កម្ពុជានាំចេញអង្ករជាង ៦៣ម៉ឺនតោន និងរកចំណូលបាន ៤០០លានដុល្លារ នៅឆ្នាំ២០២២
- ថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣ ម៉ោង ៧:៥៩ នាទី ល្ងាច

ដោយ៖ សែម ប្រាក់ដាវ

ក្នុងរយៈពេលពេញមួយឆ្នាំ នៃឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិចំនួន ៥៩ប្រទេសបានចំនួន ៦៣៧ ០០៤តោន គិតជាទឹកប្រាក់ស្មើនឹង ៤១៨.២៩លានដុល្លារ។ ក្នុងចំណោមអង្ករនាំចេញជាង៦៣ ម៉ឺនតោននេះ មានអង្ករចំនួន ២៨៨ ៨៣០តោន ស្មើនឹង៤៥ភាគរយ ត្រូវបាននាំចេញទៅប្រទេសចិន រួមទាំងតំបន់ស្វយ័តហុងកុង និងម៉ាកាវ។
ដោយឡែក អង្ករចំនួន ២២១ ៥០៤តោន ស្មើនឹង៣៥ភាគរយ ត្រូវបាននាំចេញទៅ ប្រទេសនៅតំបន់អឺរ៉ុប ចំនួន២៥។ តាមរបាយការណ៍ខាងលើ កម្ពុជានាំចេញអង្ករទៅប្រទេសសមាជិកអាស៊ានចំនួន ៤ មានចំនួន ៦៤ ៧៣៣តោន ស្មើនឹង ១០ភាគរយ។ រីឯ អង្ករ ៦១ ៩៣៧តោន ស្មើនឹង១០ភាគរយ បាននាំចេញគោលដៅផ្សេងៗ។
ក្នុងចំណោមអង្ករដែលនាំចេញទៅកាន់ទីផ្សារអន្តរជាតិជាង ៦៣ម៉ឺនតោន ក្នុងនោះអង្ករក្រអូបប្រណិត ត្រូវបាននាំចេញច្រើនជាងគេ រហូតដល់ ២៧៧ ៧៣៩តោន។ ចំណែកអង្ករស ត្រូវបាននាំចេញចំនួន ១៥៣ ៤២៨តោន និងអង្ករ ចំហុយ ១៥ ៧៨១តោន។ បន្ថែមពីនេះ អង្ករសរីរាង្គ ត្រូវបាននាំចេញ ១០ ៩៦៧តោន និងអង្ករដំណើបចំនួន ២៣តោន៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: