។
កាលណាសម្ពាធឈាមក្នុងអាកទែរមានលើសពី ១៤០/៩០ បេះដូងរីក ហើយជញ្ជាំងបេះដូងឡើងក្រាស់ ព្រោះបេះដូងត្រូវប្រឹងកន្ដ្រាក់ច្របាច់ឈាមចេញ។ ជញ្ជាំងដែលឡើងក្រាស់ទៅជាស្ពឹក មិនដូចនៅក្នុងករណីធម្មតាទេ។ ជាលទ្ធផលគឺបន្ទប់បេះដូងមិនអាចរីកដូចធម្មតាបានទេ ហើយមានការលំបាកក្នុងការធ្វើឱ្យមានឈាមពេញម្ល៉ោះហើយរឹតតែធ្វើឱ្យបេះដូងប្រឹងធ្វើការឡើងថែមទៀត។ កាផ្លាស់ប្ដូរនេះអាចធ្វើឱ្យចង្វាក់កន្ដ្រាក់របស់បេះដូងខុសធម្មតា រួចធ្វើឱ្យមានការខ្សោយបេះដូង។
ត្រួតពិនិត្យដោយ៖ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com