សេដ្ឋកិច្ចថៃនឹងកើនឡើង៣,៨ភាគរយនៅឆ្នាំនេះខណៈអតិផរណានឹងធ្លាក់ចុះ
- ថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ៧:២៩ នាទី ល្ងាច

រដ្ឋមន្ត្រីសេដ្ឋកិច្ចនៅថ្ងៃទី២៥ ខែកុម្ភៈលើកឡើងថា សេដ្ឋកិច្ចរបស់ថៃត្រូវរំពឹងថានឹងកើនឡើង៣,៨ ភាគរយនៅឆ្នាំនេះដោយសារតែការកើនឡើងវិញវិស័យទេសចរណ៍ដែលជាចំណែកដ៏ធំរបស់សេដ្ឋកិច្ចថៃ។ ស្របពេលជាមួយគ្នានេះ អតិផរណាក៏ចាប់ផ្ដើមធ្លាក់អាចដល់កម្រិតដែលត្រូវបានរំពឹងទុកដែរ។

ថ្លែងក្នុងកម្មវិធីមួយរបស់វិទ្យុថៃ រដ្ឋមន្ត្រីសេដ្ឋកិច្ច Arkhom Termpittayapaisith និយាយថា ការ ចំណាយក្នុងស្រុកបានកើនឡើងហើយរដ្ឋាភិបាលនឹងពន្លឿនការវិនិយោគគម្រោងធំដើម្បីជួយដល់កំណើន។ លោកបានបន្តថា ដោយសារការធ្លាក់ចុះពាណិជ្ជកម្មពិភពលោកដែលធ្វើឱ្យប៉ះពាល់ដល់ការ នាំចេញ ដូច្នេះទេសចរណ៍គឺជាក្ដីសង្ឃឹមរបស់ថៃ។
ថៃដែលជាប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ បានពង្រីកទំហំសេដ្ឋកិច្ចរបស់ខ្លួនក្នុងកម្រិតខ្សោយជាងការរំពឹងទុកកាលពីឆ្នាំមុន ដែលយឺតជាងប្រទេសផ្សេងទៀតនៅក្នុងតំបន់ព្រោះវិស័យទេសចរណ៍របស់ខ្លួនទើបចាប់ផ្តើមកើនឡើង។ ក្រសួងហិរញ្ញវត្ថុបានព្យាករណ៍ភ្ញៀវទេសចរបរទេសចំនួន២៧,៥លាននាក់នៅឆ្នាំនេះបន្ទាប់ពីទទួលបានភ្ញៀវទេសចរចំនួន១១,៥លាននាក់កាលពីឆ្នាំ២០២២។ ថៃទទួលបានភ្ញៀវទេសចរបរទេសជិត៤០លាននាក់ឯណោះនៅឆ្នាំ២០១៩។
លោក Arkhom ធ្លាប់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reueters ក្នុងខែនេះថា កំណើនសេដ្ឋកិច្ចអាចយកឈ្នះការព្យាករណ៍ជាមួយនឹងការត្រឡប់មកវិញនៃភ្ញៀវទេសចរចិន។ បើតាមរដ្ឋមន្រ្តីរូបនេះ ការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លាណាមួយ នឹងបង្កើនថ្លៃដើមអាជីវកម្ម និងបំណុលគ្រួសារ ស្របពេលធនាគារកណ្តាលថៃបាននិយាយថា ការកើនឡើងអត្រាការប្រាក់នឹងបន្តទប់ស្កាត់តម្លៃអ្នកប្រើប្រាស់។
ជាមួយគ្នានេះ លោក Arkhom និយាយថា អតិផរណាគួរត្រលប់ទៅរកកម្រិតគោលដៅរបស់ធនាគារ កណ្តាលចន្លោះពី១ភាគរយទៅ៣ភាគរយនៅឆ្នាំនេះបន្ទាប់ការដាក់ចេញវិធានការរបស់រដ្ឋាភិបាល និងតម្លៃអាហារទាប។ អតិផរណានៅថៃបានឡើងដល់កម្រិតខ្ពស់រយៈពេល២៤ឆ្នាំគឺ៦,០៨ភាគរយកាលពីឆ្នាំមុន។
លោកបានបន្ថែមថា ការកំណត់អត្រាប្តូរប្រាក់ពី៣៤ទៅ៣៥បាតក្នុងមួយដុល្លារ មានប្រយោជន៍ សម្រាប់តម្លៃនាំចេញទោះបីជាបរិមាណនាំចេញធ្លាក់ចុះក៏ដោយ។ រូបិយប័ណ្ណថៃបានកំណត់នៅតម្លៃ ៣៤,៨ក្នុងមួយដុល្លារនៅថ្ងៃទី២៤ ខែកុម្ភៈ៕
អ្នកសរសេរអត្ថបទ
ជា ពេជ្រដាឡែន គឺជាអ្នកសារព័ត៌មានក្រៅម៉ោងនៃសារព័ត៌មានថ្មីៗ។ បច្ចុប្បន្ន ដាឡែន ជានិស្សិតឆ្នាំទីបី ផ្នែកសិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ ដាឡែន តាមដានព័ត៌មានទាក់ទង កិច្ចការអន្តរជាតិ ព្រមទាំងបញ្ហានយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ CHEA Pichdalen is a part-time international news reporter at Thmey Thmey. Currently, she is also a junior student majoring in International Studies at Institute of Foreign Languages at Royal University of Phnom Penh. She covers current international affairs as well as ongoing political issues in the Southeast Asia region.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: