ក្រសួងបរិស្ថាន រៀបចំពិព័រណ៍កេសរកូល ដើម្បីលើកតម្លៃរុក្ខជាតិនៅកម្ពុជា
- ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ ម៉ោង ៨:៥៩ នាទី ព្រឹក

ក្រសួងបរិស្ថានរៀបចំពិព័រណ៍កេសរកូលនៅថ្ងៃទី៧-៩ ខែមេសា
ភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍កេសរកូល ចាប់ពីថ្ងៃទី៧-៩ ខែមេសា នៅផ្សារទំនើបអ៊ីអន១ ដើម្បីអបអរសាទរ «វេទិកាកេសរកូលជាតិលើកទី៣»។ ក្នុងពិព័រណ៍កេសរកូលនេះ ក៏មានការប្រកាសដាក់ឱ្យប្រើជាផ្លូវការ«សៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅក្នុងប្រទេសកម្ពុជា»ផងដែរ។

ពិព័រណ៍កេសរកូល ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់ និងគុណតម្លៃនៃប្រភេទកេសរកូលព្រៃ និងរុក្ខជាតិនៅកម្ពុជា សំដៅជំរុញឱ្យមានការចូលរួម និងថែរក្សាធនធានធម្មជាតិ និងជីវៈចម្រុះពីសាធារណជន និងអ្នកពាក់ព័ន្ធ។ លើសពីនេះ ពិព័រណ៍នេះ ក៏ជាផ្នែកមួយពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីគាំទ្រដល់ការស្រឡាញ់ និងការអភិរក្សកេសរកូលនៅកម្ពុជា។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ពិព័រណ៍កេសរកូលនេះ ផ្តល់ឱកាសដល់វិស័យឯកជន ចូលរួមការពារ អភិរក្សធនធានធម្មជាតិ និងការគ្រប់គ្រងបរិស្ថាន។ បន្ថែមលើនេះ ជាការជំរុញការផ្សព្វផ្សាយពីភាពសម្បូរបែបនៃកេសរកូលព្រៃ រុក្ខជាតិគ្រឿងទេស បន្លែ និងផ្លែឈើ ដែលមានវត្តមាននៅកកម្ពុជាផងដែរ។
ពិព័រណ៍កេសរកូល នឹងមានតាំងបង្ហាញប្រភេទកេសរកូលព្រៃ, កេសរកូលពូជបង្កាត់, រុក្ខជាតិកម្រ, រុក្ខជាតិតាំងលម្អ និងផលិតផលធម្មជាតិជាច្រើន។ ក្នុងពិព័រណ៍នេះ ក៏មានការបង្ហាញម៉ូតសម្លៀកបំពាក់លម្អដោយកេសរកូល, ការសម្ដែងល្ខោនស្បែកតូច និងការប្រគំតន្រ្តីក្រុមតូច សម្រាប់សាធារណជនទស្សនាដោយសេរី។
គួរបញ្ជាក់ថា ក្នុងពិព័រណ៍កេសរកូលនេះ ក្រសួងបរិស្ថាន នឹងប្រកាសដាក់ឱ្យប្រើជាផ្លូវការ«សៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅក្នុងប្រទេសកម្ពុជា»ផងដែរ។ ពិព័រណ៍នេះ ចាប់ផ្ដើមនៅថ្ងៃទី៧ ខែមេសា ពីម៉ោង៥ល្ងាច ដល់ម៉ោង៩ យប់ និងថ្ងៃទី៨-៩ មេសា ចាប់ពីម៉ោង៩ព្រឹក-៩យប់៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៤ ថ្ងៃ