កីឡាករ ហេង សៅឌី ជាប់ចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះ លឹម ផល្លា នៅក្ដារទី៣
- ថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០២៣ ម៉ោង ៥:៤៨ នាទី ល្ងាច

កីឡាករ ហេង សៅឌី ពាក់អាវព័ណ៌លឿង ប្រកួតជាមួយ លឹម ផល្លា ដណ្ដើមយកលេខ៣ នៃកម្មវិធីស្ដេចអុក ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៣ នាថ្ងៃទី១៥ មេសា។
កីឡាករ ហេង សៅឌី ជាប់ចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះ លឹម ផល្លា នៅក្ដារទី៣ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ការប្រកួតរវាងកីឡាករទាំងពីរ បញ្ចប់នៅល្ងាចថ្ងៃទី១៥ មេសា។

ការប្រកួតនៅក្ដារទី១ ដោយកីឡាករ លឹម ផល្លា បានយកឈ្នះនាំមុខ កីឡាករ ហេង សៅឌី ដែលសុំចុះចាញ់ ក្រោយក្បួនវាយបករបស់ លឹម ផល្លា មានប្រៀបបន្តិចជាង ។ ឈានចូលដល់ការប្រកួតក្ដារទី២នោះ ហេង សៅឌី បានលេងយកឈ្នះ លឹម ផល្លា ដោយក្រឡាមានប្រៀបវិញម្ដង ។

ការប្រកួតនៅក្ដារទី៣ ជាការប្រកួតគិតលើសមត្ថភាព និងនាទី។ មានន័យថា បើកីឡាករណា អាចយកឈ្នះគ្នាបាន គឺជារឿងមួយហើយ ប៉ុន្តែបើការប្រកួតស្មើគ្នាវិញ គឺគេនឹងពិនិត្យមើលលើនាទី ដែលកីឡាករណាប្រើប្រាស់អស់តិចជាងគេ នឹងឈ្នះក្នុងការប្រកួតនេះ។ សម្រាប់ការប្រកួតកាត់សេចក្តីចុងក្រោយនេះ កីឡាករ ហេង សៅឌី បានយកឈ្នះលើ លឹម ផល្លា លើការប្រើប្រាស់នាទីអស់តិចជាង។
គួរបញ្ជាក់ថា ហេង សៅឌី ក៏ធ្លាប់គ្រងតំណែងស្ដេចអុក១លើក កាលពីឆ្នាំ២០១៧ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ។ ចំណែក លឹម ផល្លា ធ្លាប់ចូលរួមប្រកួតច្រើនលើក ក្នុងវិធីស្ដេចអុកនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះដែរ ប៉ុន្តែមិនធ្លាប់ឈ្នះតំណែងស្ដេចអុកឡើយ។

ដោយឡែកកីឡាករ ឈាវ បូរ៉ា បានឡើងទៅដណ្ដើមតំណែងស្ដេចអុកលើកទី៣ ក្រោយទម្លាក់ ហេង សៅឌី។ រីឯ សុខ លឹមហេង បានយកឈ្នះ លឹម ផល្លា។ ឈាវ បូរ៉ា ត្រូវប្រកួតជាមួយ សុខ លឹមហេង ដើម្បីដណ្ដើមតំណែងស្ដេចអុកនេះ។
គួរបញ្ជាក់ថា កីឡាករ ឈាវ បូរ៉ា ធ្លាប់គ្រងតំណែងស្ដេចអុក ២លើកជាប់គ្នាមកហើយ នៅឆ្នាំ២០១៤ និង២០១៥។ ដោយឡែក សុខ លឹមហេង ក៏គ្រងតំណែងស្ដេចអុកមួយលើកដែរ នៅឆ្នាំ២០១៨ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត៕


អ្នកសរសេរអត្ថបទ
រំដួល ចិត្រា (Romdoul Chetra) បានចូលបម្រើការងារជាអ្នកសារព័ត៌មាន នៅក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៤ ។ ចិត្រា មានជំនាញសរសេរព័ត៌មានជាតិ ដែលតាមដានព្រឹត្តិការណ៍នយោបាយ សន្តិសុខសង្គម និងបទយកការណ៍។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: