តួកគីឃាត់ខ្លួនមនុស្សរាប់រយនាក់លើករណីសំណង់អគារដែលងាយបាក់រលំដោយគ្រោះរញ្ជួយដី
- ថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ៩:២៩ នាទី យប់

ក្រុមអ្នកជួយសង្រ្គោះ បានស្វះស្វែងជួយមនុស្ស នៅក្នុងប្រទេសតួកគី។ រូប AFP
អគារជាង១៦០០០ បានបាក់រលំ និងខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះរញ្ជួយដី កាលពីថ្ងៃទី៦ ខែកុម្ភៈ នៅក្នុងប្រទេសតួកគី។ យោងតាមការផ្សាយរបស់ CNN រដ្ឋាភិបាលបានបើកការស៊ើបអង្កេតលើមនុស្សជាង៦០០នាក់ ទាក់ទងនឹងគុណភាពដ៏អន់របស់អគារដែលរួមចំណែកបំផ្លាញជីវិតមនុស្សជាច្រើននាក់។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគី លោក Bekir Bozdag បាននិយាយកាលពីថ្ងៃសៅរ៍ថា ជនសង្ស័យ១៨៤នាក់ ក្នុងនោះរួមមានម្ចាស់អគារ និងម្ចាស់ក្រុមហ៊ុនសាងសង់ ត្រូវបានឃាត់ខ្លួន រួចទៅហើយ។
របាយការណ៍បានបង្ហាញថា អ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត៧,៨រិចទ័រ នៅតួកគី និងស៊ីរី មានប្រមាណ៥ម៉ឺននាក់។ ករណីស្លាប់ ក៏បានមកពីអសុវត្ថិភាពនៃសំណង់អគារផងដែរ ដោយអស់រយៈពេលជាច្រើនឆ្នាំ ក្រុមអ្នកជំនាញបានព្រមានពីការពុករលួយពាក់ព័ន្ធនឹងសំណង់អគារថ្មីៗ។
បើតាមលោក Bekir Bozdag ការស៊ើបអង្កេតបានចាប់ផ្តើមតាំងពីពីរសប្តាហ៍មុន ដោយអាជ្ញាធរបានចេញដីកាឃាត់ខ្លួនមនុស្ស១១៣នាក់ ដែលក្នុងនោះមានម្នាក់ជាអភិបាលក្រុង នៅក្រុងមួយដែលរងការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ។
ការបាក់រលំអគារជាង១៦០០០ នៅតួកគី ក្រោយគ្រោះរញ្ជួយដី ទទួលរងនូវការរិះគន់ជាច្រើន ដែលករណីនេះ បង្ហាញថា ទង្វើរបស់មនុស្សរួមចំណែកបំផ្លាញជីវិតមនុស្ស និងទ្រព្យសម្បត្តិផ្សេងៗ ពីលើគ្រោះមហន្តរាយធម្មជាតិ។ ក្រុមគណបក្សប្រឆាំង ក៏បានរិះគន់គោលនយោបាយរបស់លោកប្រធានាធិបតី Recep Tayyip Erdogan ផងដែរ។
ខណៈក្រុមគណបក្សប្រឆាំងទាមទារឱ្យមានការដាក់ទោសទណ្ឌចំពោះម្ចាស់អគារ ក៏ដូចជាក្រុមហ៊ុនសំណង់ ដែលមិនគោរពតាមច្បាប់សំណង់ត្រឹមត្រូវ លោក Erdogan បានលើកឡើងពីការខំប្រឹងប្រែងរបស់ខ្លួនក្នុងការស្តារប្រទេស ក្រោយគ្រោះមហន្តរាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com