លោក ហ្សេលេនស្គី គ្រោងជួបប្រធានាធិបតីចិន ស៊ី ជិនភីង
- ថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ៨:២៩ នាទី យប់

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយនៅថ្ងៃទី២៤ ខែកុម្ភៈថា លោកគ្រោងជួបប្រធានាធិបតីចិន ស៊ី ជិនភីង ក្រោយក្រុងប៉េកាំងស្នើឱ្យមានកិច្ចចរចាសន្តិសុខជាបន្ទាន់ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

«ខ្ញុំគ្រោងនឹងជួបជាមួយលោក ស៊ី ជិនភីង »។ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រាប់អ្នកសារព័ត៌មាន បែបនេះនាឱកាសសន្និសីទកាសែតចំពេលការឈ្លានពានរបស់រុស្ស៊ីឈានចូលដល់មួយឆ្នាំ។ លោកបន្តថា ជំនួបជាមួយមេដឹកនាំចិនសំខាន់ណាស់សម្រាប់សន្ដិសុខពិភពលោក។ យ៉ាងណាមិញ លោក មិនបានបញ្ជាក់ពីពេលវេលា ឬទីកន្លែងដែលលោកគ្រោងនឹងជួយលោក ស៊ី ឡើយ។
បន្ថែមពីនេះ មេដឹកនាំអ៊ុយក្រែនរូបនេះបានបង្ហាញពីក្ដីសង្ឃឹមដែលចិននឹងជួយគាំទ្រកិច្ចចរចា សន្តិភាព និងព្រមទាំងជួយអ៊ុយក្រែនផងដែរ។
«ខ្ញុំពិតជាចង់ជឿថា ចិននឹងមិនផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ីទេ។ វាមានសារសំខាន់ណាស់សម្រាប់ខ្ញុំ»។ លោក ហ្សេលេនស្គី សង្កត់ធ្ងន់បែបនេះ។
នៅថ្ងៃដដែល ចិនបានលិខិតប្រកាសជំហរបស់ខ្លួនដោយអំពាវនាវឱ្យមានការចរចាសន្តិភាពជាបន្ទាន់។ ប៉ុន្តែមហាអំណាចលោកខាងលិចមួយចំនួនបានច្រានចោលសំណើនេះហើយក៏បានព្រមានពីទំនាក់ទំនងជិតស្និទ្ធរបស់ទីក្រុងប៉េកាំងជាមួយទីក្រុងមូស្គូផងដែរ។
កន្លងមក ទីក្រុងប៉េកាំងបានប្រកាន់ជំហរអព្យាក្រឹតក្នុងជម្លោះនេះ ខណៈពេលដែលរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ីដែលជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ៕
អ្នកសរសេរអត្ថបទ
ជា ពេជ្រដាឡែន គឺជាអ្នកសារព័ត៌មានក្រៅម៉ោងនៃសារព័ត៌មានថ្មីៗ។ បច្ចុប្បន្ន ដាឡែន ជានិស្សិតឆ្នាំទីបី ផ្នែកសិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ ដាឡែន តាមដានព័ត៌មានទាក់ទង កិច្ចការអន្តរជាតិ ព្រមទាំងបញ្ហានយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ CHEA Pichdalen is a part-time international news reporter at Thmey Thmey. Currently, she is also a junior student majoring in International Studies at Institute of Foreign Languages at Royal University of Phnom Penh. She covers current international affairs as well as ongoing political issues in the Southeast Asia region.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