លោក Ten Hag ៖ Man United ទោះមានប្រៀបតែមិនបន្ធូរឡើយសម្រាប់ Real Betis
- ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ ម៉ោង ៨:២៩ នាទី យប់

អ្នកចាត់ការក្រុម Manchester United លោក Erik ten Hag បាននិយាយថាទោះមានប្រៀបដល់ ៣គ្រាប់ ប៉ុន្តែក្រុមនឹងមិនបន្ធូរបន្ថយឡើយ ពេលលេងប៉ះ Real Betis ជើងទីពីរនៃជំនួប Europa League រាត្រីថ្ងៃទី១៦ ខែមីនា។

កាលពីការប្រកួតជើងទីមួយក្នុងទឹកដី Old Trafford ក្រុមបិសាចក្រហមជាម្ចាស់ផ្ទះបានលុត Real Betis មកពីអេស្ប៉ាញលទ្ធផល ៤-១ ដោយកីឡាករ Marcus Rashford, Antony, Bruno Fernandes និង Wout Weghorst ជាអ្នកស៊ុតបាល់បញ្ចូលទី ក្រោយ ៤ថ្ងៃ បន្ទាប់ពីរងបរាជ័យធំក្រោមថ្វីជើង Liverpool លទ្ធផល ៧-០ ក្នុង Premier League រួច។
ទោះជាមានគ្រាប់បាល់ចំណេញនាំមុខច្រើន តែអ្នកចាត់ការសញ្ជាតិហូឡង់និយាយថា រាល់ការប្រកួតក្រុមគឺត្រូវមត់ចត់ ព្រោះលទ្ធផលអាចប្រែប្រួលគ្រប់ពេល ប្រសិនក្រុមមានភាពធ្វេសប្រហែស។
«គ្រប់ការប្រកួតគឺត្រូវតែមត់ចត់បំផុត ហើយយើងនឹងលេងនូវអ្វីជាក្រុមរបស់យើង ទោះនាំមុខក្តី។ ប្រាកដណាស់យើងត្រូវតែបង្កើតក្រុមដែលអាចសម្របខ្លួនបានអំឡុងពេលប្រកួត យើងក៏ដឹងថាគូប្រកួតរបស់យើងក៏អាចធ្វើបានដូចគ្នា ព្រោះពួកគេមានកីឡាករល្អៗច្រើនដូចគ្នា និងការតាំងចិត្ត ដូច្នេះយើងត្រូវដឹងថាត្រៀមខ្លួនរួចរាល់សម្រាប់តទល់ពួកគេ។»។ លោក ten Hag និយាយក្នុងសន្និសីទកាសែតមុនការប្រកួតបែបនេះ។
សម្រាប់ការប្រកួតទល់ Real Betis កីឡាករខ្សែបម្រើ Casemiro ដែលទទួលបានកាតក្រហមនៅ Premier league កាលពីសប្តាហ៍មុន ក៏នឹងមានវត្តមានជាមួយក្រុមប្រកួតនៅទឹកដីអេស្ប៉ាញ រួមជាមួយ Bruno Fernandes។ ចំណែក Antony គ្មានឈ្មោះប្រកួតព្រោះរបួស ។ ចំណែកកីឡាករស្ថិតក្នុងបញ្ជីរបួសស្រាប់ Anthony Martial, Christian Eriksen និង Donny van de Beek៕
ការប្រកួតវគ្គ ១៦ក្រុមជើងទីពីរ Europa League គូរដទៃទៀត៖
Fenerbahce ទទួល Sevilla
Feyenoord ទទួល Shakhtar Donetsk
Freiburg ទទួល Juventus
Arsenal ទទួល Sporting
Ferencvaros ទទួល Bayer Leverkusen
Real Sociedad ទទួល Roma
Union St.Gilloise ទទួល Union Berlin
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: