ប្រធានាធិបតីទីម័រ សរសើរកម្ពុជាដែលជួយគាំទ្រឱ្យបានក្លាយជាសមាជិកអាស៊ាន
  • ថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ ​​ ម៉ោង ៥:១៩ នាទី ល្ងាច
ប្រធានាធិបតីទីម័រ សរសើរកម្ពុជាដែលជួយគាំទ្រឱ្យបានក្លាយជាសមាជិកអាស៊ាន
ប្រធានាធិបតីទីម័រខាងកើត Jose Ramos-Horta កំពុងជជែកជាមួយឥស្សរជននៅឯសាលសន្និសីទក្នុងទីក្រុងដូហា។ រូបថតដោយ សៅ ផលនិស្ស័យ

ប្រធានាធិបតីទីម័រខាងកើត José Ramos-Horta បានកោតសរសើរកម្ពុជាដែលគាំទ្រប្រទេសរបស់លោកក្នុងការក្លាយជាសមាជិកអាស៊ាន ហើយលោកចង់ឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀតនៅពេលអនាគត។
TTN-Free-Banner-In-Article-PC
 
«យើងពិតជារីករាយនិងដឹងគុណសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន, រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា។» ប្រធានាធិបតីទីម័រខាងកើត José Ramos-Horta ប្រាប់សារព័ត៌មាន Cambodianess បែបនេះនាកិច្ចសម្ភាសផ្ដាច់មុខនៅទីក្រុងដូហា ទឹកដីកាតា ទីដែលលោកចូលរួមកិច្ចប្រជុំប្រទេសអភិវឌ្ឍតិចតួច។
 
«យើងពិតជាដឹងគុណមែនទែន។ យើងមានប្រវត្តិតស៊ូ និងឈឺចាប់ដូចគ្នា ហើយកម្ពុជាដឹងពីស្ថានភាពទីម័រខាងកើតយ៉ាងច្បាស់។ យើងពិតជារីករាយចំពោះការសម្រេចចិត្តរបស់មេដឹកនាំអាស៊ាននាកិច្ចប្រជុំកំពូលនៅទីក្រុងភ្នំពេញក្នុងវិច្ឆិកាកន្លងទៅ។» លោក José Ramos-Horta បន្តបែបនេះ។
 
ទីម័រខាងកើត ស្នើសុំចូលអាស៊ាននៅឆ្នាំ២០១១។ អាស៊ានចំណាយពេលដល់ទៅ១០ឆ្នាំមុនឈានដល់ការសម្រេចចិត្តផ្ដល់សមាជិកភាពឋានៈអ្នកសង្កេតការណ៍ដល់ទីម័រខាងកើតក្រោមអាណត្តិប្រធានរបស់កម្ពុជានាឆ្នាំ២០២២។ ទោះមិនទាន់ចូលពេញលេញ ទីម័រខាងកើត អាចចូលរួមគ្រប់កិច្ចប្រជុំជាមួយសមាជិកអាស៊ានឯទៀតរាប់ទាំងកិច្ចប្រជុំកំពូលផង។ យ៉ាងណាមិញ ទីម័រខាងកើត មានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញតាមលក្ខខណ្ឌក្នុងផែនទីចង្អុលផ្លូវរបស់អាស៊ាន។
 
មេដឹកនាំទីម័រខាងកើតសង្កត់ធ្ងន់ថា៖ «ឥឡូវនេះ យើងកំពុងទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលអាស៊ាននៅខែឧសភានៅឥណ្ឌូណេស៊ី ដើម្បីមើលផែនទីបង្ហាញផ្លូវដែលនឹងត្រូវបានអនុម័ត និងទទួលយកប្រតិទិននៃការចូលជាសមាជិកដែលកិច្ចប្រជុំកំពូលអាចសម្រេចថា តើយើងគួរតែចូលរួមនៅឆ្នាំ២០២៣ ឬ២០២៤ ឬ២០២៥ ហើយមិនថាការសម្រេចចិត្តបែបណា យើង​នឹង​ស្វាគមន៍​»។ 
 
ទីម័រខាងកើតជាដៃគូ មិនមែនអម្រែកសម្រាប់អាស៊ានឡើយ
 
ក្នុងកិច្ចសម្ភាសដដែល លោក José Ramos-Horta និយាយថា​ ការចូលជាសមាជិកអាស៊ាន នឹងដំណើរការរលូន ដោយលោកយោងទៅលើសាមគ្គីភាពក្នុងចំណោមប្រជាជនអាស៊ាន និងរដ្ឋាភិបាលប្រទេសសមាជិកទាំងអស់។
 
«ទោះជាយ៉ាងណាក៏ដោយ វាមិនមានន័យថា រលូនរហូតដែរនោះទេ ពីព្រោះក្នុងនាមជាសមាជិកថ្មីបំផុត យើងត្រូវតស៊ូជាមួយបញ្ហាប្រឈមទាក់ទងនឹងសេដ្ឋកិច្ច និងធនធានមនុស្សរបស់យើង។» ប្រធានាធិបតីទីម័រខាងកើតលើកឡើងបែបនេះ មុនបង្ហាញការដឹងគុណចំពោះសិង្ហបុរីដែលបានបង្កើតផែនការយុទ្ធសាស្រ្តដើម្បីគាំទ្រដល់ការបណ្តុះបណ្តាល និងការកសាងសមត្ថភាពរបស់ទីម័រខាងកើត។
 
«ហើយបណ្តាប្រទេសលោកខាងលិចដូចជាអូស្ត្រាលី និងចក្រភពអង់គ្លេសក៏គាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍធនធានមនុស្សរបស់ទីម័រខាងកើតផងដែរ»។ លោកបន្ថែមដូច្នេះ។ 
 
បើតាមប្រធានាធិបតីទីម័រខាងកើត ការគាំទ្រដ៏រឹងមាំនេះអនុញ្ញាតឱ្យប្រទេសរបស់លោកពង្រឹងសមត្ថភាពខ្លួនឯង និងក្លាយជាសមាជិកប្រកបដោយការស្ថាបនា និងការទទួលខុសត្រូវ។ លោកបន្តថា៖ «យើងមិនចង់ធ្វើជាបន្ទុកឡើយ។ យើងចង់ក្លាយជាដៃគូដែលអាចរួមចំណែកឱ្យអាស៊ានកាន់តែរួបរួមថែមទៀត។»
 
ការពង្រីកពាណិជ្ជកម្ម និងការហោះហើរទៅមក
 
កម្ពុជាភ្ជាប់ទំនាក់ទំនងជាមួយទីម័រខាងកើតនៅឆ្នាំ២០០២ ភ្លាមៗក្រោយទីម័រខាងកើតបានឯករាជ្យពីឥណ្ឌូណេស៊ីតាមរយៈការធ្វើប្រជាមតិនៅឆ្នាំដដែល។ ទំនាក់ទំនងទ្វេភាគី ក៏មានភាពល្អប្រសើរតាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចមេដឹកនាំ។ សម្ដេច ហ៊ុន សែន ធ្វើទស្សនកិច្ចនៅទីម័រខាងកើតនៅឆ្នាំ២០០៦ ហើយលោក Ramos-Horta ក៏មកកាន់កម្ពុជានៅខែតុលា ឆ្នាំ២០២២ ដោយពេលនេះ អនុស្សារណៈយោគយល់គ្នាលើការនាំចេញអង្ករ និងសេវាកម្មហោះហើរ ត្រូវបានចុះហត្ថលេខា។
 
នៅពេលសួរថាភាគីទាំងពីរអាចធ្វើអ្វីបានទៀតដើម្បីជំរុញការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន លោក Ramos-Horta បញ្ជាក់ថា លោកលើកទឹកចិត្តឱ្យមានការតភ្ជាប់ផ្លូវអាកាស ហើយការជំរុញពាណិជ្ជកម្ម នឹងផ្ដល់ប្រយោជន៍ដល់ប្រជាជនទាំងពីរប្រទេស។
 
«ខ្ញុំ​ចង់​ឃើញ​ការ​តភ្ជាប់​កាន់​តែ​ច្រើន​រវាង​កម្ពុជា និង​ទីម័រខាងកើត ជាពិសេស​ការ​តភ្ជាប់រវាង​ក្រុមហ៊ុន​អាកាសចរណ៍ ទោះ​បី​ជា​វា​មាន​ន័យ​ថា​យើង​ត្រូវ​ឧបត្ថម្ភធន​ដើម្បី​ឱ្យ​មានតម្លៃ​ថោកក៏ដោយ។ ខ្ញុំ​ក៏​ចង់​ឃើញ​ការ​កើន​ឡើង​​ពាណិជ្ជកម្ម​ដើម្បី​ទីម័រខាងកើត​អាច​ទិញ​ទំនិញ​បន្ថែម​ពី​កម្ពុជា​ដូចជា​អង្ករ និង​ទំនិញ​ផ្សេង​ទៀត»។ លោកអះអាងបែបនេះ។
 
គំនិតផ្តួចផ្តើមមួយទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនង និងភាពជាដៃគូតាមរយៈពាណិជ្ជកម្ម គឺជំរុញការវិនិយោគលើផលិតកម្មស្រូវនៅកម្ពុជាដូចដែលបានលើកឡើងដោយប្រមុខរដ្ឋាភិបាលកម្ពុជា។
 
«សម្ដេនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់គំនិតដ៏ល្អមួយដល់យើងថា ដោយសារទីម័រខាងកើតនាំចូលអង្ករ ហេតុអ្វីយើងមិនវិនិយោគខ្លះក្នុងផលិតកម្មស្រូវនៅកម្ពុជា?» នេះជាការចង្អុលបង្ហាញរបស់លោក Ramos-Horta មុនបន្តថា៖ «បន្ទាប់មក ប្រសិនបើយើងត្រូវការអង្ករដែលយើងផលិតនៅកម្ពុជា យើងអាចបញ្ជូនវាទៅទីម័រខាងកើត។ បន្ទាប់​មក យើង​អាច​នាំ​ចេញ​បាន​ប្រសិន​បើ​យើង​មិន​ត្រូវ​ការវាទេ»។
 
គំនិត​នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ភាគី​ពាក់ព័ន្ធ​ជាច្រើន​នៅ​ទី​ម័​រ​ខាងកើត​ផងដែរ។
 
លោកប្រធានាធិបតី​បាន​បន្ត​ថា​៖ «​យើង​មាន​ធនធាន​ហិរញ្ញវត្ថុ​មួយ​ចំនួន ហើយ​យើង​ពិត​ជា​អាច​វិនិយោគ​លើ​ការ​ផលិត​ស្រូវ​ជា​ច្រើន​ហិចតា​នៅ​កម្ពុជា»៕
 
 

អ្នកសរសេរអត្ថបទ

សៅ ផលនិស្ស័យ (Sao Phal Niseiy) ជានិពន្ធនាយកសារព័ត៌មានភាសាអង់គ្លេស​ Cambodianess និងនិពន្ធនាយករងទទួលបន្ទុកព័ត៌មានអន្តរជាតិនៃសារព័ត៌មានថ្មីៗ។​​​ ទទួលបានសញ្ញាបត្របរិញ្ញាបត្ររដ្ឋបាលសាធារណៈ និង​សិក្សា​អន្តរជាតិ​ ផលនិស្ស័យក៏ជាអ្នកតាមព្រឹត្តិការណ៍អន្តរជាតិជាពិសេសវិបត្តិប្រែប្រួលអាកាសធាតុ និងកិច្ចការបរទេស។ Sao Phal Niseiy currently is Editor in Chief of Cambodianess News and Deputy Editor In Chief of Thmey Thmey Media in charge of international news desk, mostly covering climate crisis and foreign affairs. He earned degrees in Public Administration and International Studies.

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សៅ ផលនិស្ស័យ