កម្ពុជា-អាមេរិក៖ ចាប់ដៃរលាក់ប្រសើរជាងទំនាក់ទំនងរលាក់
- ថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ១១:០៦ នាទី ព្រឹក

ជារូបភាពដ៏កម្រ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ដៃរលាក់ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy នៅចំពីមុខផ្លាកសញ្ញាតំណាងស្ថានទូត នៅក្នុងអគារស្ថានទូតក្បែររមណីយដ្ឋានវត្តភ្នំ។ ការទទួលស្វាគមន៍សម្តេចនាយករដ្ឋមន្ត្រីនៃប្រទេសសាមីនៅក្នុងស្ថានទូតត្រូវបានរៀបចំឡើងកាលពីល្ងាចថ្ងៃសុក្រទី២៣ខែធ្នូនេះ។

ឯកអគ្គរដ្ឋទូត Patrick បានសរសេរនៅក្នុងគណនី Twitter របស់លោកដើម្បីប្រាប់សាធារណជនឱ្យដឹងថា៖«យើងបានអញ្ជើញនិងទទួលស្វាគមន៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រតិភូរបស់សម្តេចនៅថ្ងៃនេះនៅស្ថានទូតសហរដ្ឋអាមេរិក ដើម្បីសាទរថ្ងៃចុងឆ្នាំ និងពិភាក្សាអំពីការខិតខំប្រឹងប្រែងធ្វើទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើង។»។
ឯកអគ្គរដ្ឋទូតបានសរសេរអបអរសាទរកម្ពុជាផងដែរ ដោយបញ្ជាក់ថា ឆ្នាំ២០២២ គឺជាឆ្នាំដ៏ជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ជាប្រវត្តិសាស្ត្រ និងដោយបានបង្កើនភាពជាដៃគូរបស់អាមេរិកជាមួយនឹងអាស៊ាន។
ក្រៅពីលោក Patrick Murphy ក៏មានលោក ហ៊ុន ម៉ានី ដែលមានវត្តមាននៅក្នុងប្រតិភូរដ្ឋាភិបាលកម្ពុជាដែរ ដែលបានបង្ហោះរូបភាពដ៏កម្រនេះ។ នៅក្នុងកម្រងរូបភាពដែលលោក ហ៊ុន ម៉ានី បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននោះ គេឃើញមានវត្តមានលោកប្រមុខការទូត ប្រាក់ សុខុន, រដ្ឋមន្ត្រីក្រសួងវប្បធម៌ ភឿង សកុណា, លោក កៅ គឹមហួន និងលោក ស្រ៊ី ថាមរុង្គ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាពិសេសកូនប្រុស និងកូនប្រសារប្រុសរបស់សម្តេច ហ៊ុន សែនដូចជា លោក ហ៊ុន ម៉ានិត, លោក ហ៊ុន ម៉ានី, លោក ឌី វិជ្ជា និងលោក សុខ ពុទ្ធិវុធ។
លោក ហ៊ុន ម៉ានី ក៏សរសេរជាភាសាអង់គ្លេសនៅលើគណនីហ្វេសប៊ុកពីលើរូបថតទាំងនោះដែរថា [រូបភាពទាំងនេះ] គឺជាការរម្លឹកអំពីទំនាក់ទំនងល្អ ក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និ្ទទ្ធរវាងរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិកនៅក្នុងក្របខណ្ឌទំនងទំនងទ្វេភាគផង និងតំបន់ផង ដូចជាអាស៊ាន-អាមេរិកផង។
កាលពីខែឧសភា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិកនៅសហរដ្ឋអាមេរិក។ ហើយនៅក្នុងខែវិច្ឆិកាមុននេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំអាស៊ានពាក់ព័ន្ធ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន បានបង្ហាញកាយវិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា។
ជាច្រើនឆ្នាំមកហើយ ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ត្រូវបានមើលឃើញថា ជាទំនាក់ទំនងដ៏រលាក់ ជាពិសេសនៅចំពោះមុខទំនាក់ទំនងកម្ពុជា-ចិន។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Patrick Murphy ត្រូវបានស្គាល់ថាជាមន្ត្រីការទូតអាម៉េរិកដែលស្គាល់ភូមិសាស្ត្រតំបន់អាស៊ីខាងកើត អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍យ៉ាងច្បាស់។ នៅពេលដែលលោកត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជាមួយចំនួនបានបង្ហាញក្ដីរំពឹងថា លោក Patrick អាចនឹងជួយធ្វើឱ្យទំនាក់ទំនងកម្ពុជាអាមេរិកបានប្រសើរឡើងវិញ៕


© រក្សាសិទ្ធិដោយ thmeythmey.com