កូរ៉េខាងត្បូងថា សហប្រតិបត្តិការជាមួយជប៉ុនពិតជាសំខាន់ ខណៈមានក្តីបារម្ភលើកូរ៉េខាងជើង
- ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ ម៉ោង ៨:២៩ នាទី ព្រឹក

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព Reuters
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅថ្ងៃទី១៥ ខែមីនា បានអះអាងថា កិច្ចសហប្រតិបត្តិការជាមួយជប៉ុន គឺពិតជាសំខាន់ណាស់ ក្នុងការដោះស្រាយបញ្ហាប្រឈមនឹងការកើនឡើងពីសំណាក់កូរ៉េខាងជើង និងការការពារច្រវាក់ផលិតកម្មសកល។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានអន្តរជាតិជាច្រើន លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងពីហេតុផលនៃការស្តារទំនាក់ទំនងរវាងក្រុងសេអ៊ូល និងក្រុងតូក្យូឡើងវិញ ក្រោយពីមានភាពចម្រូងចម្រាសជុំវិញសំណងជនរងគ្រោះលើការចាប់បង្ខំកម្លាំងពលកម្មនៅក្នុងសម័យសង្រ្គាម។
«វាមានការកើនឡើងនៃភាពចាំបាច់សម្រាប់កូរ៉េខាងត្បូង និងជប៉ុនចំពោះកិច្ចសហប្រតិបត្តិការ ក្នុងពេលមានវិបត្តិជាច្រើន ជាមួយការគំរាមកំហែងមីស៊ីល និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង និងច្រវាក់ផលិតកម្មពិភពលោក មានការបង្អាក់»។ លោកយូន បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៥ ខែមីនា ដោយបន្តថា កូរ៉េខាងត្បូង មិនអាចបន្តចំណាយពេលវេលាចោល និងទុកបញ្ហាចម្រូងចម្រាសរវាងកូរ៉េខាងត្បូង និងជប៉ុនចោលបានឡើយ។
ទំនាក់ទំនងប្រទេសជិតខាងទាំងពីរ មានភាពល្អក់កករយ៉ាងខ្លាំង នៅប៉ុន្មានឆ្នាំចុងក្រោយ ដោយសារតែបញ្ហាសំណងដល់ការចាប់បង្ខំកម្លាំងពលកម្មកូរ៉េខាងត្បូង។
បើតាមប្រធានាធិបតីកូរ៉េខាងត្បូង សម្រាប់ពេលនេះ វាជាពេល ដែលប្រជាជនត្រូវគិតទៅមុខ ជាជាងការប្រឈមមុខនឹងអតីតកាល។ លោកយូន ក៏បានបញ្ជាក់ថា កន្លងមក រដ្ឋាភិបាលក្រុងតូក្យូ ក៏បានសម្តែងការសុំទោសចំពោះសកម្មភាពខ្លួននៅក្នុងអតីតកាលផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ទន្ទឹមនេះ លោកយូន បានយល់ថា ទំនាក់ទំនងកាន់តែរឹងមាំរវាងក្រុងសេអ៊ូល និងក្រុងតូក្យូ នឹងជួយដល់ច្រវាក់ផលិតកម្មសកល និងកសាងទំនាក់ទំនងសេដ្ឋកិច្ចប្រកបដោយស្ថិរភាពជាមួយចិន។
បន្ថែមពីនេះ មេដឹកនាំកូរ៉េខាងត្បូង បានលើកឡើងពីការកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខត្រីភាគីជាមួយជប៉ុន និងក្រុងវ៉ាស៊ីនតោន និង កិច្ចព្រមព្រៀងចែករំលែកព័ត៌មានចារកិច្ច GSOMIA ស្របពេលមានការគំរាមកំហែងពីកូរ៉េខាងជើង៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: