ទស្សនៈ៖ តើការចាយប្រាក់រៀលចំណេញអ្វីខ្លះដល់សេដ្ឋកិច្ចជាតិ?
- ថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:៣០ នាទី យប់

សកម្មភាពនៃការប្រើប្រាស់ប្រាក់រៀល មានការកើនឡើងគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន ការចាយប្រាក់រៀលក្នុងចរន្តសេដ្ឋកិច្ចជាតិ បានកើនដល់រង្វង់១៥-២០ភាគរយ ខណៈការជំរុញការប្រើប្រាក់រៀលមានកាន់តែទូលំទូលាយ។ ទន្ទឹមគ្នានេះ ធនាគារជាតិនៃកម្ពុជា បន្តអនុវត្តគោលនយោបាយរូបិយវត្ថុ និងវិធានការលើកកម្ពស់ការប្រើប្រាក់រៀល រួមទាំងបង្កើនកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យដំណើរការចាកចេញពីដុល្លារូបនីយកម្មរបស់កម្ពុជា មានប្រសិទ្ធភាព។ តើការចាយប្រាក់រៀលចំណេញអ្វីខ្លះដល់សេដ្ឋកិច្ចជាតិ?

ការរក្សាស្ថិរភាពថ្លៃក្នុងទីផ្សារ
រូបិយវត្ថុ មិនខុសពីទំនិញនៅលើទីផ្សារទេ។ ត្រង់ចំណុចនេះ មានន័យថា បើមានការគ្រប់គ្រងមិនត្រូវទេ នោះតម្លៃរូបិយវត្ថុ និងតម្លៃទំនិញ នឹងឡើងចុះពិបាកប៉ាន់ស្មាន។ ប្រសិនបើគេបោះពុម្ពក្រដាសប្រាក់ច្រើនពេក នោះក្រដាសប្រាក់នឹងចុះថោក ហើយទំនិញឡើងថ្លៃ ដែលទំនាក់ទំនងបែបនេះ ហៅថា អតិផរណា។
រូបិយវត្ថុ មិនខុសពីទំនិញនៅលើទីផ្សារទេ។ ត្រង់ចំណុចនេះ មានន័យថា បើមានការគ្រប់គ្រងមិនត្រូវទេ នោះតម្លៃរូបិយវត្ថុ និងតម្លៃទំនិញ នឹងឡើងចុះពិបាកប៉ាន់ស្មាន។ ប្រសិនបើគេបោះពុម្ពក្រដាសប្រាក់ច្រើនពេក នោះក្រដាសប្រាក់នឹងចុះថោក ហើយទំនិញឡើងថ្លៃ ដែលទំនាក់ទំនងបែបនេះ ហៅថា អតិផរណា។
ផ្ទុយមកវិញ បើបោះពុម្ពក្រដាសប្រាក់តិចជាងតម្រូវការចាយវាយក្នុងទីផ្សារ នោះតម្លៃប្រាក់រៀលឡើងថ្លៃខ្ពស់ ជាងកម្រិតសមស្របដែលនាំឲ្យមាន បរិត្តផរណា គឺការធ្លាក់ថ្លៃនៃទំនិញ។ ត្រូវចាំថា បើទំនិញឡើងថ្លៃ គឺប៉ះពាល់ជីវភាពពលរដ្ឋ តែបើទំនិញចុះថោក គឺប៉ះពាល់វិនិយោគិន ដែលជាអ្នកផលិតទំនិញ។ ដូច្នេះ បើកម្ពុជាចាយប្រាក់រៀលខ្ពស់ នោះការគ្រប់គ្រងការចរាចរប្រាក់រៀល ក៏ដូចជាកំណត់តម្លៃទំនិញលើទីផ្សារ គឺមានភាពងាយស្រួល។
