គ្រូចិនម្នាក់ឡើងរាំ K-pop មុខសិស្សដើម្បីបង្ហាញថា ការសិក្សាភ្ជាប់ជាមួយក្តីស្រឡាញ់ និងសប្បាយ
- ថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ ម៉ោង ៨:២៩ នាទី យប់

ក្នុងសម្លៀកបំពាក់ដ៏ទាក់ទាញមួយ គ្រូបង្រៀនម្នាក់នៅប្រទេសចិន បានឡើងរាំតាមកាយវិការតារា K-pop នារី នាពិធីជប់លៀងនៅសាលា។ ឃ្លីបវីដេអូពីសកម្មភាពរបស់គ្រូរូបនេះ ទាក់ទាញចំណាប់អារម្មណ៍ជាច្រើនលើបណ្តាញសង្គម ដោយមួយចំនួនធំយល់ថា ជាការភ្ជាប់ទំនាក់ទំនងស្អិតល្មួតជាមួយសិស្ស។

ពិធីឆ្លងឆ្នាំនៅសាលាភាសាអន្តរជាតិ Guangzhou Haizhu ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន បានបញ្ចប់ដោយភាពសប្បាយរីករាយ ជាពិសេសឃ្លីបវីដេអូ ដែលគួរបង្រៀនម្នាក់ឡើងរាំក្បាច់ K-pop តែម្នាក់ឯង នាំឲ្យមានការជជែកគ្នាពេញបណ្តាញសង្គម Weibo។
យោងតាមការផ្សាយរបស់ South China Morning Post គ្រូបង្រៀនដែលមិនត្រូវបានបញ្ចេញឈ្មោះរូបនេះ បានរាំយ៉ាងជំនាញដូចតារា K-pop កូរ៉េ ជាមួយនឹងកាយវិការល្វតល្វន់។ លោកបានបញ្ជាក់ប្រាប់ទៅកាន់សិស្សៗរបស់ខ្លួនថា «ការអប់រំដ៏ល្អ គឺភ្ជាប់ជាមួយនឹងក្តីស្រឡាញ់ និងភាពសប្បាយរីករាយ។
ឆ្កួត? ប៉ុន្តែបើផ្អែកតាមការបញ្ចេញមតិយោបល់នៅលើបណ្តាញសង្គម Weibo មិនសូវមានការយល់ឃើញបែបនោះឡើយ។ មួយចំនួនធំ យល់ថា គ្រូបង្រៀនរូបនេះ ចេះប្រើវិធីសាស្ត្រទាក់ទាញសិស្ស។ អ្នកខ្លះថា នេះជាមធ្យោបាយក្នុងការកាត់បន្ថយសម្ពាធសិក្សារបស់សិស្ស ព្រោះក្នុងរូបភាពវីដេអូ ក្រុមសិស្សនាំគ្នាញញឹម និងទះដៃ ដោយក្តីរីករាយ។
តាមពិតទៅ វាក៏មិនមែនជាករណីថ្មីនោះដែរនៅប្រទេសចិន ដោយកន្លងមក ក្រុមគ្រួសារបង្រៀននៅវិទ្យាល័យមួយក្នុងខេត្ត Henan ក៏បាននាំគ្នាឡើងរាំ ដើម្បីជួយសម្រាលភាពតប់ប្រម៉ល់របស់សិស្សផងដែរ។ ដូចគ្នានេះ ផងដែរ នាយកសាលា និងគ្រូមយយចំនួននៅខេត្ត Jiangsu បានរៀបចំខារ៉ាអូខេ នៅអាហារដ្ឋានសាលា ដើម្បីច្រៀងរួមគ្នាជាមួយសិស្ស៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: