ដូនជីបារាំង Lucile ស្លាប់ក្នុងអាយុ១១៨ឆ្នាំ, លោកយាយអេស្ប៉ាញ Maria ក្លាយជាមនុស្សចាស់ជាងគេលើកលោក
- ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ ម៉ោង ១០:៥៩ នាទី ព្រឹក

ស្ត្រីអេស្ប៉ាញដើមកំណើតអាម៉េរិក Maria Branyas បានក្លាយជាម្ចាស់កំណត់ត្រា Guinness World Records ក្នុងនាមជាបុគ្គលដែលកំពុងរស់នៅ ហើយមានវ័យចំណាស់ជាងគេបំផុតលើពិភពលោក។ គិតត្រឹមថ្ងៃទី១៧ ខែមករា លោកយាយមានអាយុ១១៥ឆ្នាំ និង៣២០ថ្ងៃ។ ការទទួលស្គាល់នេះ គឺបន្ទាប់ពីមរណភាពរបស់ដូនជីបារាំង Lucile Randon (ឬ Sister Andre) ក្នុងវ័យ១១៨ឆ្នាំ។

កើតនៅថ្ងៃទី៤ ខែមិនា ឆ្នាំ១៩០៧ នៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាម៉េរិក ពោលគឺ១ឆ្នាំ បន្ទាប់ពីឪពុកម្តាយរបស់គាត់ប្តូរទីលំនៅពីតំបន់កាតាឡាំង ប្រទេសអេស្ប៉ាញ។ រៀបការនៅឆ្នាំ១៩៣១ លោកយាយមានកូនបីនាក់ ចៅជាង១០នាក់ និងចៅទួតជាង១០នាក់។
លោកយាយ Maria មានបញ្ហាត្រចៀក តាំងពីជួបគ្រោះថ្នាក់នាពេលធ្វើដំណើរត្រឡប់ទៅរស់នៅអេស្ប៉ាញវិញ កាលពីឆ្នាំ១៩១៥។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គេនៅតែអាចសន្ទនាជាមួយលោកយាយបានតាមរយៈបច្ចេកវិទ្យា Voice-to-Text។
ស្ត្រីអេស្ប៉ាញរូបនេះ មានឈ្មោះល្បីល្បាញខ្លាំង កាលពីឆ្នាំ២០២០ ក្នុងនាមជាមនុស្សវ័យចាស់ជាងគេដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ក្នុងវ័យ១១៣ឆ្នាំ ដែលនេះជាដំណាក់កាលដ៏គួរឲ្យកត់សម្គាល់មួយថែមទៀតក្នុងជីវិតរបស់គាត់ ក្រោយឆ្លងផុតពីការរាតត្បាតនៃផ្តាសាយអេស្ប៉ាញឆ្នាំ១៩១៨-១៩១៩។
ដូនជីបារាំង Lucile Randon ដែលមានរហស្សនាមថា Sister Andre បានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែមករា ក្នុងវ័យ១១៨ឆ្នាំ។
សម្រាប់ម្ចាស់កំណត់ត្រាដែលមានអាយុច្រើនជាងគេលើពិភពលោក គឺស្ត្រីបារាំងឈ្មោះ Jeanne Louise Clament ដែលបានទទួលមរណភាពកាលពីឆ្នាំ១៩៩៧ ក្នុងអាយុ១២២ឆ្នាំ និង១៦៤ថ្ងៃ។ រីឯបុរសដែលមានអាយុវែងជាងគេគឺលោកតាជប៉ុន Jiroemon Kimura ដែលបានទទួលមរណភាពនៅឆ្នាំ២០១៣ក្នុងអាយុ១១៦ឆ្នាំ និង៥៤ថ្ងៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com