តែអ្វីជាបញ្ហានោះត្រង់ថា កម្ពុជា គឺជាប្រទេសចាយប្រាក់ដុល្លារយ៉ាងសម្បើមណាស់ (ដុល្លារូបនីយកម្ម) ចាប់តាំងពីឆ្នាំ១៩៩៣មក។ សេដ្ឋកិច្ចកម្ពុជា ត្រូវគ្រប់គ្រងដោយដុល្លារអាម៉េរិកដែលធ្វើឱ្យតម្លៃទំនិញ ត្រូវឡើងចុះទៅតាមលុយដុល្លារ។ ការចាយលុយដុល្លារនេះ បានដាក់កំហិតដល់ប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ក៏ព្រោះតែធនាគារជាតិ មិនមែនជាអ្នកគ្រប់គ្រងបរិមាណលុយបរទេសឡើយ។ ទិដ្ឋភាពនេះ បង្ហាញយ៉ាងច្បាស់ថា បើសិនកម្ពុជាចាយលុយរៀលច្រើន ដល់កម្រិត៨០ ទៅ៩០វិញ នោះធនាគារជាតិ អាចគ្រប់គ្រងស្ថិរភាពថ្លៃទំនិញបានយ៉ាងមានប្រសិទ្ធភាព។ ត្រង់ចំណុនេះ ខ្ញុំចង់ពន្យល់ថា បើមានប្រាក់រៀលច្រើននៅលើទីផ្សារ នោះធនាគារជាតិ អាចប្រើវិធីស្រូបយកមកវិញខ្លះ តែបើវាតិចពេក ធនាគារជាតិ ក៏អាចបញ្ចេញប្រាក់រៀលបន្ថែម ឲ្យវាសមាមាត្រនឹងតម្រូវការទីផ្សារ។
ជំរុញការនាំចេញ និងការវិនិយោគ
ប្រសិនបើកម្ពុជា ចាយតែប្រាក់រៀល នោះធនាគារជាតិនឹងមានអំណាចប្រើប្រាស់គោលនយោបាយរូបិយវត្ថុបានពេញលេញ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការជំរុញការនាំចេញ ការបន្ថយតម្លៃរូបិយវត្ថុ និងការកែតម្រូវអត្រាប្តូរប្រាក់គោល។
ឧបមាថា៖ កម្ពុជាផលិតកាបូបមួយ ចំណាយប្រាក់៤ ០០០រៀល ហើយហាងឆេងប្ដូរប្រាក់ ៤ ០០០រៀល ស្មើ ១ដុល្លារ។ ដូច្នេះអ្នកបញ្ជាទិញចាយ ១ដុល្លារ គឺបានកាបូបពីកម្ពុជា។ ប៉ុន្តែបើយើងធ្វើឱ្យប្រាក់រៀលចុះថោក ដល់៤ ២០០រៀល ទើបស្មើ១ដុល្លារ នោះកាបូបយើងដែលមានតម្លៃ ៤ ០០០រៀលនេះ គេចាយមិនដល់១ដុល្លារទេ ពោលគឺត្រឹម ៨៨សេនប៉ុណ្ណោះ។ ឧទាហរណ៍ ដែលឆ្លុះបញ្ចាំងពីការនាំចេញបានបង្ហាញថា កាបូបនេះ មានតម្លៃទាបជាងមុននៅលើទីផ្សារអន្តរជាតិ ដែលគេកាន់តែពិចារណា ក្នុងការទិញផលិតផលរបស់កម្ពុជា។
ក្នុងរយៈពេល២០ឆ្នាំមកនេះ កម្ពុជាបានរក្សានូវស្ថិរភាពអត្រាប្តូរប្រាក់រវាងដុល្លារ និងលុយរៀល ដែល១ដុល្លារ ស្មើនឹង៤ ០៥០ទៅ៤ ១០០រៀល ប៉ុណ្ណោះ។
ចំណូលពីការបោះពុម្ពក្រដាសប្រាក់
ធនាគារជាតិ ទទួលបានចំណូលពីការបោះពុម្ពសាច់ប្រាក់ នៅពេលប្រាក់នោះចរាចរក្នុងទីផ្សារសេដ្ឋកិច្ច។ ត្រង់ចំណុចនេះ គឺលោក-អ្នកមិនពិបាកក្នុងយល់ទេ។ ឧបមាថា ក្រដាសប្រាក់១ម៉ឺនរៀលមួយសន្លឹក ត្រូវបានធនាគារជាតិបោះពុម្ព ហើយលក់ចេញក្នុងតម្លៃ១ម៉ឺនរៀល ខណៈការចំណាយលើការផលិតក្រដាសប្រាក់នេះ អស់តិចតួចប៉ុណ្ណោះ លើថ្លៃក្រដាសបោះពុម្ព និងថ្លៃផលិតកម្ម។
