ចូលឆ្នាំខ្មែរ៖ រដ្ឋបាលរាជធានីភ្នំពេញ ហាមពលរដ្ឋលេងបាញ់ទឹក ជះទឹក និងប៉ាតម្សៅ
- ថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣ ម៉ោង ១០:២៩ នាទី ព្រឹក

ដោយ៖ គិត បុប្ផា

ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ។ ក្នុងសេចក្ដីជូនដំណឹងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រាប់ពលរដ្ឋឱ្យចូលរួមលេងល្បែងប្រជាប្រិយខ្មែរ និងចៀសវាងការល្បែងស៊ីសងគ្រប់ប្រភេទ។
ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានហាមមិនឱ្យលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ និងបង្ហោះម៉ូតូប្រដេញគ្នានៅតាមផ្លូវ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ ក្រៅពីនេះ ពលរដ្ឋត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព ចៀសវាងការឆ្លងជំងឺរាតត្បាតផ្សេងៗ។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៤-១៦ ខែ មេសា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ នៅរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ។ ក្រៅពីវត្តភ្នំ នៅវិមានឈ្នះ-ឈ្នះ ក៏មានរៀបចំសង្រ្កាន្តផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: