ករណីលោក កឹម សុខា ៖ សម្ដេច ហ៊ុន សែន និយាយថា សកម្មភាពបរទេសខ្លះ ជាការដាក់បន្ទុកបន្ថែម
- ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ ម៉ោង ១២:២៥ នាទី រសៀល

សកម្មភាពបរទេសខ្លះ ជាការដាក់បន្ទុកបន្ថែមទៅលើលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២៧ឆ្នាំ និងដកសិទ្ធិធ្វើនយោបាយមួយជីវិត ក្រោមបទចោទគប់គិតជាមួយបរទេស។

ដ្បិតមិននិយាយចំឈ្មោះក្តី តែសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពន្លយសម្តីពាក់ព័ន្ធនឹងករណីក្តីក្ដាំរបស់អ្នកនយោបាយចាស់វស្សា លោក កឹម សុខា ដែលទទួលរងបន្ទុកបន្ថែម ដោយសារតែការលូកដៃពីសំណាក់បរទេស។ ត្រង់ចំណុចនេះ សម្ដេច បានលើកពីសកម្មភាពបរទេសខ្លះ ដែលបានចេញចូលជួបសួរសុខទុក្ខមេដឹកនាំអតីតគណបក្សប្រឆាំងរូបនេះ ជាញឹកញាប់ ស្របពេលដែលតុលាការកំពុងសវនាការក្តីរបស់លោក កឹម សុខា ពីបទ «គប់គិតជាមួយបរទេស» ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ(BBU)សរុប ៤,៥៦៦នាក់ នាព្រឹកថ្ងៃទី១៦ មីនា ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះ ៖«អ៊ីចឹងទេ បានជាខ្ញុំប្រាប់ទូតមួយថា ពួកអ្នកឯងកន្លងទៅ បានធ្វើសកម្មភាពរួមចំណែកដាក់ទោស មនុស្សដែលគេកាត់ទោស។ (ទូត និងមន្ត្រីបរទេស) អ្នកឯកសួរសុខទុក្ខ សួរសុខទុក្ខឡើង ,បន្តិចជួបៗ ! ហ្នឹងហើយ ស្មានតែតុលាការមិនយកចិត្តទុកដាក់លើចំណុចហ្នឹង»។
ដោយសារតែសកម្មភាពបរទេសជួបមេបក្សប្រឆាំង អំឡុងពេលដំណើរការក្តីនេះហើយ ទើបសម្ដេច ហ៊ុន សែន ប្រកាសមិនលើកលែងទោសឱ្យអ្នកណាម្នាក់ ក្រោយតុលាការសម្រេចហើយ។ «ហើយវាក៏បានបង្កើតនូវចំណុចដែល ហ៊ុន សែន មិនជឿទុកចិត្តលើកលែងទោសឱ្យអ្នកណាទាំងអស់ ។ (ទូត និងមមន្ត្រីបរទេស) អ្នកឯងត្រូវដឹង ឥរិយាបថខ្លះ គឺអ្នកឯង ជួយធ្វើបាបអ្នកទោសនោះវិញទេ អ្នកឯងត្រូវយល់។ ដោយសារតែឥរិយាបថអ្នកឯងអ៊ីចឹង ខ្ញុំក៏ត្រូវតែប្រយ័ត្នដែរ។ អ្នកឯងយល់ទេ បន្ទាត់នយោបាយអ្នកឯង សកម្មភាពនយោបាយអ្នកឯងគឺខុស បង្កើតជាហេតុផលឱ្យតុលាការដែលកំពុងស្វែងរកនូវរឿងរ៉ាវនៃការគប់គិត ។ ហើយវាបង្កើតទៅជាការមិនជឿទុកចិត្តរបស់នាយករដ្ឋមន្រ្តី ដែលនាយករដ្ឋមន្ត្រីមិនអាចលើកដៃលើកលែងទោសឱ្យអ្នកណា នៅក្នុងសំណុំរឿងនេះ»។ សម្ដេច បន្ថែម។
តុលាការភ្នំពេញ បានសម្រេចឱ្យលោក កឹម សុខា ជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំ ហើយមិនអាចធ្វើនយោបាយអស់មួយជីវិត។ ក្រៅពីសមាជិកគ្រួសារ លោក មិនអាចជួបឬទាក់ទងជាមួយអ្នកណាទាំងអស់។ នៅមុខផ្ទះរបស់លោក មានកងកម្លាំង នៅចាំយាមគ្រប់ពេល។
តែយ៉ាងណាមេដឹកនាំបក្សប្រឆាំងរូប នឹងប្ដឹងជំទាស់ការសម្រេចរបស់តុលាការដំបូងនេះ ទៅសាលាឧទ្ធរណ៍។ នេះបើតាមមេធាវីលោក កឹម សុខា៕
អ្នកសរសេរអត្ថបទ
រំដួល ចិត្រា (Romdoul Chetra) បានចូលបម្រើការងារជាអ្នកសារព័ត៌មាន នៅក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៤ ។ ចិត្រា មានជំនាញសរសេរព័ត៌មានជាតិ ដែលតាមដានព្រឹត្តិការណ៍នយោបាយ សន្តិសុខសង្គម និងបទយកការណ៍។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: