ផ្ដើមចេញពីសម្ដែងក្នុងរោងគ្មានដំបូល សហគ្រាស និងសង្គមហ្វារ ឈរជើងបាន១០ឆ្នាំ ដោយជោគជ័យ
- ថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ៥:២៩ នាទី ល្ងាច

ការសម្បែងរបស់សិល្បករហ្វារពន្លឺសិល្បៈ នាថ្ងៃប្រារព្ធខួប១០ឆ្នាំ នៃសហគ្រាស និងសង្គហ្វារខេត្តសៀមរាប
សៀមរាប៖ សហគ្រាស និងសង្គមហ្វារ ដែលជាផ្នែកមួយនៃសមាគមហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង បានប្រារព្ធខួប១០ឆ្នាំ ជាមួយវត្តមាននៅខេត្តសៀមរាប។ សហគ្រាសនេះជាកន្លែងសម្ដែងសិល្បៈសៀកប្រចាំថ្ងៃ ហើយក្រោយស្ងប់ស្ងាត់ជំងឺកូវីដ១៩ ភ្ញៀវទេសចរ មួយចំនួនធំបានវិលត្រឡប់មកទស្សនាការសម្ដែងសៀកឡើងវិញ។

សហស្ថាបនិកសមាគមហ្វារពន្លឺសិល្បៈ លោក ឃួន ដេត បានឱ្យដឹងថា រយៈពេល១០ឆ្នាំមកនេះ ធ្វើឱ្យសិល្បករស្គាល់ទាំងរសជាតិលំបាក និងសប្បាយរាប់មិនអស់ ពិសេសក្នុងវិបត្តិជំងឺកូវីដ១៩។ «៣ឆ្នាំកន្លងមកនេះ ធ្វើឱ្យយើងមានបទពិសោធន៍ច្រើន ដែលមិននឹកស្មានដល់ តែពេលកូវីដថយបន្ដិចទៅ មានភាពសុំារស់នៅជាមួយកូវីដ ធ្វើឱ្យយើងបើកដំណើរការជាប្រក្រតី និងប្រចាំថ្ងៃឡើងវិញ»។ នេះជាការលើកឡើងរបស់លោក ឃួន ដេត។

លោក ឃួន ដេត សហស្ថាបនិកសមាគមហ្វារពន្លឺសិល្បៈ
សហស្ថាបនិកដដែលថ្លែងដោយទឹកមុខរីករាយ នៅថ្ងៃប្រារព្ធខួប១០ឆ្នាំ នាថ្ងៃទី៨ កុម្ភៈ យ៉ាងដូច្នេះថា ចាប់ពីខែតុលា ឆ្នាំ២០២២ សហគ្រាស និងសង្គមហ្វារ បានបើកដំណើរការជាប្រចាំថ្ងៃឡើងវិញ និងមានសន្ទុះភ្ញៀវចូលទស្សនាល្អ គឺប្រមាណ៧៥ភាគរយ ធៀបនឹងឆ្នាំ២០១៩ មុនមានកូវីដ១៩។
លោក ហួន តារា នាយកប្រតិបត្តិសហគ្រាស និងសង្គមហ្វារពន្លឺសិល្បៈ ក្នុងនាមជាអ្នក ផ្តួចផ្តើមបង្កើតស្ថាប័ននេះនៅឆ្នាំ២០១៣ បានថ្លែងដោយក្ដីមោទនថា វាពិតជាជោគជ័យ ដែលម្នាក់ៗមិននឹកស្មានដល់។ លោករំឭកថា កំណើតនៅក្នុងខេត្តសៀមរាប សហគ្រាសនេះ មិនមានធនធានគ្រប់គ្រាន់ ដោយបានជួលដីគេនៅក្រោយសារមន្ទីរជាតិអង្គរ ហើយសម្ដែង ក្រោមមេឃ គ្មានដំបូល។

លោក តារា រំឭកថា៖« ចាប់ផ្តើមសម្ដែងក្រោមមេឃអត់មានដំបូល ហើយពេលសម្ដែងភ្លៀង ក្រោយភ្ញៀងហើយរត់មកសម្ដែងទៀត ហើយមានភ្ញៀវតែ៨នាក់ទេ។ តែដោយភាពជោគជ័យរបស់យើង ធ្វើឱ្យអ្នកវិនិយោគទុន និងធនាគារគេជឿជាក់ ថាយើងពិតជាអាចរកចំណូលបាន ក្រោយមកយើងមានភាពជោគជ័យផ្នែកហិរញ្ញវត្ថុ យើងបានខ្ចីលុយដើម្បីទិញដីកន្លះហិកតានៅដើមឆ្នាំ២០១៦ នៅទីតាំងបច្ចុប្បន្ន»។
ក្រោយបើកដំណើរការប្រចាំថ្ងៃជាប្រក្រតីវិញ លោក តារា ប្រាប់ថា មានភ្ញៀវចូលទស្សនា ជាមធ្យមពី២០០ទៅ៣០០នាក់។ សិល្បករដែលចូលរួមការសម្ដែងមាន៤៥នាក់ ចែកជា៤ក្រុម ដោយឆ្លាស់គ្នាសម្ដែងនៅសហគ្រាស និងសង្គមហ្វារ ក៏ដូចជាសម្ដែងនៅក្រៅស្រុកផង។ នេះជាការលើកឡើងរបស់លោក តារា។

លោក ឃួន ដេត បានបញ្ជាក់ថា សហគ្រាសហ្វារបង្កើតឡើងនៅឆ្នាំ២០១៣ ក្នុងបំណងបង្កើត ការងារដល់សិល្បករដែលបញ្ចប់ការសិក្សានៅសាលានាខេត្តបាត់ដំបង និងដើម្បីមានភាពរឹងមាំ ផ្នែកហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់សាលានៅបាត់ដំបង ដែលកំពុងបណ្ដុះបណ្ដាល និងជួយកុមារក្រីក្រ ដោយឥតគិតថ្លៃ។ សម្រាប់លោក ឃួន ដេត ក្នុងបេសកកម្មប្រមាណ៣០ឆ្នាំមកនេះ ហ្វារពន្លឺសិល្បៈបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយសិល្បៈសៀកខ្មែរឡើងវិញ។ ដូច្នេះការគាំទ្រពីសាធារណជន និងទេសចរ ដូចកំពុងជួយសិល្បៈនេះផងដែរ។

លោក ហួន តារា៖«ខ្ញុំធ្លាប់ជាសិស្សនៅសមាគមហ្វារពន្លឺសិល្បៈ ខ្ញុំបានរៀនភ្លេង និងគំនូរខ្លះ ហើយខ្ញុំគិតថា បើសិនជាយើងប្រកួតប្រជែងជាមួយគ្នានៅលើឆាកពិភពលោកក្នុងនាមកម្ពុជានៅថ្ងៃនេះ យើងមានចំណុចខ្វះខាតច្រើនមែនទែន តែបើយើងនិយាយពីសិល្បៈវប្បធម៌គឺខ្មែរយើងមានចំណុចខ្លាំងជាងគេ និងលេចធ្លោខ្លាំងណាស់ ចឹងខ្ញុំគិតថា រយៈពេល១០ឆ្នាំ សហគ្រាស និងសង្គមហ្វារបានធ្វើឱ្យមានភាពលេចធ្លោនេះឡើង នៅឆាកជាតិ និងអន្ដរជាតិ ហើយជាមួយ Guinness World Records នេះផងដែរ ធ្វើឱ្យគេស្គាល់កម្ពុជា និងវប្បធម៌ កម្ពុជាកាន់តែច្រើន ពិសេសល្ខោនសៀកនេះ»៕


© រក្សាសិទ្ធិដោយ thmeythmey.com
Tag: