សម្ដេច ហ៊ុន សែន ឱ្យរដ្ឋមន្រ្តីការងារ ពិភាក្សាជាមួយថៅកែរោងចក្រ ដោះស្រាយបញ្ហាកម្មករព្យួរការងារ
  • ថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ ​​ ម៉ោង ៩:១២ នាទី ព្រឹក
សម្ដេច ហ៊ុន សែន ឱ្យរដ្ឋមន្រ្តីការងារ ពិភាក្សាជាមួយថៅកែរោងចក្រ ដោះស្រាយបញ្ហាកម្មករព្យួរការងារ

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ឱ្យរដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោះស្រាយបញ្ហាកម្មករ ដែលត្រូវបានព្យួរការងារ។ សម្ដេច ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាថ្ងៃទី៦ ខែមីនា។
TTN-Free-Banner-In-Article-PC


សម្ដេច ហ៊ុន សែន មើលឃើញថា បញ្ហាវិបត្តិសេដ្ឋកិច្ចសកលកំពុងកើតឡើងហើយ ដែលបង្កឱ្យរោងចក្រនានា នៅកម្ពុជា ជួបប្រទះបញ្ហានាំចេញ និងមិនមានការបញ្ជាទិញពីក្រៅប្រទេស ។ បញ្ហាទាំងនេះ ធ្វើឱ្យបណ្ដារោងចក្រទាំងនោះ ប្រឈមមុខបិទទ្វារ ឬផ្អាកសកម្មភាពការងារកម្មករជាដើម។
 
ដើម្បីដោះស្រាយបញ្ហានេះ សម្ដេច ហ៊ុន សែន បញ្ជាឱ្យលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ចុះជួបពិភាក្សាជាមួយថៅកែរោងចក្រ ដើម្បីដោះស្រាយបញ្ហាកម្មករ ដែលត្រូវបានព្យួរការងារនេះ។ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឱ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមបញ្ចេញសាច់ប្រាក់ ដើម្បីជួយកម្មករ។
 
បើតាមសម្ដេច ហ៊ុន សែន វិធានការជួយកម្មករនេះ គឺរដ្ឋនឹងជួយ៤០ដុល្លារ ហើយថៅកែរោងចក្រ ផ្ដល់៣០ដុល្លារ សម្រាប់កម្មករម្នាក់ៗ ដែលត្រូវបានព្យួរការងារ។ វិធានការនេះ នឹងអាចអនុវត្តចាប់ពីខែមេសាខាងមុខ។
 
កន្លងមក រដ្ឋាភិបាល ធ្លាប់អនុវត្តវិធានការបែបនេះ កាលពីអំឡុងរីករាលដាលនៃជំងឺកូវីដ-១៩ រួចមកហើយ៕

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធឿន បញ្ញាឬទិ្ធ