Man City ត្រៀម៣៧០លានដុល្លារពង្រីកកីឡដ្ឋាន Etihad ដល់៦ម៉ឺននាក់
- ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ ម៉ោង ៣:៣៩ នាទី រសៀល

រូបភាពពីក្លិប Manchester City
ក្លិប Manchester City បានដាក់ផែនការពង្រីកកីឡដ្ឋាន Etihad ដើម្បីបង្កើនចំនួនអ្នកទស្សនា ពីចំនួន ៥៣,៥០០នាក់ ទៅកាន់ ៦០,០០០នាក់។ បើតាមការប្រកាសរបស់ក្លិប Man City នៅថ្ងៃទី១៨ ខែមេសា ម្ចាស់ការពារតំណែងជើងឯក Premier League ត្រៀមចំណាយ៣០០លានផោន (៣៧០លានដុល្លារអាម៉េរិក)។

ការពង្រីកបន្ថែមនៃកីឡដ្ឋាននឹងត្រូវធ្វើឡើងនៅទីតាំងអង្គុយផ្នែកខាងជើង ដោយទីតាំងក្នុងកីឡដ្ឋាន Etihad មួយនេះនឹងត្រូវកែប្រែថ្មីដើម្បីបន្ថែមកៅអីអង្គុយ។ គម្រោងនៃការពង្រីកកីឡដ្ឋាននេះ ក៏រួមមានការអភិវឌ្ឍទីតាំងកៅអីចំនួន ៣០០០ សម្រាប់ទីតាំងតំបន់អ្នកគាំទ្រ, បារាត្រី, សារមន្ទីរថ្មី និងបន្ទប់សណ្ឋាគាចំនួន ៤០០បន្ទប់ ថែមទៀត។
«ក្នុងរយៈពេលជាច្រើនខែកន្លងមក យើងបានកំពុងបង្កើតគំនិត និងការរចនាសម្រាប់បទពិសោធន៍ថ្មីទៅកាន់អ្នកគាំទ្រដ៏ល្អបំផុត នៅក្នុងកីឡដ្ឋាន Etihad និងការកម្សាន្តពេញមួយឆ្នាំ ហើយសំណើរផែនការបានដាក់ស្នើរួចរាល់ហើយទៅកាន់ក្រុមប្រឹក្សាក្លិប Manchester City»។ នេះជាសំណេរក្នុងសេចក្តីថ្លែងការណ៍របស់ក្លិប Man City។
កីឡដ្ឋាន Etihad បានកសាងឡើងរួចរាល់ក្នុងឆ្នាំ ២០០២ ដើម្បីរៀបចំការប្រកួតព្រឹត្តិការណ៍កីឡា Commonwealth Games។ Etihad ជាកីឡដ្ឋានធំទី៥ ប្រចាំនៅក្របខណ្ឌ Premier League បន្ទាប់ពីកីឡដ្ឋាន Old Trafford របស់ Manchester United, Tottenham Hotspur របស់ Spurs, Emirate របស់ Arsenal និងកីឡដ្ឋាន London របស់ West Ham United។
សម្រាប់គម្រោងនៃការអភិវឌ្ឍកីឡដ្ឋាននេះ ក្លិប Man City បានអះអាងថាការចំណាយនឹងមានតម្លៃប្រមាណជា ៣៧០លានដុល្លារ ហើយការសាងសងពង្រីកកីឡដ្ឋាននេះនឹងជួយបង្កើតការងារថ្មីចំនួន ២,៦០០ កន្លែងដល់ប្រជាជនក្នុងតំបន់៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: