ថៃកាត់បន្ថយពន្ធប្រើប្រាស់ពិសេសចំពោះអាគុយរថយន្តអគ្គិសនី
- ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ៨:២៩ នាទី យប់

រថយន្តអគ្គិសនីសាកថ្មនៅស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី ប្រទេសថៃ។ រូបភាពពី grandprix ។
ថៃ នាពេលថ្មីៗនេះ បានអនុម័តសំណើកាត់បន្ថយពន្ធប្រើប្រាស់ពិសេសលើអាគុយរថយន្តអគ្គិសនីដែលបច្ចុប្បន្ន ៨ភាគរយ មកនៅត្រឹម ១ភាគរយ ព្រមទាំងសន្យាឧបត្ថម្ភធនរហូតដល់២៤ពាន់លានបាត (៧៣០លានដុល្លារ) សម្រាប់ឧស្សាហកម្មផលិតអាគុយរថយន្តអគ្គិសនី។

គណៈកម្មាធិការជាតិសម្រាប់គោលនយោបាយយានយន្តអគ្គិសនីក្នុងប្រទេសថៃ បានអនុម័តលើសំណើកាត់បន្ថយពន្ធគយលើអាគុយរថយន្តអគ្គិសនី ថែមទាំងឧត្ថម្ភធនចំពោះឧស្សាហកម្មផលិតរថយន្តអគ្គិសនី។ រដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក Supattanapong Punmeechaow បានអះអាងថា ការឧបត្ថម្ភធននេះ នឹងជួយកាត់បន្ថយតម្លៃអាគុយអគ្គិសនី ដែលនឹងជំរុញឧស្សាហកម្មផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសមួយនេះ ហើយចំនួននៃការឧបត្ថម្ភធនដែលផ្តល់ជូន នឹងអាស្រ័យលើទំហំថ្ម ឬអាគុយដែលបានផលិត។
លោក Supattanapong Punmeechaow បានបញ្ជាក់ថា ៖« ក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីដែលមានសមត្ថភាពផលិតតិចជាង ៨ជីហ្គាវ៉ាត់ម៉ោង (GWh) នឹងទទួលបានប្រាក់ឧបត្ថម្ភចន្លោះពី ៤០០ បាតទៅ ៦០០បាត ខណៈដែលក្រុមហ៊ុនដែលមានសម្ថភាពផលិតលើសពី ៨ជីហ្គាវ៉ាត់ម៉ោង នឹងទទួលបានប្រាក់ឧបត្ថម្ភធន ៦០០បាត ទៅ ៨០០បាតក្នុង ១គីឡូវ៉ាត់ម៉ោង(kWh) »។
ជាមួយគ្នានេះ រដ្ឋាភិបាលថៃកំពុងពន្លឿនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ សេដ្ឋកិច្ចបៃតង និងឧស្សាហកម្មរថយន្តអគ្គិសនីក្រោមគោលនយោបាយ 30@30 របស់ខ្លួន ដើម្បីលើកកម្ពស់ប្រទេសថៃ នឹងក្លាយទីតាំងសម្រាប់ផលិតកម្មរថយន្តអគ្គិសនីនៅក្នុងតំបន់អាស៊ាន។ គោលនយោបាយ 30@30 កំណត់ថា ថៃត្រូវតែបង្កើនសមត្ថភាពផលិតយានយន្តគ្មានការបំភាយឧស្ម័នឱ្យបាន ៣០ភាគរយនៅឆ្នាំ ២០៣០។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នថៃនៅតែប្រឈមនឹងតម្លៃខ្ពស់សម្រាប់ថាមពលកកើតឡើងវិញ និងសេវាសាកថ្ម។ លើសពីនេះ ទុនបម្រុងនីកែល ដែលជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតថ្មមានមិនច្រើននៅក្នុងប្រទេសថៃ ដែលធ្វើឲ្យប្រទេសនេះពិបាកទាក់ទាញវិនិយោគិនបរទេសដូចទៅនិងប្រទេសឥណ្ឌូណេស៊ី។
ដូច្នេះជាមួយនឹងការផ្លាស់ប្តូរដើម្បីកាត់បន្ថយពន្ធលើអាគុយរថយន្តអគ្គិសនី រដ្ឋាភិបាលថៃមានបំណងចង់ទាក់ទាញអ្នកវិនិយោគបន្ថែមទៀតលើវិស័យផលិតកម្មអាគុយរថយន្តអគ្គិសនី ដែលជាកត្តាសំខាន់មួយក្នុងការជំរុញការអភិវឌ្ឍន៍លើឧស្សាហកម្មផលិតអាគុយរថយន្តអគ្គិសនី និងឧស្សាហកម្មរថយន្តអគ្គិសនីជារួម៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: