និស្សិតនៅអូស្ត្រាលីផលិតរថយន្តដែលរត់បាន១០០០គីឡូម៉ែត្រក្រោយបញ្ចូលចរន្តមួយលើក
- ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ៧:២៩ នាទី ល្ងាច

រថយន្តអគ្គិសនីដែលដើរដោយថាមពលព្រះអាទិត្យ Sunswift 7 បានក្លាយជាម្ចាស់កំណត់ត្រាថ្មី ដោយរត់បានល្បឿនលឿនលើចម្ងាយផ្លូវ១០០០គីឡូម៉ែត្រក្រោមរយៈពេល១២ម៉ោង ក្រោយបញ្ចូលចរន្តមួយលើក។

Sunswift 7 ជាគម្រោងដែលអនុវត្តដោយក្រុមនិស្សិតនៅសាកលវិទ្យាល័យ New South Wales (UNSW) ក្រុងស៊ីដនី នៃប្រទេសអូស្ត្រាលី។ វាបានក្លាយជាម្ចាស់កំណត់ត្រាថ្មីនៃ Guinness World Record ក្រោយធ្វើដំណើរបានប្រមាណ១០០០គីឡូម៉ែត្រ បន្ទាប់ពីបញ្ចូលចរន្តបានមួយលើក។
យោងតាមការផ្សាយរបស់ Surf Coast Times រថយន្តដែលរចនា និងផលិតដោយក្រុមនិស្សិត UNSW នេះ បានប្រើថេរវេលា ១១ម៉ោង ៥៣នាទី និង៣២វិនាទី ពោលគឺល្បឿនជាមធ្យម ៨៥គីឡូម៉ែត្រក្នុងមួយម៉ោង នៅបរិវេណមជ្ឈមណ្ឌលស្រាវជ្រាវយានយន្តអូស្ត្រាលី (AARC) ក្រុង Wensleydale រដ្ឋ Victoria កាលពីថ្ងៃទី១៧ ខែធ្នូ កន្លងមក។
Sunswift 7 ក៏ជាផ្នែកមួយនៃគម្រោងរបស់ក្រុមប្រណាំងរថយន្ត UNSW Solar Racing Team ផងដែរ។ រថយន្តនេះ ក៏ជាផលិតផលចុងក្រោយមួយដ៏ជោគជ័យផងដែររបស់សាកលវិទ្យាល័យ បើគិតចាប់តាំងពីការចាប់ផ្តើមផលិតរថយន្តអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ពីឆ្នាំ១៩៩៦មក។
Andrea Holden និស្សិតផ្នែកវិស្វកម្មមេកានិច ដែលជាអ្នកដឹកនាំក្រុម បានបង្ហាញពីអារម្មណ៍យ៉ាងដូច្នេះថា៖ «ពីរឆ្នាំកន្លងមក នៅពេលដែលយើងបានចាប់ផ្តើមផលិតរថយន្តនេះ អ្វីៗទាំងអស់ស្ថិតក្នុងសភាពបិទខ្ទប់ ហើយយើងបានជួបដំណាក់កាលដ៏លំបាកជាច្រើន»។
ទោះបីជាយ៉ាងណាក៏ដោយ កញ្ញា Andrea បានបញ្ជាក់ថា ការទទួលបានកំណត់ត្រាពិភពលោក ជាការតបស្នងដ៏ពេញចិត្តបំផុតចំពោះការតស៊ូព្យាយាមរបស់ក្រុមការងាររបស់ខ្លួន។
សាស្ត្រាចារ្យ Richard Hopkins ដែលបានឈ្នះជើងឯក F1 ពិភពលោកបួនលើកជាមួយក្រុម Red Bull បានកោតសរសើរយ៉ាងខ្លាំងចំពោះស្នាដៃរបស់ក្រុមនិស្សិត UNSW។ លោកបានគូសបញ្ជាក់ថា ក្រុមការងារនេះ មិនមែនជានិស្សិតធម្មតានោះឡើយ។ នេះក៏ជាហេតុផលនាំឲ្យ UNSW ក្លាយជាសាកលវិទ្យាវិស្វកម្មកំពូលផងដែរ៕


អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com