វ៉ូវីណាម៖ មន្រ្តីសហព័ន្ធបង្កើតកម្មវិធីប្រកួតច្រើន ដើម្បីពង្រឹងសមត្ថភាពអត្តពលិកទៅស៊ីហ្គេម២០២៣ជាឳកាសឱ្យយុវជនជៀសឆ្ងាយពីអំពើអបាយមុខ
  • ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣ ​​ ម៉ោង ១០:៣៩ នាទី ព្រឹក
វ៉ូវីណាម៖ មន្រ្តីសហព័ន្ធបង្កើតកម្មវិធីប្រកួតច្រើន ដើម្បីពង្រឹងសមត្ថភាពអត្តពលិកទៅស៊ីហ្គេម២០២៣ជាឳកាសឱ្យយុវជនជៀសឆ្ងាយពីអំពើអបាយមុខ
ពិធីប្រគល់មេដាយជូនកីឡាករ-កីឡាការិនីវ៉ូវីណាម។ រូបពី ម៉េត សុភត្រា

លោក យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាម ថាការបង្កើតកម្មវិធីប្រកួតច្រើន ទាំងថ្នាលយុវជន និងឈុតធំ ជាកត្តាជំរុញវិស័យកីឡាវ៉ូវីណាមកាន់តែមានសក្តានុពល ជាពិសេសមានឳកាសឱ្យយុវជនថ្នាលបញ្ចេញសមត្ថភាព ត្រៀមការប្រកួតកីឡាស៊ីហ្គេម និងអន្តរជាតិនានា និងជៀសឆ្ងាយពីអំពើអបាយមុខ។
TTN-Free-Banner-In-Article-PC
 
លោក យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ថាការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកយុវជនគីរីសួគ៌ ២០២៣ រៀបចំឡើងគឺមានគោលបំណងផ្សព្វផ្សាយពីដំណើរស៊ីហ្គេម២០២៣ នៅកម្ពុជា និងជាការផ្តល់ឳកាសដល់យុវជនផង។
 
លោក យ៉ាំ ថៃសាន និយាយថា៖«ជាគោលបំណងរបស់សហព័ន្ធ គឺចង់បង្កើតកម្មវិធីប្រកួតឱ្យបានច្រើនទាំងយុវជន និងឈុតធំ មានឳកាសបញ្ចេញសមត្ថភាព និងរួមចំណែកជំរុញឱ្យយុវជនងាកមកលេងកីឡា ជៀសឆ្ងាយពីអបាយមុខ»។ លោក ថៃសាន បន្ថែមថា ពានយុវជនថ្នាលគឺមានគោលបំណងពិសេសត្រៀមសម្រាប់ការប្រកួត Asian School Games(ASG) លើកទី១៣ នៅប្រទេសវៀតណាម នាខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។
 
គួរបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកយុវជនថ្នាល គីរីសួគ៌ ២០២៣ មានអត្តពលិកចូលរួម ៥២នាក់ ដែលត្រូវលេងនៅលើ១០វិញ្ញាសា។ ការប្រកួតចាប់ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៣ នៅអគារបាល់បោះ នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា៕
 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហៀក ឆក