រថយន្តវៀតណាម VF8 មិនសូវត្រូវប៉ាន់នៅទីផ្សារអាម៉េរិកឡើយ ដោយសាររត់មិនបានឆ្ងាយ
- ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ៨:២៩ នាទី យប់

ក្រុមហ៊ុន VinFast របស់វៀតណាម បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីប្រជ្រៀតខ្លួនក្នុងទីផ្សាររថយន្តអគ្គិសនីពិភពលោក។ ប៉ុន្តែឧបសគ្គក៏បានកើតឡើងដំណាលគ្នាផងដែរ ដោយសារម៉ូដែលរថយន្ត VF8 រត់បានចម្ងាយតែ២៨៨គីឡូម៉ែត្រប៉ុណ្ណោះក្នុងការបញ្ចូលចរន្តម្តង ដូច្នេះវាមិនបានឆ្លើយតបពេញលេញទៅនឹងតម្រូវការរបស់អតិថិជនអាម៉េរិកបានឡើយ។

កាលពីខែវិច្ឆិកា កន្លងមក VinFast បាននាំចេញរថយន្តអគ្គិសនី VF8 ចំនួន៩៩៩គ្រឿងដំបូងទៅកាន់ទីផ្សារអាម៉េរិក ហើយនឹងបន្តនាំចេញ VF9 នាដើមឆ្នាំ២០២៣។ បន្ទាប់ពីទីផ្សារអាម៉េរិក ក្រុមហ៊ុនយានយន្តវៀតណាម ក៏ត្រៀមនាំចេញផលិតផលរបស់ខ្លួនទៅកាន់កាណាដា និងអឺរ៉ុប ផងដែរ។
លោក Nguyen Viet Quang អនុប្រធាន និងជាអគ្គនាយក Vingroup បានលើកឡើងថា៖ «ការនាំចេញ VF8 ចំនួន៩៩៩គ្រឿងជាលើកដំបូង គឺជាដំណាក់កាលដ៏ចងចាំរបស់ VinFast និង Vingroup ហើយក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រផងដែរសម្រាប់ឧស្សាហកម្មយានយន្តវៀតណាម»។
ជាមោទកភាពសម្រាប់វៀតណាម ប៉ុន្តែគេក៏បានមើលឃើញបញ្ហាដំណាលគ្នាផងដែរ ដោយសារអតិថិជនអាម៉េរិក មិនសូវចាប់អារម្មណ៍លើ VF8 City Edition នេះឡើយ។ ទោះជារថយន្តអគ្គិសនី១០០ភាគរយពិតមែន ប៉ុន្តែការរត់បានចម្ងាយផ្លូវតិចជាង៣០០គីឡូម៉ែត្រ វាពិតជាពិបាកណាស់ក្នុងការប្រកួតប្រជែងទីផ្សារជាមួយក្រុមហ៊ុនធំៗផ្សេងទៀតនៅអាម៉េរិក។
នៅសហរដ្ឋអាម៉េរិក រថយន្តអគ្គិសនីអាចរត់បានប្រមាណ៤០២គីឡូម៉ែត្ររាល់ការសាកថ្មមួយលើក ដូច្នេះចម្ងាយតែ២៨៨គីឡូម៉ែត្រ គឺមានកម្រិត២១ភាគរយទាបជាងចម្ងាយផ្លូវធម្មតា។ ជាមួយនឹងតម្លៃដំបូងជិត៦ម៉ឺនដុល្លារអាម៉េរិក ក៏ពិបាកប្រកួតប្រជែងផងដែរ។
សម្រាប់រថយន្តដែលមានកម្រិតប្រហាក់ប្រហែល Audi Q4 50 e-tron មានតម្លៃប្រមាណ៥៥ ២០០ដុល្លារ ដោយរត់បានចម្ងាយ៣៨០គីឡូម៉ែត្រ, Cadillac Lyriq Propulsion តម្លៃ ៦២ ៩៩០ដុល្លារ (៥០២គីឡូម៉ែត្រ), Tesla Model Y តម្លៃ ៥២ ២០០ដុល្លារ (៤៥៥គីឡូម៉ែត្រ), Tesla Model Y Grande Autonomy តម្លៃ ៦៥ ៩៩០ដុល្លារ (៥៣១គីឡូម៉ែត្រ)៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: