សម្ដេចនាយករដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ាណែតស្នើឱ្យ VOD កែតម្រូវ បើផ្សាយព័ត៌មានខុស
- ថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ១១:២៩ នាទី យប់

លោក ហ៊ុន ម៉ាណែត បានស្នើឱ្យវិទ្យុ VOD បង្ហាញភស្តុតាងដែលបង្ហាញថា លោកបានចុះហត្ថលេខាប្រកាសផ្តល់ជំនួយចំនួន១០ម៉ឺនដុល្លាររបស់ប្រទេសតួកគី ដូចការផ្សព្វផ្សាយរបស់ខ្លួន។ នៅថ្ងៃនេះដដែល សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងច្រានចោលការផ្សព្វផ្សាយរបស់វិទ្យុ VOD ហើយស្នើឱ្យក្រសួងព័ត៌មានធ្វើការជាមួយជាមួយវិទ្យុនេះ ដើម្បីវិទ្យុនេះសុំទោសជាសាធារណៈ ឬក៏ត្រូវជាប់បណ្ដឹង។

វិទ្យុសំឡេងប្រជាធិបតេយ្យ VOD បានផ្សាយព័ត៌មានកាលពីថ្ងៃទី១០ខែកុម្ភៈឱ្យដឹងថា លោក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោក បានចុះហត្ថលេខាលើសេចក្តីប្រកាសផ្តល់ជំនួយចំនួន១០ម៉ឺនដុល្លារដល់ប្រទេសតួកគី។ បើទោះជាបានស្រង់ការពន្យល់របស់អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រីក៏ដោយ ដំណឹងនេះត្រូវបានបដិសេធដោយលោក ហ៊ុន ម៉ាណែត ផ្ទាល់។ លោក ហ៊ុន ម៉ាណែតបានសរ សេរនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយស្នើឱ្យវិទ្យុ VOD បង្ហាញភស្តុតាងដែលបញ្ជាក់ថាលោកបានចុះហត្ថលេខានោះ។
លោក ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះ៖«ខ្ញុំត្រូវការការបំភ្លឺមួយដែលមានភាពប្រាកដប្រជា និងការទទួលខុសត្រូវ។ ខ្ញុំសុំអោយវិទ្យុ VOD បង្ហាញឯកសារដែលបញ្ជាក់ថាខ្ញុំបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅអោយប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះខ្ញុំមិនបានដឹងរឿងនេះ ហើយខ្ញុំក៍មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ។»។
ចំពោះលោក ហ៊ុន ម៉ាណែត បើសិនជាវិទ្យុ VOD មិនមានឯកសារបង្ហាញនោះទេ វិទ្យុត្រូវសុំទោស និងចុះផ្សាយកែតម្រូវ។ «ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវនិងច្បាស់លាស់ទេ។»។ នេះជាការគូសបញ្ជាក់របស់ លោក ហ៊ុន ម៉ាណែត។
នៅក្នុងអត្ថបទដដែលនោះ វិទ្យុVOD បានស្រង់ការអធិប្បាយរបស់អ្នកវិភាគមួយចំនួនដែរ ដែលនិយាយថា វាពិតជាមិនត្រូវត្រូវតាមច្បាប់ឡើយ បើសិនជាលោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាជំនួសសម្តេចនាយករដ្ឋមន្ត្រីលើសេចក្តីប្រកាសផ្តល់ជំនួយទៅប្រទេសតួកគីនោះ។
ក្នុងសំណុំរឿងដដែលនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសរសេរពន្យល់ និងបង្ហាញប្រតិកម្មចំពោះវិទ្យុ VODដែរនាយប់ថ្ងៃទី១១ខែកុម្ភៈនេះ។ សម្ដេចបានសរសេរពន្យល់សាធារណជនថា បើយោងតាមច្បាប់ គឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់ដែលមានសិទ្ធិបញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិ។
ការចុះផ្សាយរបស់វិទ្យុ VOD បានធ្វើឱ្យសម្ដេចតាំងសំណួរថា៖«តើការចោទលើហ៊ុន ម៉ាណែតជាការវាយប្រហារខាងនយោបាយឬជាការភាន់ច្រឡំ? ខ្ញុំទុកពេលឲ្យសូមទោសជាសាធារណៈ រយៈពេល៧២ម៉ោងដោយសុំទោសរាជរដ្ឋាភិបាលផង និងសុំទោស ហ៊ុន ម៉ាណែ តផង។»។
សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យក្រសួងព័ត៌មាន ត្រូវធ្វើការជាមួយVOD និងលោក គី តិច ដែលប្រធានមេធាវីរាជរដ្ឋាភិបាលផង។ «យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំនិងត្រឹមត្រូវរបស់យើងនោះឡើយ។»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com