និស្សិតសាកលវិទ្យាល័យចំនួនពីរ ទទួលការបណ្ដុះបណ្ដាលអភិរក្សប្រាសាទពីអ្នកជំនាញអាជ្ញាធរអប្សរា
  • ថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
និស្សិតសាកលវិទ្យាល័យចំនួនពីរ ទទួលការបណ្ដុះបណ្ដាលអភិរក្សប្រាសាទពីអ្នកជំនាញអាជ្ញាធរអប្សរា
ក្រុមនិស្សិតសាលាបៀលប្រាយ កំឡុងពេលចុះការដ្ឋាននៅប្រាសាទបន្ទាយសំរែ។ រូបភាព៖ លោក ព្រំ សុភាណុច

សៀមរាប៖ ក្រុមនិស្សិតពីសាកលវិទ្យាល័យឯកជនចំនួនពីរក្នុងក្រុងសៀមរាប បានចាប់ផ្តើមទទួលការ បណ្ដុះបណ្ដាលផ្នែកអភិរក្សប្រាសាទពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា។
TTN-Free-Banner-In-Article-PC
 
មន្រ្តីដឹកនាំការបណ្ដុះបណ្ដាល លោក ឡុង ណារី ប្រាប់ថា ការបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយបង្កើនធនធានយុវជនខ្មែរ ក្នុងការចូលរួមអភិរក្សសំណង់ប្រាសាទបុរាណ។ លោកបន្តថា ក្រុមនិស្សិតទាំងនោះ នឹងផ្តោតការសិក្សាលើការគូសប្លង់ និងសិក្សាប្លង់ប្រាសាទ។
 

លោក ឡុង ណារី (ពាក់មួកពណ៌ខៀវ) កំពុងពន្យល់ក្រុមនិស្សិតនៅការដ្ឋានប្រាសាទបន្ទាយសំរែ។ រូបភាព៖ លោក ព្រំ សុភាណុច
 
ពិធីសែនព្រេនតាមប្រពៃណីមួយត្រូវបានរៀបចំឡើងនៅចុងខែ មករា នៅការដ្ឋាននៃរាលហាល ប្រាសាទបន្ទាយសំរែ ដើម្បីសុំទឹកសុំទឹក ចាប់ផ្តើមគម្រោងអភិរក្ស និងជួសជុលប្រាសាទ តាមទំនៀម។ លោក ណារី ពន្យល់ថា ការសែនព្រេននេះដើម្បីបញ្ជៀសឧបសគ្គមួយចំនួនដែលអាចកើតឡើង ដូចជាគ្រោះថ្នាក់កម្មករ ឬជ្រុះធ្លាក់ថ្មជាដើម។ល។ 
 
នេះជាលើកទី១ហើយ ដែលអាជ្ញាធរជាតិអប្សរាបើកឱ្យមាននិស្សិតពីសាលាឯកជនក្នុងក្រុងសៀមរាប ទទួលការបណ្ដុះបណ្ដាលផ្នែកអភិរក្សប្រាសាទបុរាណ។ លោក ឡុង ណារី ពន្យល់ថា ក្រៅពីចង់បង្កើន​អ្នកជំនាន់ក្រោយ ក្នុងនោះក៏ចង់ពង្រីកវិស័យនេះឱ្យបានទូលំទូលាយផងដែរ ព្រោះបច្ចុប្បន្នផ្នែកនេះ កំពុងខ្វះខាតអ្នកជំនាញ។


 ក្រុមនិស្សិតសាលាបៀលប្រាយ កំឡុងពេលចុះការដ្ឋាននៅប្រាសាទបន្ទាយសំរែ។ រូបភាព៖ លោក ព្រំ សុភាណុច
 
លោក ណារី លើកឡើងយ៉ាងដូច្នេះថា៖«​ អនាគតទៅប្រសិនបើគាត់រៀនចប់ ប្រសិនបើអប្សរាត្រូវការ អាចរើសពួកគាត់ចូលធ្វើការ​នៅអប្សរា​បានខាងផ្នែកគូសប្លង់ ព្រោះពេលខាងមុខយើងអាចខ្វះខាត​អ្នកជំនាញទាំងនេះ ព្រោះយើងធ្វើការ​ច្រើន»។
 
ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានសម្រេចយកការដ្ឋានជួសជុលរាលហាលខាងលិចឈៀងខាងជើង នៃប្រាសាទបន្ទាយសំរែ ប្រវែង២០ម៉ែត្រ សម្រាប់ការបណ្ដុះបណ្ដាលក្រុមនិស្សិតចំនួន២០នាក់ នៃសាកលវិទ្យាល័យ​បៀលប្រាយ និងសាកលវិទ្យាល័យអង្គរ។ ការយកទីតាំងនេះ ត្រូវបានលោក ណារី បកស្រាយថា ព្រោះវាមានទីតាំងទាប មិនត្រូវការប្រើរន្ទាខ្ពស់ និងមិនត្រូវការប្រើសម្ភារច្រើន។ល។ 
 
ទោះបីធ្លាប់ជួសជុលនៅសម័យបារាំងក៏ពិតមែន តែរាលហាលនេះរងការខូចខាតច្រើន ពិសេសបញ្ហាថ្ម ដែលមានប្រហោង។ល។ 
 

 ក្រុមនិស្សិតសាលាបៀលប្រាយ កំឡុងពេលចុះការដ្ឋាននៅប្រាសាទបន្ទាយសំរែ។ រូបភាព៖ លោក ព្រំ សុភាណុច
 
និស្សិត ចាន់ត្រា កែវមុន្នី សិក្សាឆ្នាំទី៣ ផ្នែកស្ថាបត្យកម្ម និងនគរូបនីយកម្ម នៃសាកលវិទ្យាល័យ បៀលប្រាយ បានហៅការចូលរួមរបស់ខ្លួនថាជាផ្នែកមួយជួយអភិរក្ស និងជួសជុលប្រាសាទខ្មែរ។ កញ្ញា កែវមុន្នី បន្តថា វគ្គបណ្ដុះបណ្ដាលនេះរៀងថ្មីសម្រាប់ខ្លួន ព្រោះបានទៅសិក្សា និងអនុវត្តន៍ដោយផ្ទាល់​នៅការដ្ឋានជួសជុល ដែលជាឱកាសល្អសម្រាប់ខ្លួន ក៏ដូចជាក្រុមនិស្សិតឯទៀត ឱ្យស៊ីជម្រៅលើសពីអ្វីដែលបានរៀននៅសាលា។
 
ទៅថ្ងៃខាងមុន និស្សិត កែវមុន្នី មានក្ដីប្រាថ្នាថា នឹងមានឱកាសរួមការងារជួយអភិរក្សសំណង់​ប្រាសាទបុរាណក្នុងតំបន់អង្គរ និងរៀនសូត្រពីអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា។​
 
លោក ឡុង ណារី បានលើកឡើងថា ការបង្រៀនក្រុមនិស្សិតពីសាកលវិទ្យាល័យឯកជននេះ ពុំមានអ្វីលំបាកទេ តែពួកគេត្រូវយល់ពីការងារជាមួយសំណង់បុរាណ ខុសពីសំណង់ថ្មី។ លោក ណារី៖« យើងគ្រាន់តែប្រាប់គាត់ឱ្យធ្វើការថ្នម មិនដូចធ្វើការសំណង់សម័យទេ ឱ្យប៉ះពាល់ថ្មតិចតួច ប្រុងប្រយ័ត្ន ព្រោះថ្មខ្លះពុកផុយ និងត្រូវការថែទាំដូចមនុស្សចាស់ដូច្នោះដែរ»៕

អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី