៨ព្រឹកលឿនពេក សាលាមួយចំនួននៅឌូបៃ ប្តូរម៉ោងចូលរៀនដើម្បីឲ្យសិស្សគេងបានស្កប់ស្កល់
- ថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣ ម៉ោង ៨:២៩ នាទី យប់

សាលារៀនមួយចំនួននៅក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានសម្រេចម៉ោងសិក្សាក្រោយម៉ោង៨ព្រឹក ជាពិសេសថ្នាក់សិស្សតូចៗ និងកម្រិតវិទ្យាល័យ ដើម្បីឲ្យពួកគេបានគេងលក់គ្រប់គ្រាន់។ នេះបើតាមការផ្សាយរបស់ The National UEA។

សិស្សនៅអេមីរ៉ាតអារ៉ាប់រួម ត្រូវទៅដល់សាលាចន្លោះពីម៉ោង៧ ទៅមកម៉ោង៧ និងកន្លះព្រឹក ដែលមានន័យថា ពួកគេត្រូវក្រោកពីដំណេកចន្លោះពីម៉ោង៥កន្លះដល់ម៉ោង៦កន្លះព្រឹក អាស្រ័យលើចម្ងាយរវាងផ្ទះ និងសាលារៀន។
ថ្នាក់ដឹកនាំនៃបណ្តាសាលាជាច្រើននៅឌូបៃ បានអះអាងថា ការសម្រេចពន្យាម៉ោងចូលរៀន ក្រោយម៉ោង៨ព្រឹកនេះ គឺដើម្បីឲ្យសិស្សគេងលក់បានស្កប់ស្កល់មុនធ្វើដំណើរទៅសាលា ហើយពួកគេអាចមានវត្តមាន និងផ្តោតលើការសិក្សាបានច្រើន ជាជាងការអង្គុយស្ងាប។
សាលា Bloom World Academy ចាប់ដំណើរការនៅខែសីហា ឆ្នាំ២០២២ ដែលជាសាលាដំបូង ផ្តើមការសិក្សាពីម៉ោង៩ព្រឹក ដល់ម៉ោង៤ល្ងាច ពោលគឺមួយម៉ោងក្រោយសាលារៀនទូទៅនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម។ រីឯសាលា Dubai British School Jumeriah Park បានប្តូរពីម៉ោង៧កន្លះ ទៅម៉ោង៨ និង១៥នាទីវិញ។
អ្នកស្រី Rebecca Coulter នាយិកាសាលា Dubai British បានអះអាងថា ថ្នាក់ដឹកនាំសាលាទទួលបានមតិយោបល់ជាច្រើនពីអាណាព្យាបាលសិស្ស លើការចាប់ផ្តើមចូលរៀនយឺត។ អ្នកស្រីបានបញ្ជាក់ថា៖ «ទាំងអស់គ្នាសុទ្ធតែមានបញ្ហាជាមួយនឹងការចាប់ផ្តើមចូលរៀនលឿនពេក។ យើងបានឃើញសកម្មភាពចូលរួមខ្លាំងក្លារបស់សិស្ស បើគិតចាប់តាំងពីការអនុវត្តម៉ោងចូលរៀនយឺត»។
មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្កាជំងឺឆ្លងអាម៉េរិក (CDC) បានបញ្ជាក់ថា ការគេងលក់មិនស្កប់ស្កល់របស់សិស្សវិទ្យាល័យ បង្កឲ្យមានបញ្ហាសុខភាពមួយចំនួន ដូចជាជំងឺលើសទម្ងន់ ការជំរុញឲ្យមានការប្រើប្រាស់សារធាតុអាល់កុល ថ្នាំជក់ និងថ្នាំញៀន ហើយរួមទាំងរាំងស្ទះដល់សកម្មសិក្សា។
អ្នកជំនាញផ្នែកកុមារនៅសហរដ្ឋអាម៉េរិក បានផ្តល់យោបល់ឲ្យសាលាថ្នាក់មធ្យមសិក្សាចាប់ផ្តើមម៉ោងរៀននៅម៉ោង៨កន្លះ ឬយូរជាងនេះ ដើម្បីធានាថា ក្មេងៗគេងលក់បានគ្រប់គ្រាន់៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: