ចិន រិះគន់តៃវ៉ាន់ជុំវិញការបន្ថែមរយៈពេលបម្រើយោធារបស់ប្រជាជន
  • ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២ ​​ ម៉ោង ១០:១៣ នាទី ព្រឹក
ចិន រិះគន់តៃវ៉ាន់ជុំវិញការបន្ថែមរយៈពេលបម្រើយោធារបស់ប្រជាជន
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពយកពីក្រសួងការបរទេសចិន

អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី២៨ ខែធ្នូ បានរិះគន់តៃវ៉ាន់យ៉ាងខ្លាំង ក្រោយក្រុងតៃប៉ិប្រកាសបន្ថែមរយៈពេលបម្រើយោធារបស់ប្រជាជនពី ៤ខែ ទៅ១ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០២៤។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានចោទរដ្ឋាភិបាលតៃវ៉ាន់ថា ព្យាយាមប្រើប្រជាជនតៃវ៉ាន់ជាទាហានស្ម័គ្រស្លាប់សម្រាប់កម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់។
TTN-Free-Banner-In-Article-PC
 
ក្រោមការគំរាមកំហែងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានប្រកាសបន្ថែមរយៈពេលបម្រើយោធាសម្រាប់ប្រជាជនតៃវ៉ាន់ពីរយៈពេល ៤ខែ ទៅ១ឆ្នាំ។ វិធានការនេះ ចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៤​ ទៅ ក្រោមហេតុផលការគំរាមកំហែងពីចិន។ 
 
យ៉ាងណាមិញ ការបន្ថែមរយៈពេលនេះ ត្រូវបានក្រុងប៉េកាំងរិះគន់យ៉ាងខ្លាំង។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងថ្ងៃទី២៨ ខែធ្នូថា ការព្យាយាមឱ្យសម្រេចបានការបង្រួបបង្រួមជាតិ គឺពិតជាសំខាន់ ហើយការស្លាប់ដើម្បីសកម្មភាពប្រកាសឯករាជ្យរបស់តៃវ៉ាន់ គឺគ្មានតម្លៃទាល់តែសោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN។ 
 
«យើងជឿថា ប្រជាជនតៃវ៉ាន់មានគោលជំហរច្បាស់លាស់ ពួកគេនឹងមិនយកខ្លួនធ្វើជាទាហានស្ម័គ្រស្លាប់របស់កម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់ឡើយ»។ លោក Wang បានសង្កត់ធ្ងន់បែបនេះ។ បើតាមមន្រ្តីក្រសួងការបរទេសចិនរូបនេះ ការបង្រួបបង្រួមជាតិឱ្យបានពេញលេញ ជាឆន្ទៈរួមរបស់ប្រជាជនចិនទាំងអស់ ហើយវាជានិន្នាការមិនអាចបញ្ឈប់បាននៅក្នុងប្រវត្តិសាស្រ្ត។ 
 
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ចិន បានដាក់សម្ពាធលើតៃវ៉ាន់យ៉ាងខ្លាំង តាមរយៈការធ្វើសមយុទ្ធយោធានៅក្បែរ និងជុំវិញកោះមួយនេះ។ មិនតែប៉ុណ្ណោះ ចិនថែមទាំងចាត់ទុកតៃវ៉ាន់ជាបន្ទាត់ក្រហមនៅក្នុងទំនាក់ទំនងខ្លួនជាមួយអាម៉េរិកថែមទៀត៕ 
 

អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