ដូច្នេះ នៅពេលកម្ពុជាមានតម្រូវការប្រាក់រៀលច្រើន នោះរដ្ឋ នឹងទទួលបានចំណូលបានកាន់ច្រើន ពីការបោះពុម្ពប្រាក់រៀល។ ប៉ុន្តែ ផលប្រយោជន៍នេះ ត្រូវបានទៅលើសហរដ្ឋអាមេរិកទៅវិញ ពីការបោះពុម្ពលុយដុល្លារ ព្រោះតែកម្ពុជា ចាយដុល្លារច្រើន។ ការសិក្សារបាយការណ៍ពីធនាគារជាតិ បានបង្ហាញថា ទំហំប្រាក់ដុល្លារអាម៉េរិកមានដល់ ៨៥ភាគរយដែលបានចរាចរនៅក្នុងចរន្តសេដ្ឋកិច្ចជាតិ អស់រយៈពេល៣ទសវត្សរ៍មក។
បង្កើនទុនបម្រុងអន្តរជាតិ
ការប្រើប្រាក់រៀលបង្កើនទុនបម្រុងជាតិ តាមរយៈលំហូរនៃរូបិយប័ណ្ណបរទេសក្នុងសេដ្ឋកិច្ចកម្ពុជា។ ចំណុចនេះមានន័យថា វិនិយោគិនដែលនាំរូបិយប័ណ្ណបរទេសក្នុងសេដ្ឋកិច្ចយើង ចាំបាច់ត្រូវប្តូរជាប្រាក់រៀល។ ការធ្វើបែបនេះធនាគារជាតិ មានលទ្ធភាពយករូបិយប័ណ្ណដែលពីប្រភពទុនវិនិយោគបរទេសមករក្សាទុក ដើម្បីយកទៅវិនិយោគលើឧបករណ៍ហិរញ្ញវត្ថុដែលមានសុវត្ថិភាព ដូចជា៖ ការទិញសញ្ញាបណ្ណ(Bonds, Treasury bill...) ដើម្បីបានជាចំណូលមកវិញ និងបង្កើនទុនបម្រុងជាតិ។
ការណ៍ដែលយើងមានទុនបម្រុងជាតិច្រើន វានឹងបង្កើនទំនុកចិត្តទៅដល់ការប្រើប្រាស់រៀល និងផ្តល់លទ្ធភាពឱ្យធនាគារជាតិអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀល។ នេះជាហេតុផលចំណេញសេដ្ឋកិច្ចមួយទៀត ដែលចាំបាច់ត្រូវប្រើប្រាស់ប្រាក់រៀល ដើម្បីឱ្យសេដ្ឋកិច្ចយើងមានស្ថិរភាព និងដើម្បីកៀគរទុនបម្រុងរបស់យើងឱ្យកាន់តែមានច្រើនឡើងៗ។
យោងតាមរបាយការណ៍របស់ធនាគារជាតិ គិតត្រឹមចុងឆ្នាំ២០២២ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា មានប្រមាណ២០,៣ពាន់លានដុល្លារ។ ទុនបម្រុងអន្តរជាតិដែលកម្ពុជាមាននេះ គឺអាចធានាដល់ការនាំចូលទំនិញ-សេវា បានដល់៧ខែ ក្នុងករណីប្រទេសប្រឈមនឹងវិបត្តិ ឬគ្រាអាសន្នណាមួយ។
បង្កើនសុខុមាលភាពសង្គម
ការចាយលុយរៀល អនុញ្ញាតឱ្យរាជរដ្ឋាភិបាល គ្រប់គ្រងថវិកាជាតិបានកាន់តែប្រសើរ ដោយកាត់បន្ថយការពឹងផ្អែកលើបំណុលបរទេស តាមរយៈការបោះផ្សាយមូលបត្ររដ្ឋជាប្រាក់រៀល (រដ្ឋខ្ចីលុយពីប្រជាជនខ្លួនឯង) ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា៖ សាលារៀន ផ្លូវថ្នល់ និងមន្ទីរពេទ្យ ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: